រយៈពេល 7ខែ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន​ជាង1,286លាន​ដុល្លារ

ភ្នំពេញៈ គិត​ក្នុង​រយៈពេល7ខែ ឆ្នាំ2017នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានធ្វើ​ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង5,145លាន​រៀល ត្រូវ​នឹង1,286លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង75ភាគរយ​នៃ​អត្រាកំណើន​សម្រាប់​ឆ្នាំ2017។

ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធដារ​លោក​គង់ វិបុល បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កក្ត​ដា និង​រយៈពេល7ខែ ឆ្នាំ2017នេះ​ថា ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​កា​រ​ប្រមូល​ចំណូល​ពន្ធ ជា​លទ្ធផល​សម្រាប់​ខែកក្កដា ឆ្នាំ2017នេះ ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូលបាន​មាន​ចំនួន503ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង128លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​គិត​រយៈពេល7ខែ ឆ្នាំ2017 ចំណូល​ពន្ធ-អាករ​ដែល​ប្រមូលបាន​មាន​ចំនួន​ជាង1,286លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន34ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ស្មើនឹង​កំណើន75ភាគរយ​នៃ​ផែនការ​កំណត់។

ការប្រមូល​ពន្ធ​សម្រេចបាន​កំណើន​ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ-អាករសំខាន់ៗមានដូចជា ពន្ធ​លើ​ប្រាក់ចំណូល​កើនឡើង​ជាង31ភាគរយ អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ជាង38ភាគរយ ខណៈដែល​អាករ​ពិសេស​កើនឡើង​ជាង10ភាគរយ និង​ពន្ធលើប្រាក់បៀវត្ស​រ៍​ក៏មាន​ការកើនឡើង​ចំនួន​ជាង4ភាគរយ​ផងដែរ។

ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​នេះ និង​ដើម្បី​ជម្រុញ​ការប្រមូល​ពន្ធ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព លោក គង់ វិបុល ក៏បានផ្តល់​ការណែនាំ​បន្ថែម ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​ម៉ឺងម៉ាត់​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ ធ្វើយ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ៕

Advertisement