ប្រមុខ​រដ្ឋាភិបាល និង​អ្នកជំនាញ និយាយ​ពី​ឥទ្ធិពល​ដុល្លារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ វា​មិនមែនជា​រឿង​ថ្មី​ទេ​ក្នុង​បរិបទ​កម្ពុជា ប៉ុន្តែ​វា​នៅតែ​ជា​ប្រធានបទ​ក្តៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​នេះ​ទាក់ទង​នឹង​ឥទ្ធិពល​ដុល្លារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា​ដែល​កាន់​តែមាន​ភាព​ប្រកួតប្រជែង​ខ្លាំង។

សេដ្ឋវិទូ​នានា​បានលើកឡើង​ស្រដៀង​គ្នា​ទាក់ទង​នឹង​ប​ដិ​ដុល្លារ​នីយកម្ម​ក៏ដូចជា​ការលើកកម្ពស់​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ចជាតិ​ដែរ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ Emerging Market Consulting បាន​ថ្លែងថា ការប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា​មិនទាន់មាន​សញ្ញា​ថា​ថមថយ​នៅឡើយ​ទេ ព្រោះ​រដ្ឋាភិបាល​កំពុង​ធ្វើកំណែទម្រង់​ក្នុងដំណាក់កាល​ក្មេងខ្ចី​មែនទែន ដែល​ធ្វើ​ឲ្យ​ដុល្លារ​នៅតែមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សេដ្ឋកិច្ចកម្ពុជា។ លោក​បន្តថា ការប្រើប្រាស់​ប្រាក់​ដុល្លារ​វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល ឬ​ធនាគារជាតិ​នៃ​កម្ពុជា​ពិបាក​ក្នុងការ​ត្រួតពិនិត្យ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​ងាយ​រងគ្រោះ​ពី​ការប្រែប្រួល​នៃ​និន្នាការ​សេដ្ឋកិច្ចពិភពលោក។

លោក​បន្តថា “ការប្រើប្រាស់​ប្រាក់​ដុល្លារ​មាន​ចំណុច​អវិជ្ជមាន​ច្រើនជាង​ការប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ ព្រោះ​វា​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​ក្នុងការ​ប្រកួតប្រជែង  ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ និង​មាន​យន្តការ​ជាជំហានៗ និង​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព។ លោក​បន្តថា “យើង​មិនអាច​បត់ (ធ្វើ​ប​ដិ​ដុល្លារ) លឿន​ពេក​បាន​នោះទេ ព្រោះ​វា​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​យើង។

លោក ង៉ែត ជូ បាន​បន្តថា ការកែទម្រង់​នេះ​ទាមទារ​យ៉ាងហោចណាស់រ​យៈ​ពេល​មធ្យម ឬ​រយៈពេល​ពី 3ទៅ 5ឆ្នាំ និង​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ច្បាស់លាស់ មិនមែន​ដូច​ការលើកឡើង​របស់​គណបក្សនយោបាយ​ដែល​ចង់​ធ្វើ​ប​ដិ​ដុល្លារ​នីយកម្ម​បានភ្លាមៗនោះទេ។ ប្រសិនជា​ធ្វើ​បែប​នោះ​មែន វា​នឹងរង​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង ព្រោះ​មូលធន​របស់​យើង​ពី​បរទេស គឺ​យក​ជា​ប្រាក់​ដុល្លារ។

លោក​បន្តថា “យើង​មិនអាច​យក​ឆន្ទៈ​មក​អនុវត្តន៍​តាមចិត្ត​នោះទេ វា​ត្រូវការ​ពេលវេលា និង​ត្រូវ​ការសិក្សា​ស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​ច្បាស់លាស់​សិន។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការប្រើប្រាស់​ប្រាក់​ដុល្លារ​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​ប្រសិនជា​គិត​រយៈពេល​វែង ដើម្បី​អភិវឌ្ឍ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា កម្ពុជា​គួរតែ​ធ្វើ​ប​ដិ​ដុល្លារ​នីយកម្មបណ្តើរៗ និង​ធ្វើ​ឲ្យ​បាន​លឿន​ប្រសិនជា​គិតពី​ជាតិនិយម និង​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង។ លោក​បន្តថា មានការ​លើកឡើងថា ការប្រើប្រាស់​ប្រាក់​ដុល្លារ​ជាការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជួយ​ទាក់ទាញ​អ្នកវិនិយោគ គឺ​ត្រឹមត្រូវ! វា​គឺជា​ផ្នែក​មួយ​មិនអាច​ប្រកែក​បាន ប៉ុន្តែ​បើ​និយាយ​ពី​ការប្រកួតប្រជែង​វា​ជា​រឿង​មួយ​ផ្សេងទៀត។

