ក្រសួងសាងសង់ផ្លូវរថភ្លើងថ្មី សម្រាប់ដឹកជញ្ជូនអ្នកដំណើរឡើងយន្តហោះ

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកកស្ទះ និងខកពេលធ្វើដំណើរឡើងយន្តហោះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសហការជាមួយក្រុមហ៊ុន Royal Railway Co,. LTD កំពុងសាងសង់ផ្លូវរថភ្លើងថ្មីខ្នាតតូចមួយតភ្ជាប់ពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា ផ្លូវរថភ្លើងកំពុងត្រូវបានសាង់សង់ជាបណ្តើរៗហើយ តែធ្វើតែពេលយប់ ហើយអាចនឹងចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅក្នុងខែមេសា ឆ្នាំ2018ខាងមុខ។ ផ្លូវរថភ្លើងមួយខ្សែថ្មីនេះនឹងត្រូវសាងសង់ឡើងចំកណ្តាលទ្រូងផ្លូវនៃមហាវិថីសហព័ន្ធរុស្ស៊ី ដែលអាចអនុញ្ញាតឱ្យរថយន្ត និងម៉ូតូធ្វើចរាចរណ៍នៅលើផ្លូវនោះបានដូចធម្មតា និងមិនប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រៅពីភ្ញៀវដែលត្រូវឡើងយន្តហោះហើយ ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅមកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញមកកាន់រាជធានីភ្នំពេញក៏អាចជិះរថភ្លើងនេះបានដែរ ដោយចំណាយពេលពី20 ទៅ25នាទីដែលមានបំពាក់ម៉ាស៊ីនត្រជាក់ផ្តល់ផាសុកភាពជូនអ្នកដំណើរទៀតផង។

គួរបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន Royal Railway Co,. LTD ដែលជាសម្ព័ន្ធក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងខ្នាតតូចចំនួន4គ្រឿងពីប្រទេសម៉ិចស៊ីក ដែលអាចដឹកអ្នកដំណើរមួយជើងបានប្រមាណជា 100នាក់។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ក្រុមហ៊ុននេះនឹងដឹកអ្នកដំណើររយៈពេល1ខែដំបូង ដោយមិនយកប្រាក់ដើម្បីជាចំណងដៃនៅថ្ងៃសម្ពោធដាក់ដំណើរការ៕

Advertisement