Mendy បំពេញការផ្ទេរជាផ្លូវការពី Monaco ទៅកាន់ Man City

ខ្សែការពារ Benjamin Mendy កាលពីថ្ងៃចន្ទ បានចុះហត្ថលេខារយៈពេល5ឆ្នាំជាមួយនឹងក្លិប Manchester City ក្រោយពីបំពេញការផ្ទេរជាផ្លូវការពីក្លិប Monaco ដើម្បីធ្វើឲ្យរូបគេក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

កីឡាករវ័យ 23ឆ្នាំរូបនេះ ដែលបានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯករបស់បារាំងដោយចេញពីក្លិប Marseille ក្នុងតម្លៃខ្លួន11លានផោនពីរដូវក្តៅមុននោះ បានយល់ព្រមទៅលើការផ្ទេរមួយដែលមានតម្លៃខ្លួន 52លានផោន (ស្មើនឹង 67លានដុល្លារអាមេរិក)។ ខ្សែការពារអន្តរជាតិបារាំងរូបនេះ នឹងចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈដែលក្រុម Man City របស់លោក Pep Guardiola កំពុងតែរៀបចំសម្រាប់ការប្រកួតមិត្តភាពជាលើកទី2 របស់ពួកគេ នៅពេលជួបក្រុម Real Madrid ក្នុងទីក្រុង Los Angeles។

Mendy បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការបានចូលរួមជាមួយនឹងក្លិប Manchester City។ ពួកគេជាក្លិបមួយក្នុងចំណោមក្លិបកំពុងនាំមុខនៅតំបន់អឺរ៉ុប ហើយជាមួយនឹងការមានលោក Pep Guardiola ពួកគេមានអ្នកចាត់ការទូទៅម្នាក់ដែលមានការប្តេជ្ញាចិត្តក្នុងការលេងកីឡាបាល់ទាត់បែបវាយសម្រុក។ ខ្ញុំជឿជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ទៅទៀតនេះ យើងនឹងទទួលជោគជ័យ»។

ការផ្ទេរនេះមានន័យថា Man City បានចំណាយប្រាក់ច្រើនជាង200លានផោនសម្រាប់កីឡាករថ្មីៗនៅរដូវក្តៅនេះ ក្រោយពីបាននាំយកខ្សែការពារស្លាបឆ្វេង Danilo ពីក្លិប Real Madrid ក្នុងតម្លៃខ្លួន26.5លានផោន ខ្សែការពារ Kyle Walker ក្នុងតម្លៃខ្លួន45លានផោន ខ្សែបម្រើ Bernardo Silva ក្នុងតម្លៃខ្លួន43.6លានផោន និងអ្នកចាំទី Ederson ក្នុងតម្លៃខ្លួន34.9លានផោន៕
ប្រភពពី៖ Sports.yahoo

Advertisement