គម្រោង​លំនៅឋាន​នៅ​ជិត​ផ្សារទំនើប​ Aeon 2 កំពុង​រីកលូតលាស់​ខ្លាំង

ខណៈ​ដែល​ផ្សារ​ទំនើប​របស់​ជប៉ុន អ៊ីអន (Aeon) ទី2 និង​ផ្សារ​ម៉ាក្រូ​របស់​ថៃ (Makro Cambodia) គ្រោង​នឹង​បើក​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​​ជា​ច្រើន​បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​តំបន់​ក្បែរៗ​នោះ។

លោក ឈន់ សកល ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​គម្រោង​លំនៅឋាន​បុរី ​ថៃ ឈុន​គ្រី បាន​ឱ្យ​ដឹង​ថា ដោយ​សារ​ការ​លក់​លំនៅឋាន​ក្នុង​គម្រោង​ទី​6 របស់​ក្រុមហ៊ុន​មាន​សន្ទុះ​លឿន​លើស​ពី​ការ​គ្រោង​ទុក​រហូត​ដល់​ជាង​70% ទើប​ក្រុមហ៊ុន​សម្រេច​បើក​លក់​គម្រោង​ទី7 របស់​ខ្លួន​ជា​បន្ត​ទៀត ដែល​គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ផ្សារ​ទំនើប Aeon 2 និង​ផ្សារ Makro តែ​ម្តង។

បើ​តាម​លោក សកល គ្រប់​លំនៅឋាន​ទាំង​អស់​របស់​ក្រុមហ៊ុន​ គឺ​សុទ្ធ​តែ​ត្រូវ​បាន​សិក្សា​យ៉ាង​លម្អិត​ទាំង​ផ្នែក​គុណភាព សោភណភាព និង​តម្លៃ​សមស្រប​តាម​ទំហំ​បច្ចេកទេស​។ ហេតុ​នេះ​​ទើប​មាន​អតិថិជន​ទិញ​ច្រើន​លើស​ពី​ការ​គ្រោង​ទុក ដែល​​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បញ្ចេញ​គម្រោង​ ឌី អូ​លេន ស៊ីធី ដំណាក់កាល​ទី2​នេះ មុន​ការ​គ្រោង​ទុក។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​គម្រោង​ ខាង​លើ​បាន​និយាយ​ថា​៖“សម្រាប់​គម្រោង​ដំណាក់​កាល​ទី2 នេះ​ក្រុម​ហ៊ុន​បាន​បញ្ចេញ​ផ្ទះ​លក់​សរុប​ចំនួន​ 52ខ្នង ក្នុង​ទុន​វិនិយោគ​ចំនួន​6​លាន​ដុល្លារ​។ គម្រោង​ថ្មី​នេះ​មាន​ផ្ទះ​ចំនួន​2​ប្រភេទ ​គឺ ស្សបហៅ និង​មីនីវីឡាដែល​មាន​ទំហំ​ធំ​ទូលាយ និង​មាន​តម្លៃ​ចាប់​ពី​ជាង​ 9ម៉ឺន​ដុល្លារ​ឡើង​ទៅ”។

អ្នកស្រី អ៊ឹង ឆេង​គីម ដែល​ជា​អតិថិជន​ម្នាក់​របស់​បុរី ថៃ ឈុនគ្រី បាន​និយាយ​ថា៖ “ខ្ញុំ​មក​ទិញ​ផ្ទះ​មួយ​ក្នុង​គម្រោង​នេះ​ដើម្បី​ទុក​លក់​យក​ប្រាក់​ចំណេញ ព្រោះ​សម្រាប់​អតិថិជន​ដែល​មក​ទិញ​មុន​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស”។ អ្នកស្រី​ បាន​ប្រាប់​ទៀត​ថា អ្វី​ដែល​ធ្វើឱ្យ​អ្នកស្រី​សម្រេច​ចិត្ត​ទិញ​ផ្ទះ​នៅ​ទីនោះ ព្រោះ​វា​ជា​ទីតាំង​ល្អ បើ​ទោះ​ជា​នៅ​ជាយក្រុង​បន្តិច​ក្តី ប៉ុន្តែ​ទីនោះ​មាន​បរិស្ថាន​ខ្យល់អាកាស​​ល្អ ពិសេស​មាន​ផ្សារ​ទំនើប​ធំៗ​ចំនួន​2 កំពុង​តែ​សាងសង់​ត្រៀម​បើក​ដំណើរ​ការ។

លោក ទ្រី ម៉េងអាន អនុប្រធាន​គម្រោង​បុរី​វិមាន​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា គម្រោង​ដីធ្លី ​វីឡាផ្ទះល្វែង នៅ​តំបន់​ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​ ទី2 ពិត​ជា​មានការ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​គម្រោង​ផ្ទះ​វីឡា​របស់​បុរី​វិមាន​ភ្នំពេញ ដែល​ស្ថិត​នៅ​ខាង​ជើង​ផ្សារអ៊ីអន​ទី2 ប្រមាណ​ជាង​1គីឡូម៉ែត្រ គ្រាន់​តែ​ប្រកាស​លក់​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង ត្រូវ​អតិថិជន​ទិញ​ស្ទើ​អស់​ដោយ​នៅ​សល់​ប្រមាណ​2%​ ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើឱ្យ​អតិថិជន​គាំទ្រ​គម្រោង​របស់​លោក​ខ្លាំង គឺ​ដោយ​សារ​ទី1 ជា​តំបន់​ប្រជុំជន​ថ្មី​នៅ​ជិត​គម្រោង​ផ្សារទំនើបៗ មាន​បរិយាកាស​ល្អ ចំណែក​គុណភាព​សំណង់ និង​សេវាកម្ម​សន្តិសុខ​ក៏​ល្អ​ផង​ដែរ។

ក្រុម​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​សុទ្ធ​តែ​បានអះអាង​ថា បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​សាងសង់​លំនៅឋាន​ ខុនដូ ​និង​អគារ​ពាណិជ្ជកម្ម​ពិត​ជា​កំពុង​កើត​មាន​ច្រើន​មែន​ក្នុង​តំបន់​នោះ​ តែ​ទោះ​បី​យ៉ាង​ណា​ពួក​គេ​បញ្ជាក់​ថា ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ជា​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូបង្ហូរ​​ទឹក​ហាក់​មាន​ភាព​តូចចង្អៀត​នៅ​ឡើយ៕

Advertisement