​PTT ផ្តោតការ​វិនិយោគ​លើវិស័យ​ប្រេងកាត​ និង​ឧស្ម័ន​នៅ​ប្រទេសកម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​របស់​ប្រទេស​ថៃ PTT ក្នុង​កិច្ច​ខិត​ខំ​ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ប្រេង​កាត និង​ឧស្ម័ន​ក្នុង​ដែន​សមុទ្រ​កម្ពុជា។

ចំណង​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ កាល​ពី​ថ្ងៃទី01 ខែសីហា ឆ្នាំ2017 រវាង​អគ្គ​នាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​របស់​ប្រទេស​ថៃ PTT នា​ឱកាសត ​ដែល​គណៈ​ប្រតិភូ​នៃ​ក្រសួង​​រ៉ែ និង​ថាមពល របស់​កម្ពុជា​បាន​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​វិស័យ​រ៉ែ​ក្នុង​តំបន់​អាស៊ាន​នៅ​ប្រទេស​ថៃ។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​នឹង​ពង្រឹង​ការ​អភិវឌ្ឍ និង​ចំណេះ​ដឹង​របស់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ប្រេងកាត គឺ​ចាប់​តាំង​ពី​ការ​ស្វែង​រក ​ចម្រាញ់ សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​លក់​ដូរ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ប្រេងកាត និង​ជា​អ្នក​នាំ​ពាក្យក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម ជៀប សួរ បាន​និយាយ​ថា អនុស្សរណៈនេះ​បាន​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ខ្លឹមសារ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​ដែល​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​បង្កើត​ឡើង​រួម​គ្នា​នូវ​ក្របខណ្ឌ​វិស័យ​ថាមពលនិង​មាន​គោល​បំណង​សំខាន់​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ផ្លាស់ប្តូរ​បទពិសោធន៍ ការ​វិនិយោគ ការ​កសាង​សមត្ថភាព​បច្ចេកទេស ក្នុង​វិស័យ​ប្រេងកាត និង​ឧស្ម័ន ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។

ឯកឧត្តម បាន​លើក​ឡើង​ថា នៅ​ក្នុង​ក្របខណ្ឌ​នោះ​ប្រទេស​នីមួយៗ​តែង​តែ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​ដោយ​ឡែក​រៀងៗខ្លួន​ទៅតាម​វិស័យ និង​តាម​តម្រូវការ​ជាក់ស្តែង​។ ក្រសួង​មាន​មូលហេតុ​ពីរ​សំខាន់​សម្រាប់​កសាង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ ពិសេស​ជា​មួយ​ក្រុមហ៊ុន​ជាតិ​ថៃ​លើ​វិស័យ​ប្រេង​កាត​​។

ឯកឧត្តម ជៀប សួរ បញ្ជាក់​ថា៖“​មាន​មូលហេតុ​ចម្បង​ពីរ​គឺ ទី1 ឧស្សាហកម្ម​ប្រេងកាត និង​ឧស្ម័ន​របស់​ប្រទេស​ថៃ​គឺ​មាន​ភាពចាស់​ទុំ​ជាយូរ​មក​ហើយ​ពិសេស​ផ្នែក​ក្រោម​ដី (Downstream) និង​ទី2 ​ភាគី​ថៃ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ដាក់​ទុន​វិនិយោគ​មក​កម្ពុជា​ក្នុង​វិស័យ​ប្រេងកាត និង​ឧស្ម័ន​នេះ​ដែរ”។

ឯកឧត្តម បាន​បន្ថែម​ថា៖“ការ​ចុះ​អនុស្សារណៈ​នេះ​ជា​ការ​បើក​ផ្លូវ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្នែក​បច្ចេកទេស​រវាង​ភាគី​ទាំងពីរ ទាំង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ ការ​កសាង​សមត្ថភាព បច្ចេកទេស​ជំនាញ ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​វិស័យ​ប្រេងកាត និង​ឧស្ម័ន​ផ្នែក​ខាង​ក្រោម​។ វា​ក៏​ជា​ការ​បើក​ឱកាស​ឱ្យ​មាន​ការ​វិនិយោគ​ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ​ទៅ​លើ​វិស័យ​ប្រេងកាត និង​ឧស្ម័ន​នេះ​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ថៃ​ផងដែរ។

លោក បិន មនីមាលា នាយក​រង​ទទួល​បន្ទុកកិច្ចការ​សាជីវកម្ម​ប្រចាំ​ក្រុមហ៊ុន PTT (Cambodia) Limited បាន​បដិសេធ​ក្នុង​ការ​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​ណា​មួយ ដោយ​បាន​បង្វែរ​សំណួរ​នានា​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ហ៊ុន PTT Plc ដែល​ជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​រដ្ឋ​របស់​ប្រទេស​ថៃ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​នាំ​មុខ​មួយ​នៅ​កម្ពុជា បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​យ៉ាងធំ​សម្បើម​នៅ​កម្ពុជា ដោយ​ពង្រីក​ការ​វិនិយោគ និង​ការ​ផ្គត់​ផ្គង់​ប្រេង​សាំង និង​ឧស្ម័ន តាម​រយៈ​ការ​បង្កើន​ស្ថានីយ​លក់​ពី​ចំនួន​20​កន្លែង​ដល់​65​កន្លែង៕

Advertisement