ឧកញ៉ា សៀ រិទ្ធីៈ ទីផ្សារខុនដូទាំងមូលជួបបញ្ហាឬអត់ មិនអាស្រ័យលើទីផ្សារទាំងមូលទេ

ភ្នំពេញៈ មនុស្សជាច្រើនចាប់ផ្តើមឮពាក្យថា ខុនដូ ប៉ុន្តែពួកគេទំនងជាមិនទាន់យល់ពីការប្រើប្រាស់ខុនដូច្បាស់លាស់ទេ ដែលវាធ្វើឲ្យមានការបារម្ភថា ចំនួនខុនដូនឹងផ្គត់ផ្គង់លើសតម្រូវការជាក់ស្តែង។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អ្នកដែលធ្វើមុនគេជាអ្នកដឹកនាំទីផ្សារនឹងទទួលបានជោគជ័យ ប៉ុន្តែអ្នកដែលគ្រាន់តែដើរតាមគេមិនបានសិក្សាពីទីផ្សារច្បាស់លាស់នឹងជួបបញ្ហា ហើយគម្រោងខុនដូរបស់លោកដែលបានសាងសង់ឡើង ជាគម្រោងដែលមានរចនាបទប្លែកពីគេ ខុសពីគម្រោងដទៃ ព្រោះមុនសាងសង់អ្វីមួយយើងបានសិក្សាទីផ្សារច្បាស់លាស់ ហើយដៃគូរបស់លោកក៏មានជំនាញច្បាស់លាស់ដែរ។

លោកបន្តថា “ទីផ្សារខុនដូទាំងមូលជួបបញ្ហាឬអត់ មិនអាស្រ័យលើទីផ្សារទាំងមូលទេ វាអាស្រ័យលើការអភិវឌ្ឍនោះបានគិតគូរ ឬចាប់យកអតិថិជនមួយណា ហើយត្រូវសាងសង់ទៅតាមតម្រូវការទីផ្សារនោះ”។ លោកបន្តថា “អ្នកទិញខុនដូមិនមែនសម្រាប់គេងទេ គឺសម្រាប់ជីវិតបែបស៊ីវិល័យរបស់គាត់ដែលគម្រោងនេះមានសេវាប្រើប្រាស់ជាមូលដ្ឋានប្រចាំថ្ងៃរបស់គាត់”។ គម្រោងនោះត្រូវមានផ្សារទំនើប អាងហែលទឹក កន្លែងហាត់ប្រាណ ការិយាល័យធ្វើការ និងមន្ទីរពេទ្យជាដើម។

លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា មូលដ្ឋាននៃការប្រើប្រាស់ប្រចាំថ្ងៃ គឺអ្នកស្នាក់នៅមិនចាំបាច់ចេញទៅរកសេវាកម្មនៅខាងក្រៅនោះទេ ហើយបើនិយាយពីខុនដូ គឺវាផ្តោតសំខាន់លើទីតាំង ទីតាំង និងទីតាំង ប៉ុន្តែបើទិញខុនដូនៅជាយក្រុងដែលមានតម្លៃទាប គឺមិនមានសេវាកម្មផ្សេងៗប្រើប្រាស់ប្រចាំថ្ងៃនោះទេ ដូច្នេះខុនដូប្រភេទនេះមិនផ្តល់ផាសុកភាពសម្រាប់រស់នៅទេ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារខុនដូមិនជួបបញ្ហានោះទេសម្រាប់គម្រោងដែលអ្នកវិនិយោគមានមូលដ្ឋានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់បញ្ចប់គម្រោងរបស់ខ្លួន ប៉ុន្តែប្រសិនជាម្ចាស់គម្រោងលក់គម្រោងនោះដើម្បីយកលុយមកសាងសង់ ពួកគេនឹងមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា “ដោយសារគម្រោងខុនដូកើនឡើងច្រើន បានធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើនសម្រាប់ជ្រើសរើស ជាហេតុធ្វើឲ្យទីផ្សារលក់ហាក់មានភាពយឺតយ៉ាវ ប៉ុន្តែការពិតមិនមែនដូច្នោះទេ”៕

Advertisement