កម្ពុជា​ពង្រីក​ការចាយ​ប្រាក់រៀល​ទៅដល់​ប្រទេស​ចិន​ជា​លើកដំបូង

0

ភ្នំពេញ៖ បច្ចុប្បន្ន​គេ​សង្កេតឃើញថា រូបិយប័ណ្ណ​បរទេស​កំពុង​ចរាចរ​យ៉ាង​ផុលផុស​នៅលើ​ទីផ្សារ​កម្ពុជាពិសេស​នៅតាម​ព្រំដែន​ថៃ​គេ​និយម​ចាយលុយ​បាត ហើយ​នៅតាម​ព្រំដែន​វៀតណាម​គេ​និយម​ចាយលុយ​ដុង​ទៀតផងដែល​ធ្វើឱ្យ​ប្រាក់រៀល​ខ្មែរ​កាន់តែ​ថយឥទ្ធិពលប៉ុន្តែ​យ៉ាងណាក្តី​បច្ចុប្បន្ន​ប្រាក់រៀល​ខ្មែរ​ដែលជា​រូបិយវត្ថុ​ជាតិ​បាន​ពង្រីក​ខ្លួន​ទៅដល់​ប្រទេស​ចិន​ហើយ។ ថ្មីៗនេះ​លោកស្រី Yang Zhengdong អគ្គនាយិកា​រង​សាខា​ធនាគារកណ្តាល​ចិន​បាន​ដឹកនាំ​ប្រតិភូ​មក​ធ្វើ​ទស្ស​កិច្ច​នៅ​កម្ពុជា និង​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ ជា សី​រី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រុមការងារ​ដោយបាន​ព្រមព្រៀង​លើ​ទំនាក់ទំនង​ហិរញ្ញវត្ថុ​មួយចំនួន​ក្នុងការ​លើកកម្ពស់​ប្រាក់រៀល និង​ប្រាក់​យ័ន​រួមគ្នា។

កិច្ច​ពិភាក្សាបាន​ឈានដល់​ការឯកភាព​គ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ទ្វេភាគី​លើ​ចំណុចសំខាន់ៗដូចជា៖ 1.ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​ក្នុងការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី។ 2.ការដាក់​ដំណើរការ​ជួញដូរ​ប្រាក់រៀល និង​ប្រាក់​យ័ន​ចិន​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​ក្នុង​តំបន់​ខេត្ត Guangxi។ 3.ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុងការ​ស៊ើបអង្កេត​ឥណទាន និង4.ការផ្លាស់ប្តូរ​លទ្ធផល​វិភាគ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការលាង​សម្អាត​លុយ​ឆ្លង​ប្រទេស។

លោកជំទាវ​មានប្រសាសន៍ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី3ហើយ​បន្ទាប់ពី​ក្រុមការងារ​ធនាគារជាតិ​នៃ​កម្ពុជា និង​សាខា​ធនាគារកណ្តាល​ចិន ខេត្ត Guangxi បាន​សិក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ខាងលើជាពិសេស​ការជំរុញ​ការប្រើប្រាស់​ប្រាក់​យ័ន​ចិន និង​ប្រាក់រៀល​ខ្មែរ​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី។

គួរ​បញ្ជាក់ថា ធនាគារកណ្តាល​ចិន​ខេត្ត Guangxi បាន​ជំរុញ​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុង​ប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​កា​ហ្សា​ក់​ស្ថាន និង​វៀតណាម ជាដើម។ បច្ចុប្បន្នធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ផ្សាយ​អត្រា​ប្តូរ​ប្រាក់រៀល-យ័ន​នៅលើ​គេហទំព័រ​របស់ខ្លួន​រួចហើយហើយ​នាពេលខាងមុខ​ដ៏​ខ្លី ធនាគារកណ្តាល​ចិន ខេត្ត Guangxi ក៏​នឹងដាក់​ផ្សាយ​អត្រា​ប្តូរប្រាក់​យ័ន-រៀល​នៅលើ​ទីផ្សារ​អន្តរ​ធនាគារ​របស់ខ្លួន​ដែរ។ គួរ​បញ្ជាក់ថា ធនាគារកណ្តាល​ចិន​គ្រោង​នឹង​ប្រារព្ធ​ពិធី​ដាក់​ផ្សព្វផ្សាយ​អត្រា​ប្តូរប្រាក់​យ័ន-រៀល​នេះ​នៅ​ខែកញ្ញាឆ្នាំ2017ខាងមុខ។ ការដាក់​ផ្សាយ​អត្រា​ប្តូរប្រាក់​ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់​ជម្រើស​ដល់​គ្រឹះស្ថាន​ធនាគារ​ចិនវិនិយោគិន ពាណិជ្ជករឬ​ទេសចរ​ចិន​អាច​ទទួលបាន​ប្រាក់រៀល​នៅក្នុង​ទីផ្សារ​អន្តរ​ធនាគារ​ចិន​ដែល​នេះ​គឺជា​ការផ្តល់​តម្លៃ​ដល់​ប្រាក់រៀល​លើ​ឆាកអន្តរជាតិ​ថែមទៀត៕

ចែករំលែក