វិធី​កាត់បន្ថយ​សភា​ពភ័យខ្លាច​ក្នុង​ថ្ងៃ​ប្រសូតបុត្រ និង​សាង​ភាពសប្បាយ​ចិត្ត​ដល់​អ្នក​ម្តាយ​ថ្មីថ្មោង

ពេញ​មួយ​រយៈពេល​នៃ​ការ​ពពោះ ស្ត្រី​មានគភ៌​តែងតែមាន​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​កើតឡើង​ជានិច្ច​ មិនថាតែ​អាការ​ចាញ់កូន អាការ​ឈឺពោះ​ធ្ងន់​កន្តុក​ទៅ​ក្រោម ឈឺ​ខ្នង ឬ​ឈឺ​បត់ជើងតូច​ញឹកញាប់​ជាដើម។ អាការ​ទាំងនោះ​អាច​សាង​ក្តីកង្វល់​ចិត្ត​ដល់​ស្ត្រី​មានគភ៌​ឱ្យមាន​អារម្មណ៍​មួម៉ៅ​ជា​ញឹកញាប់ តែ​នៅពេល​ថ្ងៃ​ប្រសូត​មកដល់ ស្ត្រី​មានគភ៌​អាច​នឹងមាន​អារម្មណ៍​នឹក​កង្វល់​ឡើង​ទ្វេដង​ទៅទៀត​ជាមួយនឹង​ការត្រៀមខ្លួន ដើម្បី​ទប់ទល់​នៅពេល​ប្រសូត។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ពាក្យ​ណែនាំខ្លះៗដើម្បី​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​កាត់បន្ថយ​សភាវ​វិតក្ក​កង្វល់​បាន​ដូចតទៅ។

 

ទប់​ទល់នឹង​ការឈឺចាប់
សម្រាប់​ស្ត្រី​មានគភ៌​កូនតូច​លើកដំបូង ក្រោយពី​ឆ្លង​ផុត​អាការ​អ្នកមាន​ផ្ទៃពោះផ្សេងៗរួចមក នៅពេល​ជិត​ដល់​ថ្ងៃ​ប្រសូត ស្ត្រី​មានគភ៌​ច្បាស់ជាមាន​ក្តីកង្វល់​ជាមួយនឹង​រឿង​ការឈឺចាប់​ពេលប្រសូត​ជា​រឿង​ធម្មតា ហេតុនេះ ឡា​រ៉ែ​ន សូម​ណែនាំ​ថា ចូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទប់ទល់​នឹង​ការឈឺចាប់​ទាំងនោះ។ ទាំងអស់នោះ​គឺ​ដើម្បីឱ្យ​រូបអ្នក​បានទទួល​នូវ​ពាក្យ​ណែនាំ​ដែល​ល្អ​បំផុត​ក្នុងការ​ត្រៀមខ្លួន ត្រៀម​ចិត្ត​ក្នុង​ថ្ងៃ​ប្រសូត​បាន​យ៉ាងពេញទំហឹង។ ជាមួយគ្នានេះដែរ ស្ត្រី​មានគភ៌​ដែលជិត​ប្រសូត​គួរ​គិតតែ​រឿង​ដែល​វិជ្ជមានល្អៗ ដោយ​អាច​នឹង​គិតថា ទោះជា​ឈឺចាប់​ប៉ុនណាតែ​នៅពេលដែល​អ្នក​បានឃើញ​មុខ​កូន​សម្លាញ់​ដែល​ទើប​ប្រសូត​ចេញមក អ្នក​នឹងមាន​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​ភ្លាម​មិន​ខាន ព្រោះ​ជីវិត​របស់​អ្នកកំពុងតែ​បានទទួល​នូវ​កាដូ​ដ៏​មានតម្លៃ​បំផុត​មួយ​ហើយ។ ចំណុច​នេះ​ច្បាស់​ជា​ធ្វើឱ្យ​ខ្លួន​អ្នកមាន​អារម្មណ៍ល្អ​ប្រសើរឡើង ធូរស្រាល បាត់អស់​ក្តីកង្វល់​លើ​រឿង​ឈឺចាប់​នៅពេល​ប្រសូត និង​ញញឹមឡើង​តែម្នាក់ឯង​មិន​ខាន។

