កម្ពុជា​នឹងមាន​ផ្លូវ​រថភ្លើង​លើ​អាកាស​ជា​លើកដំបូង

ភ្នំពេញ៖ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​មហាមិត្ត​ជប៉ុន​បានសម្រេច​សង់​ផ្លូវ​រថភ្លើង​អាកាស​មួយ​ខ្សែ ព្រមទាំង​ផ្តល់​រថភ្លើង​ធុន​ស្រាល​សម្រាប់​បម្រើ​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ​តាម​សំណើសុំ​របស់​រដ្ឋាភិបាល​កម្ពុជា។

ព័ត៌មាន​ផ្លូវការ​ពី​ក្រសួង​បរទេស​កម្ពុជា​បានឱ្យដឹងថា  ការផ្តល់​ជំនួយ​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ​ធ្វើឡើង​ក្នុងពេលដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ឯកឧត្តម ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ឯកភាព​ជំរុញ​ការអនុវត្ត​គម្រោង​អាទិភាព​មួយចំនួន​ដូចជា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​អ្នកដំណើរ និង​ចរាចរណ៍​ក្នុង​រាជធានី គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ភ័ស្តុភា​កម្ម​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​បម្រើ​វិស័យ​ឧស្សាហកម្ម។

ហើយ​ក្នុងពេលឆាប់ៗនេះ ជប៉ុន​នឹងសិក្សា​ពី​គម្រោង​បង្កើត​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ស្វ័យ​ប្រព័ន្ធ​លើ​អាកាស​ដែល​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ព្រមទាំង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​ទៀតផង។ គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​នេះ​នឹង​រត់​ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​ច្រើន​រហូតដល់ 800លាន​ដុល្លារ​អាមេរិក។

គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​អាច​លើកកម្ពស់​សោភ័ណភាព​រាជធានី និង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​នៅលើ​ឆាក​អន្តរជាតិ​ទៀតផង៕

Advertisement