ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនជោគជ័យ គឺជាអ្នកចេះតាមដានការអភិវឌ្ឍរបស់ខ្លួនឯង

បង្ហាញវត្តមាននៅចំពោះមុខយុវជនជាច្រើនពាន់នាក់លើវេទិកាជជែកពិភាក្សា The Perspectives Cambodia ឯកឧត្តម ហ៊ុន ម៉ានី ម្ចាស់ពានរង្វាន់ ASEAN People និង Gusi Peace Prize បានចែករំលែកនូវគំនិតយោបល់ និងទស្សនៈនៃការយល់ឃើញយ៉ាងមានតម្លៃជាច្រើនទៅកាន់យុវជនកម្ពុជា ដែលត្រៀមខ្លួនដើម្បីក្លាយជាអ្នកបន្តវេនប្រកបដោយគុណភាពសម្រាប់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ «យុវជនដែលជោគជ័យ គឺជាអ្នកដែលចេះតាមដានការអភិវឌ្ឍរបស់ខ្លួនឯង»។
បើតាមឯកឧត្តម ហ៊ុន ម៉ានី ពីមួយជំហានទៅមួយជំហាន យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ពីខ្លួនឯង នៅពេលដែលយើងស្គាល់ខ្លួនឯងច្បាស់ និងដឹងពីការអភិវឌ្ឍខ្លួនឯងហើយ យើងនឹងឃើញពីផ្លូវដែលយើងត្រូវអភិវឌ្ឍខ្លួនបន្តទៀត។

ឯកឧត្តម បានលើកឡើងផងដែរថា សម្រាប់ការចូលរួមប្រកួតនៅក្នុងកម្មវិធី The Perspectives Cambodia នេះ ភាពចាញ់ ឬឈ្នះគឺជារឿងសំខាន់ តែអ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺ ការដែលយើងទទួលបាននូវចំណេះដឹង និងការបណ្តុះបណ្តាលល្អ ហើយក្លាយជាបុគ្គលដែលមានកម្រិតនៃគំនិតកាន់តែប្រសើរ។ យើងគួរប្រៀបធៀបខ្លួនឯងថា មុនចូលរួមកម្មវិធី យើងមានកម្រិតនៃការយល់ដឹងប៉ុណ្ណា ហើយបន្ទាប់ពីចូលរួមកម្មវិធីហើយ យើងស្ថិតក្នុងកម្រិតប្រសើរប៉ុណ្ណាហើយ។ នៅពេលនោះយើងនឹងបានមើលឃើញពីការអភិវឌ្ឍរបស់ខ្លួនឯង ដើម្បីជាកម្លាំងជំរុញឱ្យយើងកាន់តែខិតខំប្រឹងប្រែងខ្លាំងឡើងថែមមួយកម្រិតទៀត៕

Advertisement