ហុងកុងចាប់ផ្តើមទទួលពលករកម្ពុជាទៅធ្វើការ

ភ្នំពេញៈ ទីក្រុងហុងកុងចាប់ផ្តើមអនុញ្ញាតឲ្យកម្ពុជាបញ្ជូនពលករទៅធ្វើការ​នៅតំបន់រដ្ឋបាលពិសេសរបស់ខ្លួនហើយ ដោយក្រុមហ៊ុនចំនួន6ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសពលករពីក្រសួងការងារ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើសបណ្តុះបណ្តាលបញ្ជូននិងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅព្រឹកថ្ងៃទី9ខែសីហានេះថា ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជាចំនួន6ដែលមានសិទ្ធិស្របច្បាប់ជ្រើ​សរើសនោះរួមមាន ក្រុមហ៊ុនថប មេនផៅវ័រ ក្រុមហ៊ុន អានីរីតា បេស មែនផៅវ័រ, ក្រុមហ៊ុន អ៉ឹង រិទ្ធី គ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេជេនស៊ី និងក្រុមហ៊ុន វីន វីន មេនផៅវ័រ។ ក្នុងនោះមានទីភ្នាក់ងារខ្លះមានបទពិសោធក្នុងការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនី ជំនួយការមេផ្ទះនៅប្រទេសសិង្ហបុរីនាពេលកន្លងមក និងមានមួយចំនួនទៀតជាទីភ្នាក់ងារមានការគ្រប់គ្រងបានល្អ និងពុំសូវមានវិវាទជាមួយពលករ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងការងារក៏បានស្នើសុំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើ​នកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងចាត់វិធានការតឹងរ៉ឹងចំពោះមេខ្យល់ខុសច្បាប់ឬក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណក្នុងការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះធ្វើ​យ៉ាង​ណាកុំឲ្យបងប្អូនប្រជាពលរដ្ឋខាតបង់ប្រាក់ដោយការចាញ់បោកជនខិលខូចទាំងនេះនិងស្នើឲ្យទីភ្នាក់​ងារទាំង6ដែលទទួលបានអាជ្ញាប័ណ្ណ​​ពីក្រសួងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធ្វើយ៉ាងណាត្រូវផ្គត់ផ្គង់ធនធានមនុស្សដែលមានគុណភាពដល់និយោជកនៅហុងកុង៕

Advertisement