រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ក្ដៅ ដើម្បី​រំដោះ​ទីក្រុង​ចេញពី​ការកកស្ទះ​ចរាចរណ៍

ភ្នំពេញ – ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក៏ដូចជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​រស់នៅក្នុង​ក្រុងភ្នំពេញ​ទៅលើ​ការប្រើប្រាស់​ផ្លូវថ្នល់ ថ្មីៗនេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ក្តៅ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ចរាចរណ៍។

ឈានចូល​មកដល់​ដើមខែ​សីហា ឆ្នាំ2017នេះ គេ​មើលឃើញថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​សេចក្តីណែនាំ និង​វិធាន​ក្ដៅ​ស្ដីពី​ការដោះស្រាយ​បញ្ហា​ចរាចរណ៍ និង​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាមរយៈ​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ លើកកម្ពស់​កិត្តិយស​ជាតិ និង​កាត់បន្ថយ​បាន​នូវ​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ ធ្វើយ៉ាងណា​ឱ្យ​ការធ្វើដំណើរ​តាម​ដង​ផ្លូ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ពី​ការ​ជ្រើស​យក​ផ្លូវសំខាន់ៗចំនួន11ខ្សែ ក្នុង​រាជធានី​ភ្នំពេញ ធ្វើជា​អាទិភាព​គំរូ សម្រាប់​អនុវត្ត​វិធានការ​ដោះស្រាយ​ចរាចរណ៍ និង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ មុននឹង​បន្ត​អនុវត្ត​ចំពោះ​បណ្តា​ទីតាំងផ្សេងៗទៀត។ ក្នុងនោះ​មាន មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ,មហាវិថី​ព្រះមុនីវង្ស , មហាវិថី​កម្ពុជា​ក្រោម , មហាវិថី​ម៉ៅ​សេទុង , មហាវិថី​ព្រះសីហនុ និង​មហាវិថី​នេ​រុ​ហ៍ , មហាវិថី​ព្រះ​នរោត្តម , មហាវិថី​សម្តេច​មុនី​រ៉េត , ផ្លូវ​ឧកញ៉ា​ទេព​ផន , មហាវិថី​ហ្សា​ល​ដឺ​ហ្គោល  ,មហាវិថី​យោធពលខេមរភូមិន្ទ (ផ្លូវ271) និង​ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង (ផ្លូវ​លេខ70) និង​ចុងក្រោយ​តីរវិថី​ព្រះស៊ីសុវត្ថិ។ ដោយ​ការ​អនុវត្ដ​នោះ​ត្រូវ​ផ្ដោតលើ​គោលដៅសំខាន់3 គឺ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជិ​វក​ម្ម  ការចូលរួម​សហការ​ពី​គណៈបញ្ជាការ​ខណ្ឌ​ទាំង12 និង​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

តាមរយៈ​ការ​អនុវត្ដ​នេះ​សាលា​រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ គណៈបញ្ជាការ​គ្រប់​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត។ ក្នុងនោះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានកំណត់​គោលដៅ​ជាច្រើន​ប្រភេទ​ដូចជា​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវ​កម្មដ្ឋាន មន្ទី​ពេទ្យ សាលារៀន វិស័យ​ឯកជន អគារ​សាធារណៈ ម្ចាស់​លំនៅដ្ឋាន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ដែល​ត្រូវអនុវត្ត មាន 5ចំណុច៖

1/ ហាម​ចត​យានយន្ត​គ្រប់​ប្រភេទ​លើ​ទ្រូងផ្លូវ
2/ ហាម​ដាច់ខាត​មិន​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើមផ្លូវ លើសពី1/3 (មួយ​ភាគបី)  ឬ​ប្រើប្រាស់​ទ្រូងផ្លូវ​ដើម្បី​ទុក​សម្ភារ​សំណង់​របស់ខ្លួន ដូចជា ដែក ខ្សាច់ ក្រួស ថ្ម ជាដើម។
3/ រថយន្ត​ដឹកទំនិញធំៗ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ត្រូវ​ចេញចូល គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ និង​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ក្នុងការ​លើកដាក់ ផ្ទេរ​ទំនិញ និង​បាញ់​បេតុង។ ក្នុងករណី​ចៀសវាង​មិនបាន ត្រូវអនុវត្ត​ការលើកដាក់​ទំនិញ និង​ការបាញ់​បេតុង​ចាប់ពី​ម៉ោង 9យប់​រហូតដល់​ម៉ោង 6ព្រឹក។
4/ ការរៀបចំ​សម្ភារ ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់តាំង​លក់ អាច​ប្រើប្រាស់​ចំណែក​ចិញ្ចើមផ្លូវ​បាន​ត្រឹម1ភាគ3 ជា​លក្ខណៈ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ដោយ​ទុក 2ភាគ3 សម្រាប់​ថ្មើរជើង និង​បម្រើឱ្យ​ការងារ​សណ្តាប់ធ្នាប់ និង​ចរាចរណ៍។
5/ រាល់​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើជា​ទីតាំង​ផ្ញើ​កង់ ម៉ូតូ​មិនត្រូវ​ឱ្យលើស​ពី 1ភាគ3 ឡើយ។

