ចំណុច​សំខាន់ៗដែលអ្នក​ត្រូវ​ដឹង ​ដើម្បី​ទិញ​ដីឡូត៍​កុំ​ឱ្យ​ជួប​ហានិភ័យ

ភ្នំពេញ – បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​ទិញ-លក់​ដីឡូត៍ កំពុង​មាន​ភាព​ផុលផុស​យ៉ាង​ខ្លាំង ខណៈ​ដែល​គម្រោង​នីមួយៗ​សុទ្ធ​តែ​បាន​ផ្តល់​នូវ​លក្ខខណ្ឌ​ងាយៗ​សម្រាប់​អតិថិជន​ដូច​ជា​ការ​កំណត់​តម្លៃ​ទាប និង​វិធីសាស្រ្ត​បង់​ប្រាក់​តាម​ដំណាក់​កាល​រយៈ​ពេល​វែង ជា​ដើម។ ទន្ទឹម​នឹង​លក្ខខណ្ឌ​ងាយ​ស្រួល​ទាំង​អស់​នេះ មាន​អតិថិ​ជន​មួយ​ចំនួន​ហាក់​ពុំ​បាន​ដឹង​ថា តើ​ការ​ទិញ​ដីឡូត៍​គេ​ត្រូវ​ពិនិត្យ​មើល​ទៅ​លើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឱ្យ​ជួប​ហានិភ័យ​នោះ​ទេ?

លោក ថាវ លី​ណា អគ្គ​នាយ​កក្រុមហ៊ុន Camblossom Development & Investment Co,ltd ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គំរោងសុរិន្ទភូមិ​ និង​មាន​ដីឡូត៍​ពុះ​លក់​នៅ​តំបន់​ភាគខាង​ត្បូង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​ពុំទាន់​មាន​នីតិវិធី​គតិ​យុត្ត​ណា​កំណត់​ឱ្យ​បាន​ជាក់​លាក់​ស្ដីពី​ការ​ពុះ​ដី​ឡូត៍​លក់​នោះ​ទេ ដូច្នេះ​ប្រជាជន ឬ​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​ដីឡូត៍ត្រូវ​ទាមទារ​ឱ្យ​មាន​ចំណេះដឹង​ក្នុង​ការ​ពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ។

អគ្គ​នាយក​ក្រុមហ៊ុន សុរិន្ទ​ភូមិ បាន​បញ្ជាក់​ថា មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា ៖
1. តើនរណា​ជា​អ្នក​អភិវឌ្ឍន៍ ជា​ក្រុមហ៊ុន ឬ​ជា​បុគ្គល និង​កេរ្ដិ៍ឈ្មោះ​អ្នក​អភិវឌ្ឍន៍?
ក្នុង​ករណី​ក្រុមហ៊ុន​ គឺ​យើង​ត្រូវ​ពិនិត្យ​មើល​កេរ្ដិ៍ឈ្មោះ ឬ​ឯកសារ​ផ្លូវ​ច្បាប់​របស់​ក្រុមហ៊ុន​នោះ​ឱ្យ​ច្បាស់​លាស់​។ ករណី​ជា​បុគ្គល​យើង​ត្រូវ​មើល​ថា តើ​គាត់​មាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់​ដែរ ឬទេ? តើ​គាត់​កាន់​កាប់​ជា​ប្លង់​រឹង ឬ​ប្លង់​ទន់? ដី​កាន់​កាប់​មាន​វិវាទ​ដែរ ឬទេ? ពោល​យើង​ត្រូវ​មើល​ពី​ស្នូល​នៃ​អ្នក​អភិវឌ្ឍន៍​ឱ្យ​បាន​ច្បាស់ ​ព្រោះ​នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​ទាមទារ​ឱ្យ​អតិថិជន​ត្រូវ​សិក្សា​ឱ្យបាន​ច្បាស់​លាស់​បំផុត​។

