ដឹង​ទេ​ថា មួយថ្ងៃ​មាន​សំរាម​ប៉ុន្មាន​ពាន់​តោន​ត្រូវបាន​ដឹក​ចេញពី​ភ្នំពេញ?

ភ្នំពេញ៖ សំរាម​គឺជា​ប្រភព​បង្កឱ្យមាន​មេរោគផ្សេងៗប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស​ទូទៅ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​កាត់​បន្ថយ និង​កម្ចាត់​សំរាម​ទាំងអស់គ្នា មិន​ថា​ប្រជាពលរដ្ឋ អាជីវករ ឬ​អាជ្ញាធរ​នោះទេ ដើម្បី​រួមគ្នា​សម្អាត​ទីក្រុង សម្អាត​ទីកន្លែង​រស់នៅ​របស់​យើង​ឱ្យមាន​បរិយាកាស​ល្អ ផ្តល់នូវ​ផាសុកភាព។

តាម​របាយការណ៍​រប​ស់​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា យ៉ាងហោច​មាន​សំរាម​ប្រមាណ​ជា 2,000តោន ត្រូវបាន​គេ​ដឹក​ចេញពី​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​យកទៅ​ចាក់ចោល​នៅ​ទីកន្លែង​ជាយក្រុង​ដាច់ស្រយាល។ តែ​ទោះជា​យ៉ាងនេះ​ក៍ដោយ ក៏​សំរាម​នៅតែ​ជា​បញ្ហា​ក្តៅ​ដែល​បង្កឱ្យមាន​ការរិះគន់​ទៅដល់​អាជ្ញាធរ​នៅឡើយ ដោយសារតែ​សំរាម​ត្រូវបាន​គេ​មើលឃើញថា បាន​ទុកចោល​ពាសវាល​ពាសកាល​នៅតាម​ដងផ្លូវ​សាធារណៈ ឬ​តាម​ទីកន្លែង​លក់ដូរ​នានា។

ដើម្បី​កែប្រែ​សំរាម​ឱ្យ​កើតជា​ប្រយោជន៍ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះថា គ្រួច​ស័ក​ដា​ខូ​អិ​ល​ធី​ឌី​បាន និង​កំពុង​ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​កែច្នៃ​សំរាម​ទៅជា​ជីសរីរាង្គ​សម្រាប់​យកទៅ​ចែកចាយ​ដល់​កសិករ​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម។ តែ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​មានលទ្ធភាព​អាច​កែច្នៃ​សំរាម​ទៅជា​ជីសរីរាង្គ​បាន​ចំនួន​ចាប់ពី70ទៅ150តោន​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ និង​ត្រូវការ​ផ្ទៃដី​ចំនួន4,000ម៉ែត្រការ៉េ​ឯណោះ​ដើម្បី​ធ្វើជា​កន្លែង​ផលិតកម្ម​ក្នុង​ប្រតិ​ប​ត្ដិ​ការវិនិយោគ​របស់ខ្លួន។

ជាមួយគ្នានេះ​សាលា​រាជធានី​ភ្នំពេញ​នៅតែ​បន្ដ​លើកទឹកចិត្ត​ដើម្បី​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​វិស័យ​ឯកជន និង​ជាពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ដល់​ការសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​អំពាវ​នា​ឱ្យ​ក្រុមហ៊ុន​នានា​ចូលរួម​វិនិយោគ កែច្នៃ​សំរាម​ទៅជា​ជីសរីរាង្គ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត៕

Advertisement