ជាមួយគ្នានេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ណែនាំ​ដល់​បញ្ជា​ការឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ទាំង12ឱ្យ​ត្រូវតែ​អនុវត្តតាម​មាន 5ចំណុច ៖ 

1/ ត្រូវ​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន និង​កំពុង​ប្រើប្រាស់​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​ដោយ​រំលោភបំពាន ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ឱ្យ​ចូលរួម​អនុវត្តតាម​ស្មារតី​នៃ​សេចក្តីណែនាំ​នេះ។ ក្នុងករណី​នៅតែ​មិន​អនុវត្តតាម​ការណែនាំ​នេះ មន្ត្រី​អនុវត្តន៍​ត្រូវធ្វើ​កំណត់ហេតុ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន។
2/ ត្រូវ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន និង​ម្ចាស់​ទីតាំង​អាជីវកម្ម​នានា​ឱ្យ​គោរព​តាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ក្នុងករណី​ពុំ​ព្រម​អនុវត្តតាម​អាជ្ញាធរ​ខណ្ឌ​ត្រូវ​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ផាកពិន័យ​តាមច្បាប់ និង​អាច​ឈានទៅ​បិទ​ទីតាំង​អាជីវកម្ម។
3/ ត្រូវធ្វើ​ការណែនាំ និង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​ម្ចាស់​ការដ្ឋាន​ដែល​រំលោភបំពាន​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ ក្នុងករណី​មិន​រាងចាល​ត្រូវ​ផ្អាក​ការដ្ឋាន​នោះ​ភ្លាម។
4/ ត្រូវ​ចុះ​ល្បាត និង​ឃ្លាំមើល​ជាប្រចាំ​ចំពោះ​រថយន្ត​ដឹកទំនិញធំៗ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រ​ទ្បុ​ក​ស៊ីម៉ង់ត៍ និង​ត្រូវមាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុងករណី​ការចេញចូល​រាជធានី​ភ្នំពេញ​ខុសពី​សេចក្តីណែនាំ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ។
5/ ត្រូវអនុវត្ត​ការងារ​តាម​ការណែនាំ​ខាងលើនេះ​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់ និង​ទន់ភ្លន់ និង​ត្រូវ​រាយការណ៍​ប្រចាំ​សប្តាហ៍​អំពី​លទ្ធផល​នៃ​ការងារ​នេះ​មក​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ឱ្យបាន​ទៀងទាត់ និង​ទាន់ពេលវេលា។

សម្រាប់​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ត្រូវអនុវត្ត គឺមាន 2ចំណុច៖

1/ បន្ថែម​កម្លាំង​នគរបាល​ចរាចរណ៍​ដោះស្រាយ​បញ្ហា​ចរាចរណ៍​តាម​គោលដៅ​ដែលមាន​ការកកស្ទះ​នៅ​ចន្លោះ​ម៉ោង​មមាញឹក​គឺ​ម៉ោង7 និង30នាទី ដល់​ម៉ោង8 និង30នាទី ម៉ោង11 និង30នាទី​ដល់​ម៉ោង12 និង30នាទី និង​ម៉ោង17និង០០នាទី​ដល់​ម៉ោង17និង3០នាទី។
2/ រៀបចំ​រថយន្តស្ទូច​ដើម្បី​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង12ដើម្បី​អនុវត្ត​វិធានការ​ច្បាប់។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​សង្កត់ធ្ងន់ថា បន្ទាប់ពី​ដាក់ចេញ​សេចក្តីណែនាំ គឺ​ប្រជាពលរដ្ឋ គ្រឹៈ​ស្ថាន​ឯកជន ស្ថាប័ន​សាធារណៈ និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​មាន​រយៈពេល 2សប្តាហ៍​ដើម្បី​ធ្វើការ​សម្រួល និង​រៀបចំ​ទីតាំង​របស់ខ្លួន​ឱ្យ​ស្របតាម​ការណែនាំ ហើយ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវអនុវត្ត​សេចក្តីណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ៕

Advertisement