ចង់ដឹង​ទេ! កម្ពុជា​នាំ​ទំនិញ​អ្វី​ខ្លះទៅ​អាមេរិក ហើយ​អាមេរិក​នាំ​ទំនិញ​អ្វី​ខ្លះមក​កម្ពុជា​វិញ?

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល6ខែ ឆមាស​ទី1ដើមឆ្នាំ 2017កន្លងមក​មានតម្លៃរ​ហូត​ដល់ 1.54ពាន់​លាន​ដុល្លារ ដោយបាន​កើនឡើង​ប្រមាណ​ជា14% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ ចំណែក​នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ2016 ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន 3.2 ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ថ​យ​ចុះ 7,32% ក្នុង​ឆ្នាំ 2015

យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាៈ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​សហរដ្ឋ​អាមេរិក​ក្នុង​កម្ពុ​ជាមាន​ចំនួន​ប្រហែល 14,557,672 ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ 2014។ សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ធំ​បំផុត​ទី2របស់​ប្រទេស​កម្ពុជា​សម្រាប់​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង វាយ​ន​ភណ្ឌ អង្ករ គ្រឿងសង្ហារិម សម្ភារ​ក្មេង​លេង ជ័រ កៅស៊ូ ផលិតផល​ធញ្ញជាតិ សេ​រ៉ា​មិ​ក ឈើ និង​សត្វ​នៅរស់ និង​ចំណី​សត្វ​ជាដើម។

របាយការណ៍​ដដែល​បាន​បង្ហាញថា ការនាំចេញ​ចម្បង​រប​ស់​សហរដ្ឋអាមេរិក​ម​ក​កាន់​ប្រទេស​កម្ពុជា​មានដូចជា យានយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​វេជ្ជសាស្ត្រ និង​អគ្គិសនី វាយ​ន​ភណ្ឌ ក្រដាស ផ្លែឈើ និង​ធញ្ញជាតិ​ជាដើម។ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ2006 គឺជា​កិច្ចសន្ទនា​ទ្វេភាគី​សំខាន់​រវាង​រដ្ឋាភិបាល​ទាំងពីរ ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​កិច្ចសន្យា​ទាំងនោះ និង​បញ្ហា​ទាក់ទង​នឹង​ការវិនិយោគ និង​ពាណិជ្ជកម្មផ្សេងៗទៀត។

ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរឡើង កាលពី08 សីហា​កន្លងទៅនេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​ប្រតិភូ​ជួបពិភាក្សា​ជាមួយ​ឧបការី​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅ​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​យុទ្ធសាស្ត្រ​ក្រោម​រដ្ឋបាល​ថ្មី​ដើម្បី​ពង្រីក និង​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំង2។ ហើយ​អាមេរិក​សន្យាថា នឹង​ជួយ​ពង្រឹង​ការងារ​ពាណិជ្ជកម្ម​កម្ពុ​ជា​ឱ្យមាន​ភាពប្រសើរឡើង ដោយ​គណៈប្រតិភូ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ពិនិត្យឡើងវិញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការងារ​និង​ពលកម្ម ការការពារ​កម្មសិទ្ធិ​បញ្ញា និង​បង្កើន​ការទាក់ទាញ និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ក្នុង​វិស័យ​តែមួយ និង​បរិយាកាស​វិនិយោគ៕

Advertisement