2. គម្រោង​អភិវឌ្ឍន៍​(Master Plan) យើង​ត្រូវ​មើលថា​ តើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​Master Plan គូរ​ដោយ​សា្ថបត្យករ​ត្រឹម​ត្រូវ​ដែរ ឬទេ​?
តើ​ប្លង់​នោះ​ជា​ប្លង់​សម្រាប់​សាង​សង់​ពិត​ប្រាកដ ឬ​គ្រាន់​តែ​ជា​គំនូរ ​3D សម្រាប់​យក​មក​ដាក់​លក់​ជូន​អតិថិជន? ក្រៅ​ពី​នេះ​យើង​ត្រូវ​មើល​ទៅ​លើ​ប្លង់​វិស្វកម្ម​ថែម​ទៀត ព្រោះ​ចំណុច​ទាំង​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ការ​រស់​នៅ​របស់​អតិថិជន​ទៅ​ថ្ងៃ​ក្រោយ។ យើង​ត្រូវ​មើល​ថា តើ​តំបន់​នោះ​មាន​ការ​អភិវឌ្ឍ​គិត​ពី​តំបន់​បៃតង​ដែរ ឬទេ? ពាក្យ​ថា អភិវឌ្ឍន៍​បៃតង​មិនមែន​សំដៅ​តែ​ទៅ​លើ​ការ​ដាំ​ដើមឈើ​មួយ​មុខ​នោះ​ទេ គឺ​ត្រូវ​គិត​ពី​ប្រព័ន្ធលូ ក្លិន​ ទឹក​ស្អុយ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាដើម។ មូលហេតុ​យើង​ត្រូវ​ពិនិត្យ​លើ​ចំណុច​ទាំងនេះ ព្រោះ​វា​ជា​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​ឱ្យ​ដឹង​ថាការអភិវឌ្ឍ​របស់​ក្រុម​ហ៊ុន​នឹង​ត្រូវ​រៀបចំ​ឱ្យ​អតិថិជន​ដែល​បាន​ទិញ​ដី​របស់​គាត់​អាច​រស់​នៅ​កន្លែង​នោះ​ប្រកប​ដោយ​ផាសុកភាព និង​សុខុមាលភាព​ទៅ​ថ្ងៃអនាគត​ដែរ ឬទេ? បន្ទាប់​មក​អតិថិជន​ត្រូវចេះ​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ក្នុងការដ្ឋាន ឬ​ដី​កំពុង​អភិវឌ្ឍន៍​នោះ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ដឹង​ថា តើ​ក្រុមហ៊ុន ឬ​ម្ចាស់​ដី​នោះ​គាត់​បាន​បំពេញ​ការ​អភិវឌ្ឍ​ទៅ​តាម​លក្ខខណ្ឌ​នៅ​ពេល​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ដែរ ឬទេ?

3. កិច្ចសន្យា​ទិញ-លក់
ចំណុច​នេះ​យើង​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​ជួន​កាល​ក្រុមហ៊ុន​អាច​ប្រើ​លក្ខខណ្ឌ​មួយ​ចង​មក​លើ​អតិថិ​ជនខ្លួន ​ច្រើន​ជាង​ចង់​ទៅ​លើ​ក្រុមហ៊ុន​ខ្លួនឯង​។ ឧទាហរណ៍ ដូច​ជា​ក្រុមហ៊ុន​របស់​ខ្ញុំ នៅ​ពេល​ធ្វើ​កិច្ច​សន្យា​ទិញ-លក់​ដី ខ្ញុំ​បាន​កំណត់​ពេលវេលា​មួយ​អាច​ឱ្យ​អតិថិជន​ចូល​សាង​សង់​លំនៅឋាន​របស់​គាត់​បាន ប្រសិន​បើ​ខ្ញុំ​ធ្វើ​មិន​បាន​តាម​កិច្ច​សន្យា​ គាត់​អាច​ពិន័យ​មក​ក្រុម​ហ៊ុន​បាន​តាម​រយៈ​ការ​សង​ត្រឡប់​ទៅវិញ​ជា​ការ​ប្រាក់។ ផ្ទុយ​ទៅ​វិញ​អតិថិជន​ត្រូវ​បង់​លុយ​ឱ្យ​ក្រុម​ហ៊ុន​តាម​ពេលវេលា​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ដូច​គ្នាប្រសិន​បើ​យឺត​យ៉ាវ​ខ្ញុំ​ក៏​ត្រូវ​ពិន័យ​លើ​គាត់​វិញ​ដែរ យើង​ធ្វើ​បែប​នេះ​ដើម្បី​ទទួល​បាន​ភាព​ស្មើគ្នា។ មាន​ន័យ​ថា បើ​ក្រុមហ៊ុន​ខ្ញុំ​ធ្វើ​អ្វី​ខុស​ចំពោះ​អតិថិជន ពួក​គាត់​មាន​សិទ្ធិ​ពិន័យ តែ​បើ​អតិថិជន​ធ្វើ​អ្វី​ខុស​ក្រុមហ៊ុន​ក៏​អាច​ពិន័យ​គាត់​វិញ​​ដូចគ្នា។ ​ដូច្នេះ​កិច្ច​សន្យា​​ទិញ-លក់ ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព។

