គ្រប់គ្នាមើលរំលងបញ្ហាចរាចរណ៍ ទើបទីក្រុងកកស្ទះស្ទើរគ្រប់ពេល

បញ្ហាចរាចរណ៍ជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុកដាក់ តែជាអកុសលមនុស្សម្នាជាច្រើនបានគិតថា វាជារឿងសាមញ្ញ ជារឿងធម្មតាដែលអ្នកណាក៏ដឹង ឬគិតថា ជារឿងតូចតាចបំផុតទៅវិញ។ នៅពេលដែលមនុស្សមើលមិនឃើញចរាចរណ៍ ការគោរពច្បាប់ និងសណ្តាប់ធ្នាប់នានាត្រូវបានគេបំភ្លេចចោល ដែលកត្តាទាំងអស់នេះធ្វើឱ្យមានការបំពានច្បាប់ស្ទើរគ្រប់ពេលនៅទីប្រជុំជនសំខាន់ៗ។

ជារៀងរាល់ថ្ងៃ គ្រាន់តែបើកភ្នែកឡើងភ្លាម មនុស្សគ្រប់គ្នាសុទ្ធតែបានឃើញ ឥរិយាបថមិនត្រឹមត្រូវ និងការបំពានច្បាប់ចរាចរណ៍នៅនឹងមុខផ្ទះរបស់ខ្លួនរៀងៗខ្លួន ដែលអ្នកខ្លះហៅបញ្ហានេះថា ជាជំងឺមហារីក អ្នកខ្លះគិតថា វារឿងធម្មតា ខណៈអ្នកខ្លះទៀតគិតថា វាជារឿងឈឺក្បាលទាំងព្រឹកដែលគាត់ត្រូវជួប។ ការកកស្ទះចរាចរណ៍ មិនមែនកើតឡើងមកពីបញ្ហាកំណើនយានយន្តតែមួយមុខប៉ុណ្ណោះនោះទេ តែអ្វីជាបញ្ហាសំខាន់គឺ អ្នកបើកបរយានយន្តមិនមានចំណេះដឹងក្នុងការបញ្ជាវាឱ្យត្រូវទិសដៅអាទិភាព និងមិនព្រមគោរពសីលធម៌នៃការបើកបរតែម្តង។

មានមនុស្សជាច្រើនណាស់ ដែលរអ៊ូពីភាពយឺតយ៉ាវ ភាពអនាធិបតេយ្យ និងខ្លះទៀតខឹង ហើយជេរគ្នាលើដងផ្លូវខណៈខ្លួនឯងកំពុងបើកបញ្ច្រាស។ មានមនុស្សមួយចំនួនទៀត ស្រែកឡូឡាផ្អើលអ្នកផងទាំងព្រឹក នៅពេលដែលខ្លួនឯងបើកបរទទឹងទិសប៉ះគេហើយ មិនដឹងខ្លួនឯងថាខុស។

ថារឿងខាងដើមចុះជារឿងពិបាកនិយាយ មានអ្នកខ្លះទៀតគឺកាន់តែមិនដឹងថា និយាយថាយ៉ាងម៉េច ព្រោះរាល់ពេលបើកបរគឺគាត់ ខំរុលឱ្យតែបានទៅមុន ទោះផ្លូវអាទិភាពអ្នកណាក៏មិនឈឺក្បាលដែរ អ្វីដែលសំខាន់គឺគាត់ថា រឿងល្មើសច្បាប់ចរាចរណ៍នេះជារឿងរបស់មនុស្សគ្រប់គ្នា មិនមែនខុសតែគាត់ទេ ហើយគាត់ក៏មិនចង់ធ្វើជាមនុស្សត្រឹមត្រូវតែឯងដែរ។

បញ្ហាមិនដឹងថា ខ្លួនខុសនេះកើតឡើងមកពីចន្លោះប្រហោងនៃបញ្ហាការអប់រំច្បាប់ ហើយកង្វះខាតទាំងអស់នេះមួយចំនួនបានបន្សល់មកពីស្រមោលអតីតកាល ដែលពីមុនមកមានការទិញ ឬការសូកលុយដើម្បីទទួលបានប័ណ្ណបើកបរ ហេតុនេះហើយទើបធ្វើឱ្យអ្នកកាន់ប័ណ្ណបើកបរចាស់ៗមួយចំនួនខុសពីអ្នកកាន់ប័ណ្ណបើកបរនាពេលបច្ចុប្បន្នដែលមានចំណេះដឹងពីចរាចរណ៍ត្រឹមត្រូវ។ បញ្ហាអ្នកកាន់ប័ណ្ណបើកបរខ្វះសមត្ថភាព បានធ្វើឱ្យមានបញ្ហាជាច្រើននៅក្នុងទីក្រុង ហើយអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះ គឺរាល់ពេលមានការផ្សព្វផ្សាយពីចរាចរណ៍ម្តងៗ ទស្សនិកជនយើងមិនដែលយកចិត្តទុកដាក់ស្តាប់នោះទេ ហើយខ្លះទៀតថែមទាំងជេរកូនជេរចៅថា ចាយពេលឥតប្រយោជន៍មើលរឿងដដែលៗមិនបានការទៅវិញ។

