ផ្សារ​ទំនើប​សូរិយា​បញ្ចប់​ការជួសជុល​ជា​ផ្លូវការ

ភ្នំពេញៈ ផ្សារ​ទំនើប​សូរិយា​បានបញ្ចប់​ការជួសជុល​រួចរាល់​ហើយ និង​ត្រៀម​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ។

លោក ហាប់ រិទ្ធី នាយក​គ្រប់គ្រង​ទូទៅ​នៃ​ផ្សារ​ទំនើប​សូរិយា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី10 ខែសីហា​នេះ​ថា ការជួសជុល​ផ្សារ​ទំនើប​ដែល​ចំណាយ​ប្រាក់​អស់​ជាង 5លាន​ដុល្លារ​នេះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ និង​គ្រោង​បើកសម្ពោធ​នៅ​ចុងឆ្នាំ​នេះ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ។ ការជួសជុល​នេះ បានធ្វើ​ឲ្យ​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​នេះ​មាន​ភាព​ទាក់ទាញ​នូវ​ភោជនីយដ្ឋាន និង​ផលិតផលថ្មីៗដែលមាន​ភាពល្បីល្បាញ​ជាច្រើន​ដើម្បី​លក់​នៅក្នុង​ផ្សារ​ទំនើប​នេះ។

បន្ទាប់ពី​ជួសជុល​រួច​ផ្សារ​ទំនើប​នេះ​ក៏បាន​រៀបចំ​ប្រព័ន្ធ​លក់​ថ្មី និង​ដាក់​តម្លៃ​ទំនិញ​ជាក់លាក់ ដោយ​មិនឱ្យ​កាត់ត​ម្លៃ​តាម​ការនឹកឃើញ​របស់​អាជីវករ​ទៀត​ទេ ពោលគឺ​ផ្សារ​នេះ​នឹង​រៀបចំ​ជា​ស្តង់ដារ​អន្តរជាតិ​មួយ។

លោក ហាប់ រិទ្ធី បាន​បន្តថា “រហូតមកទល់​ពេលនេះ​យើង​មិនទាន់​ទទួលបាន​ព័ត៌មាន​ថា ផ្សារ​ទំនើប​នេះ​នឹង​ទាក់ទាញ​អតិថិជន​ច្រើនជាង​មុន ឬ​អត់​នោះទេ ប៉ុន្តែ​យើង​រំពឹងថា វា​នឹង​ទាក់ទាញ​អតិថិជន​ច្រើនជាង​មុន។

លោក ឆា​រស៍ វ៉ាន់ តំណាង​អ្នកវិនិយោគ​គម្រោង​នេះ​បាន​មានប្រសាសន៍ថា ផ្សារ​ទំនើប​នេះ​បាន និង​កំពុង​រៀបចំ​ប្រព័ន្ធ​នៃ​ការលក់ ការ​រចនា និង​ការរៀបចំ​ទំនិញ​តាម​ស្តង់ដារ​អន្តរជាតិ​ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុងស្រុក​ផង និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ផង ព្រោះ​តំបន់​នេះ​ជា​តំបន់​ដែលមាន​ភ្ញៀវទេសចរ​បរទេស​ចេញចូល​ច្រើន។

លោក​បន្តថា “ការជួសជុល​នេះ​មិនមាន​ការកែប្រែ​លើ​ទម្រង់​អគារ​របស់​ផ្សារ​នោះទេ ប៉ុន្តែ​ជាការ​កែ​ប្លង់​មួយចំនួន​នៅ​ខាងក្នុង​ផ្សារ និង​រៀបចំ​ប្រព័ន្ធ​លក់​ឡើងវិញ ពិសេស​មានការ​ដាក់លក់​ផលិតផល​គ្រឿង​អនុស្សាវរីយ៍ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​នេះ​កាន់​តែមាន​ទំនិញ​សម្បូរបែប និង​ទាក់ទាញ​ភ្ញៀវ​ជាតិ-អន្តរជាតិ”៕

Advertisement