Juventus ចុះហត្ថលេខាជាមួយ Bernardeschi ក្នុងតម្លៃខ្លួន40លានអឺរ៉ូ

ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Federico Bernardeschi ពីក្លិប Fiorentina ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ ក្នុងការផ្ទេរមួយនេះដែលមានតម្លៃខ្លួន40លានអឺរ៉ូ (ស្មើនឹង46.5លានដុល្លារអាមេរិក)។ កីឡាករវ័យ23ឆ្នាំរូបនេះ ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកកាលពីរដូវកាលមុននោះ បានចំណាយពេល3រដូវកាលជាមួយនឹងក្លិប Fiorentina។

Bernardeschi ដែលបានបង្ហាញខ្លួនជាអន្តរជាតិចំនួន9លើកសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីនោះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ អំឡុងពេលនៃយុទ្ធនាការ European Under-21 Championship នៅរដូវក្តៅនេះ ហើយ Juventus បានចាត់ទុករូបគេជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏មានទេពកោសល្យបំផុតប្រចាំទ្វីបអឺរ៉ុប។ Juventus កំពុងតែសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Serie A ជាលើកទី7ជាប់ៗគ្នារបស់ពួកគេ។

នៅមុនពេលចុះហត្ថលេខាជាមួយនឹង Bernardeschi ពួកគេបាននាំយកអ្នកចាំទី Wojciech Szczesny ខ្សែបម្រើប្រយុទ្ធ Juan Cuadrado ខ្សែការពារ Medhi Benatia និងខ្សែបម្រើ Medhi Benatia រួចជាស្រេចហើយនៅរដូវក្តៅនេះ។ Bernardeschi បច្ចុប្បន្នត្រូវបានរំពឹងទុកថា នឹងធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងដំណើរប្រកួតមុនបើករដូវកាលជាមួយនឹងក្លិប Juventus។

Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា៖ «ក្លិបកីឡាបាល់ទាត់ Juventus សូមប្រកាសថា យើងបានបំពេញការព្រមព្រៀងគ្នាជាមួយនឹងក្លិប ACF Fiorentina សម្រាប់ការបំពេញការផ្ទេរជាផ្លូវការរបស់កីឡាករ Federico Bernardeschi ហើយ»៕
ប្រភពពី៖ BBC

Advertisement