អីយ៉ា! ប្រទេស​ស្វ៊ី​ស ចាប់អារម្មណ៍​លើ​ផ្នែក​ម្ហូបអាហារ​នៅ​កម្ពុជា​ហើយ​តើ!?

ភ្នំពេញ – ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍2017-2025 ក្នុងការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​កំពុងមាន​តម្រូវការ​ខ្ពស់ សាមីក្រសួង​បានគ្រោង​នឹង​អនុវត្ដ​គម្រោង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) ។

សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) ជា​សាលា​បណ្តុះបណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញ​ធ្វើ​ម្ហូប​ស្របតាម​កម្មវិធីសិក្សា​អាស៊ាន ដែល​ក្រសួងទេសចរណ៍​បានដាក់ចុះ និង​កម្មវិធីសិក្សា​រប​ស់​សាលា Lusan ប្រទេស​ស្វ៊ី​ស។ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) នឹង​ជួយ​បណ្តុះបណ្តាល​យុវជន​កម្ពុជា ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

វគ្គ​សិក្សា​នៅ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC) មាន​រយៈពេល 2ឆ្នាំ ដែល​សិស្សានុសិស្ស​នឹងមាន​ការ​ទទួលស្គាល់​គុណវុឌ្ឍិ​ពី​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ ដែល​គេ​មើលឃើញថា ការសិក្សា​លើ​ជំនាញ​នេះ​រយៈពេល2ឆ្នាំ​នឹង​ទទួលបាន​ឱកាស​ធ្វើការ​ទទួលបាន​ប្រាក់បៀវត្សរ៍​ចាប់ពី 400-500 ដុល្លា​អាមេរិក ឬ​ពួកគាត់​អាចបង្កើត​អាជីវកម្ម​ក្នុង​សេវាកម្ម​ភោជនីយដ្ឋាន​ដោយ​ខ្លួនឯង​ក៏បាន។

សិក្ខាសាលា “ភាពជា​ដៃគូ​រដ្ឋ-ឯកជន​ក្នុងការ​អនុវត្ត​គម្រោង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC)” ត្រូវបាន​រៀបចំឡើង​ដោយមាន​ការចូលរួម​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ ACAC និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងពាណិជ្ជកម្ម នាយក​អង្គការ Shift 360 ព្រមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អង្គការ​ជាតិ -អន្តរជាតិ សាលា​បណ្តុះបណ្តាល សមាគម​ចុងភៅ និង​ភាគី​ឯកជន​ប្រមាណ35រូប នៅ​ទីតាំង​សលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ម្ហូបអាហារ (ACAC)។

រយៈពេល6ខែ​ដើមឆ្នាំ2017 នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ2.6លាន​នាក់ កើនឡើង​ប្រមាណ 12.8% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ នៅ​ឆ្នាំ2020 កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 7លាន​នាក់ បង្កើត​ការងារ​បាន​ជិត1លាន​នាក់ និង​នាំ​ចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ5ពាន់​លាន​ដុល្លារ។

ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ2020 ក្រសួងទេសចរណ៍​បានដាក់​ចេញ​ផែនការ​សកម្មភាព និង​យុទ្ធនាការ​រយៈពេល​ខ្លី និង​មធ្យម ដោយ​ផ្តោតលើ​ជ្រុង​យុទ្ធសាស្ត្រ​ចំនួន 4គឺ

ទី1.ការបង្កើត និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មី
ទី2.ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍
ទី3. ការអនុវត្ត​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ក្នុង​វិស័យ​ទេសចរណ៍ (E-Tourism)
ទី4. ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស

បច្ចុប្បន្ន​ក្រសួងទេសចរណ៍​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​អាស៊ាន​ចំនួន 30រូប គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ជាតិ​ចំនួន542រូប ឯកសារ​បណ្តុះបណ្តាល 976ក្បាល អ្នកជំនាញ​ទេសចរណ៍​ប្រមាណ2,000នាក់ ទទួលស្គាល់​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន 12 និង បង្កើត​សាលាថ្មីៗ រួមមាន​សាលា​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន២ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ក្រោម​ឥណទាន​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD)៕

Advertisement