ជ្រើស​រើសយក​វិធី​ប្រសូត​ដែល​ល្អ​បំផុត
ការ​ប្រសូត​បុត្រ​តាមបែប​ធម្មជាតិ ឬ​ប្រសូត​ដោយ​ខ្លួនឯង គឺជា​វិធី​ប្រសូត​ដែល​ល្អ​បំផុត ហើយ​រាងកាយ​ថែមទាំង​អាច​រឹងប៉ឹង​មាំមួន​ឡើងវិញ​បានឆាប់រហ័ស​ទៀតផង តែ​សម្រាប់​រាងកាយ​របស់​ស្ត្រីម្នាក់ៗក៏​អាច​នឹងមាន​ភាព​ត្រៀម​ជាស្រេច​ក្នុងការប្រសូត​ខុសប្លែក​ពីគ្នា​ដែរ។ ស្ត្រី​ណា​ដែល​រាងកាយ​មាន​សភាវ​ខុស​ប្រក្រតី គ្រូពេទ្យ​អាច​នឹង​ប្រើ​វិធី​ការ​វះ​ប្រសូត តែបើ​ស្ត្រី​មានគភ៌​ណា​មាន​សុខភាព​រាងកាយ​រឹងប៉ឹង​ល្អ​ទាំង​កាយ និង​ចិត្ត ក៏​ស័ក្តិសមនឹង​ការ​ប្រសូត​ដោយ​វិធី​ធម្មជាតិ​ខ្លាំង​បំផុត។ តែ​យ៉ាងណាក៏ដោយ ស្ត្រី​មានគភ៌​កូន​ដំបូង សូមកុំ​ភ្លេច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​រឿង​វិធី​ការ​ប្រសូត​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ផង។

ពេល​តាំង​គភ៌​ចូរ​ឧស្សាហ៍​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​គ្រប់ពេល
ក្នុងអំឡុងពេល​នៃ​ការតាំង​គភ៌ គ្រូពេទ្យ​តែងតែ​ណាត់ជួប ​ដើម្បី​ពិនិត្យ​រាងកាយ និង​គភ៌​យ៉ាង​ជាប់លាប់ ព្រោះ​បើសិន​ជាមាន​អ្វី​ខុស​ប្រក្រតី គ្រូពេទ្យ​នឹង​បាន​ទប់​ទប់​ព្យាបាល​យ៉ាង​ទាន់ពេលវេលា ហើយ​ការ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​គ្រប់ពេល​ថែមទាំង​មាន​លទ្ធផល​ល្អ​ក្នុង​ការជួយកាត់បន្ថយ​ស្ថានការណ៍​ប្រថុយប្រថាន ដែល​អាច​កើតមាន​ក្នុងពេល​ប្រសូត​បាន​ច្រើន​ទៀតផង។

ដោយសារ​ការ​បានផ្តល់​កំណើ​ត​កូនតូច​ជាទី​ស្រឡាញ់​នេះ​អាច​រាប់បាន​ថា ជាការ​ទទួលបាន​កាដូ​ដ៏​សែន​មានតម្លៃ​មួយ​ដែល​ព្រះជាម្ចាស់​ប្រទាន​មកឱ្យ និង​សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ថែមទាំង​រឹត​តែមាន​អារម្មណ៍​ថា នេះ​គឺជា​វត្ថុ​ដ៏​មានតម្លៃ​សម្រាប់​ជីវិត​ខ្លាំង​បំផុត​ផង​នោះ ដូច្នេះ​ការធ្វើ​ចិត្តឱ្យសប្បាយៗ បន្ធូរ​អារម្មណ៍ មិន​ធុញថប់​តានតឹង និង​សម្លឹង​ពិភពលោក​ក្នុងន័យ​វិជ្ជមាន​ជានិច្ច គួបផ្សំ​នឹង​ការ​បើ​មាន​កង្វល់​រឿង​ការឈឺចាប់​ហើយ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺជា​រឿង​មួយ​ដែលស្ត្រី​មានគភ៌​គ្រប់រូប​ត្រូវធ្វើ ដើម្បីឱ្យ​រូបអ្នក​បាន​សប្បាយចិត្ត និង​ទទួលបាន​ការមើល​ថែទាំ​ពី​គ្រូពេទ្យ​ខណៈពេល​ប្រសូត​យ៉ាង​ល្អ​ទៀតផង។

ក្រៅពីនេះ កម្លាំងចិត្ត​ពី​មនុស្ស​ជុំវិញខ្លួន​ក៏​ជារឿង​សំខាន់បំផុត​ដែរ ស្វាមី និង​អ្នក​ឯទៀត​ក្នុង​គ្រួសារ​គួរតែ​ផ្តល់​កម្លាំងចិត្ត​ដល់​ស្ត្រី​មានគភ៌​ក្នុង​ថ្ងៃ​ប្រសូត​ឱ្យបាន​ច្រើន​បំផុត នៅពេល​ស្ត្រី​មានគភ៌សប្បាយ​ចិត្តខ្លាំង​ឡើង វា​ច្បាស់​ជា​កាត់បន្ថយ​សភាវ​ភ័យខ្លាច​ក្នុង​ថ្ងៃ​ប្រសូត​បាន​ច្រើន​តាម​នោះដែរ​មិន​ខាន៕

Advertisement