ឧកញ៉ា សៀ រិទ្ធី ចាប់ផ្តើមពង្រីកការវិនិយោគទៅប្រទេសក្នុងតំបន់

ភ្នំពេញៈ លោកឧកញ៉ា សៀ រិទ្ធី បានចាប់ផ្តើមឈានមួយជំហានទៀតដើម្បីបោះទុនវិនិយោគនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដោយសារលោកមើលឃើញពីសក្តានុពលសេដ្ឋកិច្ចនៃបណ្តាប្រទេសទាំងនោះ។

លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន World Bridge Group រូបនេះបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី25 កក្កដានេះថា លោកបានវិនិយោគលើផ្នែក Logistic នៅប្រទេសវៀតណាម វិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសឡាវ និងបានវិនិយោគលើវិស័យភេសជ្ជៈ និងម្ហូបអាហារនៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះមានប្រជាជនច្រើន។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគនៅក្នុងបណ្តាប្រទេសក្នុងតំបន់ទាំងអស់ខាងលើនេះទេ។

ទាក់ទងនឹងបរិយាកាសវិនិយោគក្នុងតំបន់ និងកម្ពុជា លោកឧកញ៉ាសៀ រិទ្ធីបានថ្លែងថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ហើយលើកលែងតែប្រទេសសិង្ហបុរីមួយ គឺមានតែកម្ពុជាប៉ុណ្ណោះ ដែលមានការគាំទ្រ និងលើកទឹកចិត្តអ្នកវិនិយោគបរទេសច្រើនជាងគេ និងមានប្រព័ន្ធអនុគ្រោះច្រើនជាងគេផងដែរ ដែលជនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់100ភាគរយ។

អ្នកវិនិយោគកម្ពុជាកាន់តែច្រើននាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមឈានទៅវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់ ដូចជា ក្រុមហ៊ុន World Bridge Group ធនាគារ Acleda PLc, ក្រុមហ៊ុន Sabay និងក្រុមហ៊ុន Monument Book ជាដើម៕

Advertisement