បក្សីមេគង្គរមណីយដ្ឋានអេកូទេសចរណ៍ដែលមិនគួរមើលរំលង

ភ្នំពេញៈ ស្ថិតនៅប្របតាមដងទន្លេមេគង្គ រមណីយដ្ឋាន បក្សីមេគង្គ បានលាក់បាំងខ្លួនជាមួយធម្មជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែផ្លូវក្រួសក្រហមចូលរមណីយដ្ឋានដែលមានមនុស្សប្លែកមុខចូលមកកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺការមកដល់របស់ភ្ញៀវទេសចរ។

លោក ថោង ប្រសើរ ជាអ្នកខេត្តក្រចេះ និងភរិយាបានជាប់ចិត្តនឹងសម្រស់នៃដងទន្លេមេគង្គ ទើបលោកសម្រេចចិត្តចាប់ផ្តើមវិនិយោគទីរមណីយដ្ឋាននេះឡើងដោយដាក់ឈ្មោះថា បក្សីមេគង្គ ព្រោះលោកគិតថា ចង់ឲ្យឈ្មោះនេះមានភាពទាក់ទាញដែលសមស្របនឹងទីតាំងដែលស្ថិតនៅប៉ែកខាងកើតក្រុងស្ទឹងត្រែង។

សម្រាកមួយយប់ ឬច្រើនជាងនេះ អ្នកអាចស្រូបយកខ្យល់អាកាសត្រជាក់ស្រេង គយគន់ទឹកទន្លេហូរខ្មួលខ្មាញ់ និងអាចដកដង្ហើមបានយ៉ាងធូរស្រួល ព្រោះសួតរបស់លោកអ្នកលែងបានស្រូបផ្សែងយានយន្តនៅទីក្រុង ហើយទទួលយកសម្រស់ធម្មជាតិ និងអាកាសធាតុដ៏មនោរម្យមួយដែលលោកអ្នកទំនងជាមិនធ្លាប់ជួប។

រមណីយដ្ឋាននេះស្ថិតនៅក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួននៃតំបន់ភូមិភាគឦសានដែលមនុស្សជាច្រើនតែងតែមើលរំលង និងគិតថា ជាខេត្តមួយដែលមិនមានអ្វីគួរឲ្យចាប់អារម្មណ៍។

ប៉ុន្តែគ្រប់គ្នាទំនងជាបានគិតខុស និងយល់ច្រឡំពីសក្តានុពលទេសចរណ៍របស់ខេត្តដ៏ស្រស់ស្អាតនេះហើយ ព្រោះខេត្តនេះមានលក្ខណៈពិសេសជាច្រើន ដូចជា មានការជូបគ្នារវាងទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេសេសាន និងទន្លេសេកុង មានឆ្នេរខ្សាច់ដែលត្រូវបានប្រសិទ្ធនាមថា “ខ្សាច់ប្តូររាង និងប្តូរទិស ឫសឈើក្រង ទស្សនាថ្ងៃលិចនៅកោះភ្លុក ជិះទូកកាយ៉ាក់ចេញពីរមណីយដ្ឋានបក្សីមេគង្គ ទស្សនាអន្លង់ផ្សោត” ដែលមានរឿងនិទានដ៏គួរឲ្យចាប់អារម្មណ៍។ នេះបើតាមលោកថោង ប្រសើរម្ចាស់រមណីយដ្ឋាន បក្សីមេគង្គប្រាប់ឲ្យដឹង។

ជាមួយនឹងការផ្តល់សេវាកម្មផ្តល់ការជិះទូកកម្សាន្ត ជិះទូកកាយ៉ាក់កម្សាន្ត តាមឆ្នេរខ្សាច់ គយគន់ដងព្រៃលិចទឹកដែលត្រូវបានចាត់ទុកជាតំបន់រាំសា គយគន់ទេសភាពថ្ងៃលិច ហ្វូងក្អែកទឹក ហ្វូងស្មោញ ដែលហិចហើរងងឹតមេឃតាមដងទន្លេ លោកថោង ប្រសើរក៏បានផ្តល់សេវាផ្ទះស្នាក់នៅដែលមានតម្លៃសមរម្យ និងមានការរចនាបង្កប់លាក់ខ្លួនជាមួយធម្មជាតិដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

