រុស្ស៊ី សហការជាមួយកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មឧស្សាហកម្មគ្រឿងយន្ត

ភ្នំពេញ៖ គណៈប្រតិភូរបស់ក្រុមហ៊ុន RSTradehouse នៃសហព័ន្ធរុស្ស៊ីដឹកនាំដោយលោកបណ្ឌិត សឺហ្គេ ប៉ូ្រនីន (Sergey Pronin) នាយកប្រតិបត្តិក្រុមហ៊ុនបានជួបពិភាក្សាការងារជំនួញជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិកាធុរកិច្ចរួមគ្នាមួយនៅដើមខែធ្នូ ឆ្នាំ2017 ក្នុងគោលដៅបង្ហាញពីសក្តានុពលវិនិយោគរបស់ក្រុមហ៊ុន RSTradehouse នៅលើផ្សារកម្ពុជា។

ក្នុងជំនួបនោះលោកបណ្ឌិត Sergey Pronin បានបង្ហាញពីប្រភេទជំនួញ និងការផ្គត់ផ្គង់របស់ក្រុមហ៊ុន RSTradehouse ដែលរួមមាន ឧបករណ៍អេឡិចត្រូនិក សេវាកម្មផ្នែកព័ត៌មាន និងទំនាក់ទំនង រថយន្ត និងគ្រឿងយន្តធុនធ្ងន់។ បន្ថែមពីលើនេះទៀត ភាគីក្រុមហ៊ុនរុស្ស៊ីមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយកម្ពុជាដែលជាទីផ្សារកំពុងរីកចម្រើននៅអាស៊ាន ហើយបានចាត់ទុកវេទិកាធុរកិច្ចនាពេលខាងមុខនេះ ជាដំណើរចាប់ផ្តើមដ៏ល្អនៃទំនាក់ទំនងធុរកិច្ចរវាងភាគីទាំងពីរ។

ក្នុងជំនួបនោះលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងស្វាគមន៍ដ៏កក់ក្តៅចំពោះវិនិយោគិនរុស្ស៊ីក្នុងការចូលមកវិនិយោគនៅលើទីផ្សារកម្ពុជាចំពោះឧបករណ៍អេឡិចត្រូនិក និងឧស្សាហកម្មគ្រឿងយន្តនេះ។ លោកជំទាវក៏បានជម្រាបជូនលោកបណ្ឌិត Sergey Pronin អំពីសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ច និងវិស័យដែលមានសក្តានុពលខ្លាំងដែលបានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ និងអាចរក្សាកំណើនក្នុងរង្វង់ 7.7% ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ សំណង់ ទេសចរណ៍ និងកសិកម្មរបស់កម្ពុជា ហើយក៏កំពុងមានតម្រូវការលើឧបករណ៍អេឡិចត្រនិក និងគ្រឿងយន្តធុនធ្ងន់ផងដែរ។

លោកជំទាវក៏បានជម្រាបជូនតំណាងគណៈប្រតិភូដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុន និងទិញផលិតផលកសិកម្មរបស់កម្ពុជា រួមមាន អង្ករ កៅស៊ូ ម្រេច និងពោតជាដើម។ ក្រៅពីនេះសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនដោយសង្ខេបអំពីសកម្មភាពជំនួញរបស់ខ្លួន និងបានលើកឡើងអំពីប្រភេទអាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា រួមមានសេវាសុខភាព អប់រំ សំណង់ និងធនាគារ និងហិរញ្ញវត្ថុជាដើម។ ក្រោយជំនួបពិភាក្សានេះក្រសួងពាណិជ្ជកម្ម និង ប្រតិភូក្រុមហ៊ុន RSTradehouse បានព្រមព្រៀងនឹងជំរុញការចូលរួមពីក្រុមហ៊ុនឯកជនតាមវិស័យសំខាន់ៗ និងរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីនាពេលខាងមុខឱ្យប្រកបដោយភាពរលូន និងជោគជ័យ៕

Advertisement