លោក​បណ្ឌិត​បាន​បន្តថា “នៅពេល​សេដ្ឋកិច្ច​របស់​យើង​ប្រើប្រាស់​ប្រាក់​ដុល្លារ ហើយ​ពេល​ដុល្លារ​ឡើងថ្លៃ​ធ្វើ​ឲ្យ​ទំនិញ​យើង​នាំចេញ​មានតម្លៃ​ថ្លៃ​ដែល​ធ្វើ​ឲ្យ​កម្រិត​នៃ​ភាព​ប្រកួតប្រជែង​របស់​យើង​ធ្លាក់ចុះ។ លោក​បន្តថា “យើង​ចាញ់​ប្រៀប​ប្រទេសជិតខាង​ដែល​គេ​ប្រើប្រាស់​រូបិយប័ណ្ណ​របស់គេ ហើយ​កម្ពុជា​ប្រើប្រាស់​ដុល្លារ គឺ​ពិតណាស់​យើង​ពិបាក​ប្រកួតប្រជែង​ជាមួយ​គេ។

ជាមួយគ្នានេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី6 ដល់9 ខែសីហាថ្មីៗនេះ​ក៏បាន​លើកឡើង​ទាក់ទង​នឹង​សេដ្ឋកិច្ចកម្ពុជា​ដែល​ប្រើប្រាស់​ប្រាក់​ដុល្លារ​ផងដែរ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​អ្នកវិនិយោគ​ជប៉ុន​ក្នុង​សិក្ខាសាលា​ស្តីពី​ការវិនិយោគ​ដែល​រៀបចំ​ដោយ​សមាគម​ជប៉ុន កម្ពុជា និង​អង្គ​ការពា ណិ​ជ្ជ​កម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) ថា កម្ពុជា​មិនទាន់​ធ្វើ​រៀល​រូបនីយកម្ម​ទេ មានតែ​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល ប៉ុន្តែ​ក៏​មិន​បង្ខំ​ឲ្យ​អ្នកវិនិយោគ​យកប្រាក់​ដុល្លារ​ដូរ​យកប្រាក់​រៀល​ដែរ។ សម្តេច​បន្តថា ដោយសារតែ​បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​ប្រាក់​ចូលមក​កម្ពុជា​ក៏មាន​ការប្រើប្រាស់​ប្រាក់​ដុល្លារ ប្រាក់​ហ្វ្រ​ង់​របស់​បារាំង ប្រាក់​របស់​ប្រទេស​ស្វ៊ី​ស និង​ប្រាក់​របស់​រុស្ស៊ី​ជាដើម ហើយ​ជំនាន់​អ៊ុនតាក់ ប្រាក់​ដុល្លារ​បាន​ចូលមក​កម្ពុជា​យ៉ាងគំហុក ក្នុង​ឆ្នាំ1992 និង​ឆ្នាំ1993។

សំដៅ​ដល់​ការធ្វើ​ប​ដិ​ដុល្លារ​នីយកម្ម សម្តេច​តេ​ជោ​បាន​ថ្លែងថា “ខ្ញុំ​គិតថា​មិនត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ កុំ​បង្ខំ ហើយ​ខ្ញុំ​អាច​គិត​បាន​ថា ពេលដែល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​បានចាប់ផ្តើម​ជាមួយនឹង​ការធ្លាក់ចុះ​តម្លៃ​ប្រាក់​បាត​មាន​ចំណែក​មួយ​ដែល​ជួយ​ឲ្យ​កម្ពុជា​មិន​ធ្លាក់​ក្នុង​វិបត្តិ គឺ​ក្នុងពេលនោះ​ក៏មាន​ចំណែក​ដែល​យើងខ្ញុំ​អនុញ្ញាត​ឲ្យ​ទីផ្សារ​កាត់សេចក្តី​តាមរយៈ​ការប្រើប្រាស់​រូបិយប័ណ្ណ​មួយណា។ សម្តេច​បន្តថា “ការបើក​ទូលាយ​ក្នុងការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស នៅ​ទីផ្សារ​កម្ពុជា​បានផ្តល់​ផលប្រយោជន៍ និង​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ  ដោយ​ពួកគេ​អាច​កាន់​ប្រាក់​របស់​ប្រទេស​គេ​មក​ចាយវាយ​នៅ​កម្ពុជា​បាន​ដោយ​មិនចាំបាច់​ប្តូរ​យកប្រាក់​រៀល​ក៏បាន”៕

Advertisement