ជាមូយស្នាមញញឹមយ៉ាងស្រស់ លោកថោង ប្រសើរ បានជាប់ចិត្តនឹងធម្មជាតិ នៃខេត្តស្ទឹងត្រែងយ៉ាងងប់ងុល ទើបលោកសម្រេចចិត្តវិនិយោគទឹកប្រាក់ចន្លោះពី30 ទៅ 40ម៉ឺនដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានបែបអេកូទេសចរណ៍នេះឡើង។
ជាមួយការងារជាមន្រ្តីរាជការនៅក្រសួងមួយនៃទឹកដីក្រុងភ្នំពេញ លោកប្រសើរ តែងតែធ្វើដំណើរឡើងចុះក្រុងស្ទឹងត្រែងរៀងរាល់សប្តាហ៍ ដើម្បីមកមើលការខុសត្រូវរមណីយដ្ឋានរបស់លោកដែលបង្កប់ខ្លួនកណ្តាលព្រៃនេះដែលជា ពិសេសមានមុខម្ហួបដ៏ឈ្ងុយឆ្ងាញ់ ដូចជា មាន់ដុត ប្រហិតត្រី បាយក្តាំងពិសេស ម្ជូរក្បាលត្រីសណ្តាយស្រស់ៗ។ លើសពីនេះគ្រឿងផ្សំ និងបន្លែបន្លុកទទួលទានសុទ្ឋតែជារបស់ធម្មជាតិគ្មានជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី បានថ្លែងថាខេត្តស្ទឹងត្រែងមានរមណីយដ្ឋានធម្មជាតិដ៏ច្រើនដែលមានភាពទាក់ទាញ ប៉ុន្តែដោយសារការផ្សព្វផ្សាយនៅមានកម្រិត ទើបប្រជាពលរដ្ឋកម្ពុជាមើលរំលងខេត្តនេះ និងតែងគិតថា ខេត្តមិនមានរមណីយដ្ឋានកម្សាន្ត ប៉ុន្តែការពិតខេត្តស្ទឹងត្រែងពិតជាមានអ្វីពិសេសជាច្រើនលើសពីអ្វីដែលយើងបានគិតទៅទៀត ប៉ុន្តែប្រសិនជាពួកគេបានមកទស្សនាខេត្តនេះ និងស្គាល់ពីកន្លែងកម្សាន្ត ភាពជក់ចិត្តនឹងកើតមានក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិមិនខាន។

លោកបន្តថា នៅកម្ពុជាមានសហគមន៍ទេសចរណ៍ធម្មជាតិចំនូន34 និងរមណីយដ្ឋានបែបធម្មជាតិដែលវិនិយោគដោយវិស័យឯកជនជាច្រើនទៀតនៅតំបន់ភូមិភាគឦសាន ដែលរមណីយដ្ឋានបែបនេះបានផ្តល់ផលចំណូលដោយផ្ទាល់ និងប្រយោលដល់សហគមន៍មូលដ្ឋាន ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ គឺការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍។

លោកបន្តថា “នៅកម្ពុជាមានរមណីយដ្ឋាន និងសក្តានុពលទេសចរណ៍ច្រើនណាស់ដែលយើងមិនទាន់យកទាញយកអស់នូវសក្តានុពលមកប្រើប្រាស់ និងផ្តល់ផលចំណូលដល់មូលដ្ឋាន និងសេដ្ឋកិច្ចជាតិនៅឡើយ”។ លោកបន្តថា “ការវិនិយោគរមណីយដ្ឋានបែបនេះមិនត្រឹមតែជួយលើកកម្ពស់គោលនយោបាយរបស់ក្រសួងទេសចរណ៍ប៉ុណ្ណោះទេ តែជាការជួយបង្កើតការងារ និងជួយដល់សហគមន៍នៅក្នុងតំបន់ឲ្យទទួលបានចំណូលផងដែរ”៕

Advertisement