ការនាំចូលសម្ភារសំណង់កើនខ្លាំងនៅរយៈពេលចុងក្រោយនេះ

ភ្នំពេញ៖ វឌ្ឍនភាពនៃវិស័យសំណង់បានបន្តកើនឡើងខ្លាំងនៅឆមាសទី1​ ឆ្នាំ2017នេះ ដោយសារកត្តាសេ្ថរភាពនយោបាយ​ ស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច កំណើនតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងកំណើននៃលំហូរចូលវិនិយោគបរទេសនៅក្នុងវិស័យសំណង់។

របាយការណ៍វឌ្ឍនភាពវិស័យសំណង់ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការនាំចូលសម្ភារសំណង់និងគម្រោងវិនិយោគសំណង់នានាដែលនៅក្នុងឆមាសទី1 ឆ្នាំ2017នេះ។ ការនាំចូលសម្ភារសំណង់បានកើនឡើងវិញប្រមាណ34% ខ្ពស់ជាងកំណើន22% ហើយការនាំចូលស៊ីម៉ងត៍មានកំណើន 10%វិញ បន្ទាប់ពីបានធ្លាក់ចុះ40% កាលពីរយៈពេលដូចគ្នានៅឆ្នាំ2016។ ម្យ៉ាងទៀតគម្រោងវិនិយោគក្នុងវិស័យ​សំណង់បន្តមានសេ្ថរភាពល្អប្រសើរ ដោយគម្រោងដែលមានការអនុញ្ញាតកើនឡើង 28.7% ដល់ចំនួន 1,523 គម្រោង ស្របពេលតម្លៃវិនិយោគដែលបានអនុម័តបានកើនឡើង 27% ដល់ជិត 5ប៊ីលានដុល្លារអាមេរិក។

ចាប់ពីឆ្នាំ2016មក សមាមាត្រនៃគម្រោងសំណង់លំនៅដ្ឋានធៀបនឹងគម្រោងអនុម័តសរុប មាននិន្នាការថយចុះ ខណៈដែលសមាមាត្រគម្រោងលំនៅដ្ឋានពាណិជ្ជកម្ម និងទេសចរណ៍ មាននិន្នាការកើនឡើងជាបន្តបន្ទាប់ ដោយវិនិយោគិនបានបង្វែរមកពីការវិនិយោគអគារការិយា ល័យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសណ្ឋាគារជាដើមវិញ។ កំណើននៃសំណង់លំនៅដ្ឋាន និងទេសចរណ៍នេះបានរួមចំណែក និងគាំទ្រដោយគម្រោងសង់ថ្មីៗ ដូចជាសណ្ឋាគារ ខុនដូ ដែលកំពុងតែផុលផុសនៅខេត្តព្រះសីហនុដើម្បីបំពេញតាមតម្រូវការ នៃកំណើនភ្ញៀវទេសចរទៅកាន់តំបន់នោះ ដែលជាមធ្យមកើនឡើងប្រមាណជា 10% ក្នុងឆមាសទី1 ឆ្នាំ2017។ ជាក់ស្តែងខុនដូខ្ពស់ជាងគេ (The Seagate Suit) ដែលមានតម្លៃ 200លានដុល្លារអាមេរិក វិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងហុងកុង ត្រូវបានអនុម័តលើគម្រោង D’Sea View និងThe Blue Bay ដែលអនុម័តកាលពីពេលថ្មីៗកន្លងមក​ ចំពោះគម្រោងសាងសង់នៅខេត្តព្រះសីហនុ៕

Advertisement