មាន​ដី​ទំនេរ​កុំ​ទុកចោល ដាំ​ឫស្សី​ពីងពង់​ក៍​អាច​កាប់​លក់​រក​ចំណូល​ចូល​គ្រួសារ​បានដែរ

0

ភ្នំពេញ៖ បើ​គេ ធ្វើដំណើរ​កាត់​តាមផ្លូវ​ជាតិ​ឆ្ពោះទៅ​បណ្តា​ខេត្តផ្សេងៗមិន​ថា​ខេត្ត​ណាមួយ​នោះទេ​នៅក្នុង​ប្រទេស​កម្ពុជា យើង​សង្កេតឃើញថា កសិករ​តែង​ទុក​ដី​ឱ្យ​ទំនេរ​ចោល​រាប់សិប​ហិកតា និង​រាប់មិនអស់ ដោយ​មិនបាន​យក​ដី​ទាំងនោះ​ទៅ​ដាំ​ដំណាំ​កសិកម្ម​អ្វី​ឱ្យ​កើតជា​ប្រយោជន៍​ដល់​គ្រួសារ​ឡើយ តែ​បែ​ជា​នាំគ្នា​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ទីឆ្ងាយៗវិញ។

ងាក​ទៅ​មើល​ជីវភាព​កសិករ​រស់នៅ​ភូមិ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​ដែលជា​ភូមិ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម​ឯណោះ​វិញ ពួកគាត់​មិនបាន​ទុក​ដី​ឱ្យ នៅ​ទំនេរ​ចោល​ទេ គឺ​ពួកគាត់​តែង​នាំគ្នា​ដាំ​ឫស្សី​ពីងពង់ ហើយ​អាច​កាប់​លក់​ទទួលបាន​ប្រាក់ចំណូល​ធូរធារ​ទៀតផង​នៅពេល​ប្រមូល​ផល​លក់​ទៅឱ្យ​ឈ្មួញ​មកពី​ប្រទេស​វៀតណាមម្តង។

កសិករ​ថា ឫស្សី​ពីងពង់​ជា​ប្រភេទ​ឫស្សី​ដែល​រឹងមាំ អាច​ធន់​នឹង​អាកាសធាតុ មិន​ងាយ​ពុកផុយ​ដែល​គេ​តែង​យកទៅ​ច្នៃ​ធ្វើជា​គ្រឿងសង្ហារិម ធ្វើជា​សម្ភារ​ប្រើប្រាស់ផ្សេងៗ ឬ​ច្នៃ​ធ្វើជា​ម៉ូដ​ហាង​ឱ្យស្អាតៗបង្កើន​សម្រស់​ហាង​ទាក់ទាញ​អតិថិជន​ទៀតផង។ ដោយសារ​តែមាន​តម្រូវការ​បែបនេះ ទើប​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ដែលមាន​ដើម​ឫស្សី​ពីងពង់​មានចិត្ត​សប្បាយរីករាយ​ខ្លាំង និង​ធ្វើឱ្យ​ជីវភាព​បាន​ធូរធារ​មួយកម្រិត​ឡើង​ទៀត​ដោយសារ​មាន​ឈ្មួញ​វៀតណាម​ឡើងមក​ទិញ​ដល់​ភូមិ​ឃុំ​របស់​ពួកគាត់​តែម្តង ។

ឫស្សី​ពីងពង់​ប្រភេទ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុងស្រុក​រមាសហែក​យកមក​លក់​បន្ត​ឱ្យ​ឈ្មួញ​វៀតណាម ហើយ​ឈ្មួញ​ដឹក​យកទៅលក់​បន្តទៀត​នៅឯ​ប្រទេស​វៀតណាម ដោយ​ឫស្សី​ដើម​ជា​ប្រភេទ​លេខ1មានតម្លៃ 5000រៀល លេខ2បាន​តម្លៃ4000ពាន់​រៀល និង​ប្រភេទ​លេខ3 លក់បាន1500ទៅ2500រៀល​ក្នុង​មួយ​ដើម។

ចំណែក​អ្នកភូមិ​បា​ត្រាស់​នៅក្នុង​ស្រុក​រមាសហែក​ដែរនោះ​បានឱ្យដឹង​ទៀតថា ឫស្សី​ពីងពង់​នេះ​គេ​យកទៅ​ធ្វើជា​គ្រឿងសង្ហារិម​មាន​តុ កៅអី និង​ធ្វើ​ផ្ទះសំបែង​ទៀតផង។ ហើយ​បើ​ពុំមាន​ការដាំ​ឡើងវិញ​ទេ ច្បាស់​ជា​ឫស្សី​ប្រភេទ​ពីងពង់​នេះ​នឹង​បាត់​ពូជ​បន្តិចម្តងៗ និង​អាចឈាន​ទៅដល់​ការបាត់បង់​ទាំងស្រុង​ទៀតផង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន​ដើម្បី​យកទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅឯ​ប្រទេស​របស់គេ។ ពលរដ្ឋ​ខាងលើ​បាន​ប្រាប់ទៀតថា ឫស្សី​ពីងពង់​នេះ​បើ​ដាំ​វា គឺមាន​រយៈពេល​យូរ​ទម្រាំ​បាន​ផល គឺ​ដាំ​តាម​ធម្មជាតិ ចន្លោះ​ពី4ទៅ6ឆ្នាំ​ឯណោះ​ទើប​កាប់​វា​យក​ផល​បាន តែ​មិន​ពិបាក​ថែរក្សា​ស្រោច​ទឹក​បោចស្មៅ​នោះទេ គ្រាន់តែ​ដាំ​ហើយ​ទុកចោល ឬ​ស្សី​អាច​ល្អ​ទៅតាម​សណ្ឋាន​ដី ក្នុង​មួយ​គុម្ព​ជួនកាល​មាន​ចំនួន​ជាង100ដើម​ឯណោះ។

ដោយឡែក​ចំពោះ​ឈ្មួញកណ្តាល​វិញ​ក៏បាន​ធ្វើការ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​សូមឱ្យ​បង្កើន​ការដាំ​ឫស្សី​ពីងពង់​នេះ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ ព្រោះ​ឫស្សី​ពីងពង់​នេះ​មាន​ទីផ្សារ​ដោយមាន​តម្លៃ​សមរម្យ​ដែល​អាច​ទទួលយកបាន និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត​ផងដែរ វា​ជាជាង​ទុក​ដី​ឱ្យនៅ​ទំនេរ​ចោល​ឥតប្រយោជន៍៕

ចែករំលែក