កង្វះការយកចិត្តទុកដាក់នេះហើយ ទើបធ្វើឱ្យមានមនុស្សមួយចំនួនធំ ស្តាយក្រោយអស់មួយជីវិតព្រោះការធ្វេសប្រហែសរបស់ខ្លួនបានបណ្តាលឱ្យមានការបាត់បង់មនុស្សជាទីស្រឡាញ់។ ហើយខ្លះទៀតក៏ចាប់ផ្តើមនឹកចង់គោរពច្បាប់បន្ទាប់ពីជួបគ្រោះថ្នាក់ដោយខ្លួនឯងផ្ទាល់ តែដូចពាក្យចាស់ពោលមិនខុសនោះទេ ថា បើម្ចុលមិនចាក់ចំសាច់ខ្លួនឯងនោះប្រាកដជាមិនដឹងឈឺនោះទេ ហេតុនេះនៅពេលដែលធ្វើដំណើរតាមដងផ្លូវម្តងៗ មានអ្នកខ្លះមានឆន្ទៈគោរពច្បាប់ចេញពីចិត្ត អ្នកខ្លះគោរពច្បាប់ព្រោះធ្លាប់ជួបរឿងព្រលឹងចុងសក់ដោយខ្លួនឯងផ្ទាល់ ខណៈមនុស្សមួយចំនួនធំកំពុងប្រកួតគ្នាយកចាញ់ឈ្នះលើដងផ្លូវ ព្រោះមិនទាន់ជួបរឿងស្តាយក្រោយនៅឡើយ។

ជាធម្មតាទេ គ្មានអ្នកណាចង់ឱ្យជីវិតមានបញ្ហានោះទេ តែប្រសិនបើមើលរំលងពីបញ្ហាចរាចរណ៍តែប៉ុន្មានដង្ហើមតែប៉ុណ្ណោះជីវិតអាចមានបញ្ហាភ្លាម។ គ្រោះថ្នាក់ចរាចរណ៍គ្មានអ្នកណាអាចទាយដឹងមុននោះទេ ហើយសំណាងល្អក៏មិនកើតមានច្រើនដងដែរ ស្របពេលដែលយើងគ្រប់គ្នាសុទ្ធតែបានឃើញមនុស្សស្លាប់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ចំណុចនេះ អាចទាញការគិតជារួមមកថា បញ្ហាចរាចរណ៍ជារឿងជីវិត បើមនុស្សមិនបានគិតវានឹងធ្វើឱ្យមានក្តីអន្តរាយ។

មនុស្សគ្រប់គ្នាដែលបានមើលងាយបញ្ហាចរាចរណ៍ អាចពិចារណាជាថ្មីថា តើបញ្ហាដែលធ្វើឱ្យអ្នកខកខានការងារ និងពេលវេលាជារៀងរាល់ថ្ងៃកើតមកពីអ្វី? បញ្ហាដែលធ្វើឱ្យមនុស្សរាប់ម៉ឺនរាប់លាននាក់ក្តៅក្រហាយនៅលើដងផ្លូវជារៀងរាល់ថ្ងៃមកពីអ្វី?

បញ្ហាដែលធ្វើឱ្យមានមនុស្សហូរទឹកភ្នែកនៅលើដងផ្លូវស្ទើរគ្រប់ពេលមកពីអ្វី? ហើយបញ្ហាអនាធិបតេយ្យស្ទើររាល់ពេលធ្វើដំណើរក្នុងទីក្រុងកើតឡើងដោយសារអ្វី? គ្រប់យ៉ាងគឺកើតឡើងពីចរាចរណ៍! ហេតុនេះការព្យាយាមបិទខួរក្បាលខ្លួនឯងមើលរំលងបញ្ហាចរាចរណ៍ជាកត្តាចម្បងមួយដែលនាំឱ្យមានបញ្ហាធំកើតឡើងបានគ្រប់ពេល៕

Advertisement