ក្រសួងមហាផ្ទៃចាប់ផ្តើមបង្កើតមណ្ឌលប្រចាំបញ្ជាដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

ភ្នំពេញៈ ក្នុងគោលដៅឆ្លើយតបនឹងកង្វល់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នានានៅទីក្រុងភ្នំពេញ ក្រសួងមហាផ្ទៃបាននិងកំពុងរៀបចំបង្កើតមណ្ឌលប្រចាំបញ្ជា ដើម្បីដោះស្រាយលើបញ្ហានេះ។

លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី21 កក្កដាម្សិលមិញនេះថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី18 កក្កដានេះបានប្រកាសបង្កើតមណ្ឌលប្រចាំបញ្ជានេះឡើងដើម្បីសម្រួលសណ្តាប់ធ្នាប់ សន្តិសុខ និងករណីផ្សេងៗទៀតនៅទីក្រុងភ្នំពេញតាមរយៈការបំពាក់កាមេរ៉ាតាមផ្លូវសំខាន់ៗជាង 1,000កន្លែងដើម្បីពិនិត្យមើលបញ្ហាខាងលើនេះ។ លោកបន្តថា មណ្ឌលប្រចាំបញ្ជានេះនឹងមានមន្រ្តីប្រចាំការចំនួន4ក្រុម និងមួយក្រុមមានគ្នាចំនួន16នាក់ ដែលពួកគេជាអ្នករង់ចាំទទួលព័ត៌មាន24ម៉ោង។

លោកបន្តថា ពេលមន្រ្តីទាំងនេះទទួលព័ត៌មានតាមរយៈទូរស័ព្ទសាធារណៈសម្រាប់ប្រជាពលរដ្ឋអាចតេចូលបាន គឺមន្រ្តីទាំងនោះនឹងផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ចតាមផ្នែកនីមួយៗ ដើម្បីឲ្យពួកគេអាចចុះអន្តរាគមន៍បានទាន់ពេលវេលា។

លោក ម៉េត មាសភក្តី បានបន្តថា ការិយាល័យមណ្ឌលប្រចាំបញ្ជា គឺស្ថិតនៅក្នុងនៅសាលាក្រុងភ្នំពេញ ហើយការងារនេះកំពុងតែរៀបចំដំណើរការ និងរំពឹងអាចធ្វើការពេញលេញបម្រើប្រជាពលរដ្ឋនៅពេលឆាប់ៗនេះ ព្រោះការបំពាក់កាមេរ៉ាសម្រេចបានប្រមាណ80ភាគរយរួចហើយ៕

Advertisement