MFI មួយចំនួនចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការ

ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលដាក់ពិដានការប្រាក់ ដែលធ្វើឲ្យពួកគេជួបការលំបាកក្នុងការទទួលបានឥណទានពីបរទេស។

លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី25 កក្កដានេះថា រហូតមកទល់ពេលនេះមានស្ថាប័នមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនបានចាប់ផ្តើមកង្វះទុនសម្រាប់ប្រតិបត្តិការរបស់ខ្លួនហើយ ហើយនាពេលអនាគតប្រសិនជាគ្មានការកែប្រែ បញ្ហានេះនឹងកាន់តែមានភាពធ្ងន់ធ្ងរ។ លោកបន្តថា ជាមួយគ្នានេះអ្នកវិនិយោគបរទេសភាគច្រើនក៏បានចាប់ផ្តើមមានការរារែកផងដែរក្នុងការផ្តល់កម្ចីដល់កម្ពុជាបន្ទាប់ពី
រដ្ឋាភិបាលដាក់ពិដានការប្រាក់មក។ ទោះជាយ៉ាងណាលោកមិនបញ្ចេញឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលរងផលប៉ះពាល់នោះទេ។

លោកបន្តថា “មានភាពរារែករបស់ម្ចាស់ប្រាក់នៅបរទេស ពួកគេមានការរារែកក្នុងការផ្តល់កម្ចីដល់យើង ព្រោះបើពួកគេផ្តល់កម្ចី ពួកគេក៏ត្រូវបញ្ចុះអត្រាការប្រាក់ផងដែរ”។ លោកបន្តថា “យើងចង់បង្វែរមកស្វែករកប្រភពទុនពីធនាគារក្នុងស្រុកផងដែរ ប៉ុន្តែធនាគារក្នុងស្រុកនៅតែមានអត្រាការប្រាក់ថ្លៃ ដែលយើងមិនអាចខ្ចីបាន”។

លោកបន្តថា បញ្ហានេះវាមិនបណ្តាលឲ្យមានវិបត្តិនោះទេ តែវាធ្វើឲ្យលំហូរទឹកប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុចូលក្នុងចរន្តសេដ្ឋកិច្ច មានចំនួនតិចដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវផងដែរ។

តើរដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច? លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា រដ្ឋាភិបាលគួរតែបើកទូលាយបន្តិច ទាក់ទងនឹងអត្រាការប្រាក់ គួរមានសភាពដូចប្រទេសវៀតណាម ឬប្រទេសថៃ ដែលមានអត្រាការប្រាក់ប្រមាណ 22ភាគរយ៕

Advertisement