ផ្សារ​ទំនើប Olympia Plaza នឹង​បើក​ឲ្យ​អាជីវករ​ជួល​តូប​នៅ​ចុង​ឆ្នាំនេះ

0

ភ្នំពេញៈ ផ្សារ​ទំនើប​តម្លៃ 80លាន​ដុល្លារ កម្ពស់ 8ជាន់​ស្ថិតនៅក្នុង​គម្រោង​Olympia Plaza នឹង​បើក​ឲ្យ​អាជីវករ​ចាប់ផ្តើម​ជួល​ស្តង់​នៅ​ចុងឆ្នាំ​នេះហើយ ដើម្បី​ឈានទៅ​ការបើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ 2018ខាងមុខ។

លោក ម៉េង ចំរើន ប្រធាន​គម្រោង Olympia Plaza បាន​ថ្លែងថា ការសាងសង់​ផ្សារ​ទំនើប​កម្ពស់ 8ជាន់ និង3ជាន់​ជា​ចំណត​យានយន្ត​ក្រោម​ដី​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​នៅសល់តែ​ការ​រចនា​ផ្នែក​ខាងក្នុង​ផ្សារ​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​ក៏​នឹង​បើក​ឲ្យ​អាជីវករ​ជួល​តូប​ក្នុង​ផ្សារ​នៅពេល​ចុងឆ្នាំ​នេះ​ផងដែរ និង​រំពឹង​បើក​ផ្សារ​តំណាក់កាល​ដំបូង​នៅ​ឆ្នាំ2018 និង​តំណាក់កាល​ទី2អាច​នឹង​បើក​នៅពេល​ក្រោយ។ លោក​បន្តថា ផ្សារ​នេះ​នឹងមាន​ស្ពាន​ត​ភ្ជាប់​ពី​អគារ​ទាំង4 ក្នុង​គម្រោង​នេះ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករ​ស់​នៅក្នុង​គម្រោង​នេះ​ក្នុង​ការដើរ​ទិញ​ទំនិញ ក៏ដូចជា​ការកម្សាន្ត​ផងដែរ។

លោក​បន្តថា “តំណាក់កាល​ដំបូង​នៃ​ផ្សារ​នេះ​នឹងមាន​ទំហំ 12,000ម៉ែត្រការ៉េ និង​តំណាក់កាល​ទី2មាន​ទំហំ​ជាង3ម៉ឺន​ម៉ែត្រការ៉េ ពោល​ទំហំ​ផ្សារ​នេះ​គឺមាន​ទំហំ​សរុប​ប្រមាណ5ម៉ឺន​ម៉ែត្រការ៉េ។ លោក​បន្តថា “ចំណត​យានយន្ត​ក្រោម​ដី​ចំនួន3ជាន់​នឹង​អាច​ចត​យានយន្ត​បាន​ចំនួន​ជាង3ពាន់​គ្រឿង និង​មាន​ចំណត​ម៉ូតូ​ផងដែរ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​វិនិយោគ​លើ​ផ្សារ​ទំនើប​នេះ​បាន​ថ្លែងថា ផ្សារ​ទំនើប​នេះ​បោះទុន​វិនិយោគ​ប្រមាណ 80 លាន​ដុល្លារ​អាមេរិក ព្រោះ​វា​ជា​គម្រោង​ធំ​មួយ និង​ជា​ផ្សារ​ធំ​មួយ​ដែល​រៀបចំឡើង​តាម​ស្តង់ដារ​អន្តរជាតិ។ លោក​បន្តថា គម្រោង Olympia City ជា​គម្រោង​ដ៏​ធំ​មួយ​ដែល​បាននិងកំពុង​ទទួលជោគជ័យ ដោយសារ​ការលក់​រប​ស់​យើង​បាននិងកំពុង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង។

លោក​បន្តថា “យើង​ជឿថា ផ្សារ​នេះ​នឹង​ទទួលបាន​ជោគជ័យ​នៅពេល​ដំណើរការ ដោយសារ​ទីតាំង​របស់​ផ្សារ​នេះ​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​រស់​រវើក និង​ដោយសារ​កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​នៅតែ​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ”៕

ចែករំលែក