ក្រុមហ៊ុន​កសិកម្ម​កូន​ខ្មែរ​ដំបូង ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដារ​គុណភាព​ពី​អឺរ៉ុប

0

ភ្នំពេញ៖ ក្រុមហ៊ុន​សហករណ៍​ស​រី​រា​ង្គ​ខ្មែរ​ដែលជា​ក្រុមហ៊ុន​កសិកម្ម​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កសិកម្មសរីរាង្គ​ស្តង់ដារ​សហគមន៍​អ៊ឺរ៉ុប​ដែលជា​នេះ​ជា​វិញ្ញាបនបត្រ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​សម្រាប់​ដំណាំ​ចម្ការ​បន្លែ​ផ្លែឈើ។

ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ លោក អៀង សុធា​រ៉ា មានប្រសាសន៍ថា ដោយ​មើលឃើញថា បញ្ហា​បន្លែ​ផ្លែឈើ​មាន​ជាតិគីមី​ជា​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ប្រឈម​ចំពោះ​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​អនាគត​នោះ ក្នុងនាម​លោក​ជា​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ធ្វើ​កសិកម្ម​បែប​សរីរាង្គ។ លោក​បន្តថា ក្រុមហ៊ុន​លោក​បាន​ចំណាយធនធាន និង​ពេលវេលា​ច្រើន​ឆ្នាំ​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​នេះ​ដើម្បី​បង្កើន​ទំនុកចិត្ត​អតិថិជន។ វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​នេះ​ត្រូវបាន​ផ្តល់​ទៅលើ​បន្លែ និង​ផ្លែឈើ​ចំនួន58ប្រភេទ​ក្នុង​កសិដ្ឋាន2កន្លែង​របស់​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ គឺ​កសិដ្ឋាន​រមណីយដ្ឋាន​ពិ​កនិក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 4 ក្នុង​ខេត្ត​ព្រះសីហនុ និង​កសិដ្ឋាន Eco-Agri Farm ស្ថិតក្នុង​ស្រុកស្រែ​អំបិល ខេត្តកោះកុង។

លោក អៀង សុធា​រ៉ា អះអាងថា ដើម្បី​ជំរុញ​ការធ្វើ​កសិកម្មសរីរាង្គ ក្រុមហ៊ុន​លោក​នឹង​បន្តធ្វើ​ការផ្សព្វផ្សាយ បណ្តុះបណ្តាល និង​ជំរុញ​ការអនុវត្ត​កសិកម្មសរីរាង្គ​តាមបែប​កិច្ចសន្យា​ជាមួយ​កសិករ​ផ្ទាល់។ លោក​ថា ការទទួលបាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដា​អឺរ៉ុប​នេះ នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ ព្រមទាំង​រួមចំណែក​ថែរក្សា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ទៀតផង។

លោក គ្រី សុជាតិ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៅ​ក្រុមហ៊ុន Control Union ដែលជា​ស្ថាបនិក​វាយតម្លៃ និង​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ​ខាងលើ​មានប្រសាសន៍ថា មុននឹង​ផ្តល់​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​ទៅឱ្យ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ក្រុមហ៊ុន​លោក​បាន​ត្រួតពិនិត្យ​វាយតម្លៃ និង​ឆ្លងកាត់​បែបបទសំខាន់ៗជាច្រើន​ដំណាក់កាល ទាំង​ការវាយតម្លៃ​រៀបចំ​ឯកសារ​នៅ​ក្រុមហ៊ុន និង​នៅ​កសិដ្ឋាន​ផ្ទាល់។

លោក ទែន រ៉ា ទីប្រឹក្សាបច្ចេកទេស​ស្តង់ដារ​អង្គការ​អាល្លឺម៉ង់ GIZ ដែល​បាន​ចូលរួម​ជួយ​គាំទ្រ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដា​សរីរាង្គ​នេះ បានឱ្យដឹងថា GIZ មាន​គម្រោង​មួយ​ដែល​ធ្វើការ​លើ​ស្តង់ដា​ពាណិជ្ជកម្ម​ស្បៀងអាហារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ គម្រោង​នេះ​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន5ក្នុង​តំបន់​អាស៊ី​រួមទាំង​កម្ពុជា​ផងដែរ។

ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ស្តង់ដារ​ខាងលើ ដោយយោង​ផងដែរ​ទៅលើ​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​លើកកម្ពស់​ការបរិភោគ​បន្លែ និង​ផ្លែឈើ​សរីរាង្គ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​សមរម្យ។ ក្រៅពីនេះ​ក្រុមហ៊ុន​ក៏បានផ្តល់​ជា​សម្ភារ​បច្ចេកទេស និង​ចំណេះដឹងសំខាន់ៗជាច្រើន​ដល់​បណ្តា​កសិករ​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​អាចមាន​លទ្ធភាព​ដាំ​ដំណាំ​បាន​ដោយ​ខ្លួនឯង។ លើសពីនេះ​ការអនុវត្ត​នូវ​ការដាំដុះ​បែប​សរីរាង្គ​នេះ គឺ​វា​ជួយ​ថែរក្សា​បរិស្ថាន​ឱ្យមាន​និរន្តរភាព​ផងដែរ។

គួរ​បញ្ជាក់ថា បន្លែ​ផ្លែឈើ​សរីរាង្គ និង​បន្លែ​ផ្លែឈើ​ធម្មជាតិ​មាន​រសជាតិ និង​វីតាមីន​មិន​ដូចគ្នា​នោះទេ ហើយ​ការដាំដុះ និង​ថែទាំ​វិញ​ក៏​មិន​ដូចគ្នា​ដែរ។ ការដាំដុះ​បែប​សរីរាង្គ​គឺជា​ការដាំដុះ​មួយ​ដែល​អ្នកបច្ចេកទេស​ត្រូវ​ត្រួតពិនិត្យ​ទាំង​ទីតាំង​ដី​ដែល​ត្រូវ​ដាំ​ដុះ ការដាក់​ជីសរីរាង្គ និង​ថ្នាំពុល​សរីរាង្គ​ជាដើម។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​បន្លែ​ផ្លែឈើ​សរីរាង្គ​មាន​រសជាតិ និង​សារធាតុចិញ្ចឹម​ច្រើនជាង​បន្លែ​ផ្លែឈើ​ធម្មជាតិ។ រីឯ​ការដាំដុះ​តាមបែប​ធម្មជាតិ​វិញ គឺ​ពុំមាន​ការគិតគូរ​ពី​ទីតាំង​ដែល​ត្រូវបាន​ដាំ​ដុះ​នោះទេ ពោលគឺ​ដូចជា​ការដាំ​ដំណាំ​នៅក្បែរ​ផ្ទះ​ដោយ​ដាំ​ពឹងផ្អែក​ទៅលើ​ដី​នោះ​មាន​ជីវជាតិ​ស្រាប់​ដោយ​មិនចាំបាច់​ដាក់​ជី​អ្វី​បន្ថែម​នោះទេ គ្រាន់តែ​ដាក់​លាមក​សត្វ និង​កាកសំណល់ផ្សេងៗតែប៉ុណ្ណោះ៕

ចែករំលែក