តើអ្នកណាខ្លះដឹងពីអត្ថន័យរូបសញ្ញាក្រសួងអប់រំ?

អ្នកគ្រប់គ្នាសុទ្ធតែបានឃើញរូបសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡា ដែលមាននៅគ្រប់សៀវភៅសិក្សារបស់ក្រសួង សាលារៀន និងទីកន្លែងសំខាន់ៗជាច្រើនទៀត រួមទាំងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមថែមទៀតផង តែមានមនុស្សជាច្រើនមិនទាន់បានដឹងថារូបសញ្ញានេះមានអត្ថន័យយ៉ាងណានោះទេ។

ទន្ទឹមនឹងនេះក៏មិនទាន់មានមនុស្សច្រើនប៉ុន្មានទេដែលដឹងពីប្រវត្តិនៃការកកើតរូបសញ្ញានេះ ថាកើតឡើងនៅពេលណា ហើយផ្នែកនីមួយៗនៅក្នុងរូបសញ្ញានេះបង្កប់អត្ថន័យអស្ចារ្យអ្វីខ្លះ?

តាមរយៈទស្សនាវដ្តីគ្រូបង្រៀនលេខ 1 ដែលសរសេរដោយលោក យ៉ង់ ធី បានបង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា មានសញ្ញាសម្គាល់ផ្ទាល់ខ្លួនតាំងពីឆ្នាំ 1948 ដែលសញ្ញានេះកើតឡើងដោយព្រះរាជក្រឹត្យលេខ 13 ស.ន ចុះថ្ងៃទី20 ខែមករា ឆ្នាំ1948។ អត្ថន័យនៃរូបសញ្ញានេះ ត្រូវបានគេកំណត់ និងបង្ហាញពីខ្លឹមសារដែលបានស្នើសុំប្រើប្រាស់ជាថ្មីនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ1993 ដោយក្រសួងអប់រំបានបែងចែកជាផ្នែកៗដូចជា៖

– រូបសញ្ញាមានរង្វង់មូលព័ទ្ធជុំវិញដោយក្បាច់ភ្ញីទេសពណ៌មាស ជាតំណាងឱ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបស្រទាប់យុវជនកំពុងសិក្សាអប់រំ ដែលមានការរីកចម្រើនលូតលាស់ជាផ្កា ជាផ្លែ របស់ប្រទេសជាតិទៅអនាគត ។
– នៅចំកណ្ដាលពីលើកម្រងផ្កាក្បាច់ភ្ញីទេស មានកងរង្វង់មូលទ្រភ្លើងពណ៌មាស ជានិមិត្តរូបវិស័យកីឡា ដែលមានយុវវ័យជាអ្នកទ្រទ្រង់ និងបន្តវេន ។
– នៅលើផ្ទៃសញ្ញា មានកាំរស្មីពណ៌មាសចាំងបំភ្លឺគ្រប់ទិសទីលើផ្ទៃពណ៌ផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញា ស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។
– ក្រណាត់ខ្សែបូ ពណ៌ផ្ទៃមេឃដែលមានចារឹកអក្សរពណ៌មាសក្រសួងអប់រំ យុវជន និងកីឡា ទ្រពីក្រោមជានិមិត្តរូបវិស័យអប់រំសិក្សា ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ៕

Advertisement