4. ត្រូវ​ចេះ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​ប្លង់​រឹង
អតិថិជន​ត្រូវ​ចេះ​តាម​ដាន​ប្លង់រឹង​រៀងរាល់​3ខែ ឬ6ខែ​ម្ដង ទំរាំ​អតិថិជន​ខ្លួន​ឯង​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់ ​ឬ​ប្លង់រឹង មាន​ន័យ​ថា យើង​ត្រូវ​ដឹង​ថា​ ដី​ឡូត៍​ដែល​យើង​ទិញ​វា​នៅ​តែ​មាន​ស្ថិរ​ភាពល្អ​ ឬទេ? មូលហេតុ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព្រោះ​យើង​បារម្ភ​ខ្លាច​មាន​ករណី​ពេល​ទិញ​ដី​នោះ​វា​ជា​ប្លង់រឹង​ពិត​មែន លុះ​បី​ខែ​ក្រោយ​មក​ម្ចាស់​ដី ឬ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​យក​ប្លង់​រឹង​នោះ​ទៅ​ដាក់​បញ្ចាំ​នៅ​ក្នុងធនាគារ ដែល​អាច​ធ្វើ​ឱ្យ​យើង​ជួប​ហានិភ័យ​ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់។ ចំណុច​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​អាច​នឹង​ធុញទ្រាន់​នៅ​ពេល​អតិថិជន​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ប្លង់រឹង​នោះ ប៉ុន្ដែ​បើ​ក្រុមហ៊ុន​ស្របច្បាប់​ដែល​រកស៊ី ឬ​អភិវឌ្ឍន៍​ពិត​ប្រាកដ​គេ​កាន់​តែ​សប្បាយ​ចិត្ត​នៅ​ពេល​​អតិថិជន​ធ្វើ​បែប​នេះ ព្រោះ​វា​កាន់​តែ​បង្កើន​ទំនុក​ចិត្ដ​ជូន​អតិថិជន បើ​គាត់​ជឿ​លើ​ក្រុមហ៊ុន​ណា​មួយ​ហើយ​នោះ នៅ​ពេល​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី​ពួក​គាត់​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ដ ឬ​អាច​ទិញ​បន្ថែម​ទៀត។ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ខ្ញុំ អតិថិជន​អាច​មក​ធ្វើ​បច្ចុប្បន្ន​ភាព​គ្រប់​ពេល ព្រោះ​ខ្ញុំ​មាន​ក្រុម​អ្នកច្បាប់​សម្រាប់​រក្សា​ឯកសារ​ទាំង​នោះ​នៅ​រង់ចាំ​ធ្វើ​ការងារ​ជាមួយ​អតិថិជន​លើ​រឿង​នេះ។ ការ​ធ្វើ​បែបនេះ​វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្អាតស្អំ​របស់​ក្រុមហ៊ុន​ក្នុង​នាម​ជា​​អ្នក​អភិវឌ្ឍន៍​ពិតប្រាកដ។ ឧទាហរណ៍​ក្រុមហ៊ុន​ខ្ញុំ​បាន​សន្យា​ថា ក្រោយ​ពេល​អតិថិជន​ប្រគល់​លុយ​គ្រប់​ឱ្យ​ក្រុមហ៊ុន​ យើង​នឹង​កាត់​ប្លង់​ឱ្យ​គាត់​ ដូច្នេះ​យើង​នឹង​ធ្វើ​ទៅតាម​កិច្ចសន្យា​ដោយ​ពុំ​ពន្យារ​ពេល​អ្វី​ឡើយ ព្រោះ​ប្លង់​រឹង​របស់​យើង​ពុំ​បាន​ជាប់​បន្ទុក​ដាក់​ធានា​បំណុល​ធនា​គារ​ឡើយ។

ជា​មួយ​គ្នា​នេះដែរ ​លោក ​ថាវ លីណា បញ្ជាក់ថា ប្រសិនបើ​អ្នក​ប្រកប​អាជីវកម្ម​លើ​ការ​ពុះ​ដី​ឡូត៍​បច្ចុប្បន្ន​នាំ​គ្នា​អនុវត្ដ​ន៍​សកម្មភាព​នៃ​ការទិញ-លក់​ឱ្យមាន​តម្លាភាព ​និង​ភាព​ស្អាត​សំ្អ​​ចំពោះ​អតិថិជន​វា​ជា​រឿង​ល្អ​បំផុត ព្រោះ​វា​នឹងធ្វើ​ឱ្យ​ការទិញ​លក់​កើតមាន​ផុសផុល ជា​ចំណែក​មួយ​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា​​ផងដែរ៕

Advertisement