ដំណឹងល្អសម្រាប់កសិករខ្មែរ៖ ចិនផ្តល់បច្ចេកទេសរក្សាទឹកទុកស្រោចស្រពដំណាំកសិកម្មនៅរដូវប្រាំង

ភ្នំពេញ៖ ដើម្បីបញ្ចៀសកង្វះទឹកប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មរបស់កសិករ តាមបណ្តាខេត្តនៅរដូវប្រាំងដូចកាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលចិនតាមរយៈក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តបានសហការផ្តល់ជំនួយបច្ចេកទេស និងថវិកាដល់មន្រ្តីជំនាញកម្ពុជាដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រព័ន្ធស្រោចស្រពដំណាំកសិកម្មដើម្បីចៀសវាងកុំឱ្យកសិករជួបបញ្ហាកង្វះទឹកប្រើប្រាស់ដូចឆ្នាំមុនទៀត។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អការគ្រប់គ្រងទឹក និងប្រព័ន្ធស្រោចស្រពកសិកម្មឱ្យមានប្រសិទ្ធភាពនៅប្រទេសកម្ពុជាកាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់រៀបចំប្រព័ន្ធស្រោចស្រព ដំណាំកសិកម្មកម្ពុជានៅរដូវប្រាំងដើម្បីចៀសវាងកុំឱ្យកសិករជួបកង្វះទឹកប្រើប្រាស់ដូចរដូវប្រាំងឆ្នាំមុន។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល 5ថ្ងៃ និងមានសិក្ខាកាមចូលរួមចំនួន 38នាក់ខាងលើធ្វើឡើងដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ៖
(1).វិធីសាស្រ្តដែលអាចធ្វើឱ្យប្រសើរឡើងសម្រាប់ការគ្រប់គ្រងទឹក បច្ចេកវិទ្យាប្រព័ន្ធស្រោចស្រពតាមរយៈការប្រមូលផលទឹកភ្លៀង និងការផ្គត់ផ្គង់ទឹកនៅតាមជនបទ។
(2)ការពិភាក្សាពីឱកាស និងបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងធនធានទឹក ការថែទាំទឹកលើដី និងទឹកភ្លៀងទាំងគុណភាព ទាំងបរិមាណ និង (3)ការផ្តល់ជាគំនិតក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងកម្ពុជា និងចិនជាពិសេសជាមួយវិទ្យាស្ថានគ្រប់គ្រងធនធានទឹក ហ្គាន់ស៊ូ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ស្ថិតក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម និងការលើកកម្ពស់ផលិតភាពកសិកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ត្រូវកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពបម្រើដល់វិស័យកសិកម្មដែលមានប្រសិទ្ធភាពជាងមុន ងាយស្រួលជាងមុន និងមានតម្លៃថោកជាងមុន។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ពីរគឺ៖
(1).លើកកម្ពស់បច្ចេកវិទ្យាស្រោចស្រពនៅក្នុងកសិដ្ឋានដែលមានប្រព័ន្ធធារាសាស្រ្ត រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងការប្រមូលទឹកទុក និងគាំទ្រដល់ការរៀបចំផែនការ និងបែងចែកទឹករបស់សហគមន៍កសិករ និងអ្នកប្រើប្រាស់ទឹក។
(2).កែលម្អការប្រមូលផលទឹកភ្លៀង និងតាមដានអង្កេតសក្តានុពលទឹកក្រោមដីសម្រាប់ការផ្គត់ផ្គង់ទឹកហូបចុក ការដាំបន្លែ និងការចិញ្ចឹមសត្វជាដើម។

ក្នុងឱកាសនោះឯកឧត្តម Tan Qingsheng ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលចិននៅតែបន្តគាំទ្រថវិកា និងបច្ចេកទេសដល់កម្ពុជា ដោយសារកម្ពុជាមានប្រវត្តិទំនាក់ទំនងទាំងវប្បធម៌ និងសេដ្ឋកិច្ចជាយូរលង់មកហើយ និងជឿជាក់ថា ជំនួយបច្ចេកទេសនេះនឹងជួយឱ្យកសិករមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ស្រោចដំណាំនៅក្នុងរដូវប្រាំងខាងមុខ មិនឱ្យជួបការខ្វះខាតទឹកដូចឆ្នាំកន្លងទៅនោះទេ៕

Advertisement