កូន​ខ្ញុំ​ទាប…ធ្វើ​ម៉េច​ទៅ?

ឃើញ​ក្មេង​វ័យ​ជំទង់​សម័យនេះ​រូបរាងខ្ពស់ៗល្អ​ណាស់ តែ​ឪពុកម្តាយ​មួយចំនួន​ក៏​នៅតែ​នឹក​បារម្ភ​កង្វល់​ខ្លាច​ថា “កូន​ទាប”
តើ​អ្វី​ទៅជា​កត្តា​កំណត់ និង​ជំរុញ​រឿង “កម្ពស់” របស់​កូន?

ការពិតទៅ ពូជ​អម្បូរ​រូបរាង​របស់​ឪពុកម្តាយ​តា​យាយ​ជា​កត្តា​កំណត់​គ្រោង​សាង​មូលដ្ឋាន​របស់​កូនចៅ  តែ​ក្នុងអំឡុងពេល​ធំធាត់ នៅមាន​បច្ច័យ​ជាច្រើន​យ៉ាង​ទៀត​ដែល​នឹង​ជំរុញ ឬ​ទាញ​បន្ថយ​កំពស់​របស់​ក្មេង​បាន ដូចជា ស្ថានភាព​ជុំវិញខ្លួន សុខភាព អាហារ​ការហូបចុក និង​ការហាត់​ប្រាណ ទាំងអស់​ដែលថា​នេះ​ត្រូវតែ​ដំណើរការ​ទៅ​យ៉ាង​មាន​តុល្យការ ខ្វះ​លើស​ផ្នែក​ណាមួយ ក៏​ហុច​ផល​ដល់​រឿង​កម្ពស់​បាន​ទាំងអស់។

អារម្មណ៍តានតឹងធុញថប់ ក៏ធ្វើឱ្យទាបបានដែរ
ការដែល​កូន​មាន​អារម្មណ៍​តានតឹង​ធុញថប់​ខ្លាំង រៀន​ច្រើន កិច្ចការ​ផ្ទះ​ច្រើន គេង​មិន​លក់​ស្រួល អាហារ​ក៏​ញ៉ាំ​ខ្លះ​មិន​ញ៉ាំ​ខ្លះបែបនេះ​គឺជា​កត្តា​រារាំង​ការ​ខ្ពស់​ឡើង​ប្រាកដ​ណាស់ ព្រោះក្មេងៗក្នុង​វ័យ​ចម្រើន​ធំធាត់ អាហារ​គ្រប់ពេល​មាន​ភាព​សំខាន់​ស្មើគ្នា តែ​ដែល​មិនអាច​ខ្វះ​បាន​គឺ អាហារ​ពេលព្រឹក។

កូនស្រីខ្ពស់មុន កូនប្រុសខ្ពស់តាមក្រោយ
អំឡុងពេល​ធំធាត់​រយៈ​ចុងក្រោយ 3 – 5 ឆ្នាំ​របស់​ក្មេង​ចាប់ផ្តើម​ជំទង់  ក្មេងប្រុស​ស្រី​នឹង​ផ្លាស់ប្តូ​គ្នា​ខ្ពស់  ក្មេងស្រី​នឹង​ធំ​លឿនក្នុង 2 ឆ្នាំ​ដំបូង​មុននឹង​មាន​វដ្ត​រដូវ លុះ 2 – 3 ឆ្នាំក្រោយ​នឹង​ថយចុះ​បន្តិច ក្នុងខណៈដែល​ក្មេងប្រុស​នឹង​ធំ​យឺត(ក្រ​ធំ)ក្នុងអំឡុង 2 ឆ្នាំ​ដំបូង បន្ទាប់ពីនោះ​ទើប​ធំ​ឡើង​យ៉ាង​ជាប់លាប់​ក្នុង 3 – 4 ឆ្នាំ​បន្ទាប់ និង​ក៏មាន​មិនតិច​ដែល​ដែល​នឹង​ខ្ពស់​ឡើង​បែប​ស្ទុះ​ឡើងវឹបៗក្នុងអំឡុង​វ័យ​ជំទង់ដំបូង។

ការ​ចម្រើន​ធំធាត់​ក្នុងអំឡុង​ពេលនេះ​នឹងមាន​អ័រម៉ូន​ភេទ និង​អ័រម៉ូន​ការ​ចម្រើន​ធំធាត់​ចូលមក​មាន​ចំណែក​រួម​ដែរ ដោយ​ការដែល​ហាត់ប្រាណ និង​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់​នៅតែ​ជាគោលការណ៍​សំខាន់ ដូច្នេះ​ឪពុកម្តាយ​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​យ៉ាងល្អៗថា បើ​កូន​សម្លាញ់​ចង់​ស្រស់ស្អាត ខ្ពស់​សង្ហា​នាពេល​អនាគត កូន​មិនត្រូវ​អត់​ញ៉ាំ​អាហារ​រហូត​ស្គមកំព្រឹង​នោះទេ។ ក្មេង​ត្រូវតែ​ដឹង និង​យល់ថា ការ​បង្អត់អាហារ​នឹង​ហុច​ផលប៉ះពាល់​ដល់​កម្ពស់ ឬ​អាចធ្វើ​ឱ្យទាប​កន្តឿ​បាន ព្រោះ​ការដែល​នឹង​ខ្ពស់​ទៅបាន រាងកាយ​ត្រូវតែ​បានទទួល​សារធាតុ​អាហារ​ពេញលេញ ទម្ងន់​ខ្លួន​ត្រូវតែ​បន្ថែម​ជាមុន និង​រាងកាយ​របស់​ក្មេង​ជំទង់ គួរតែ​ចម្រើន​ធំធាត់​ទៅតាម​វ័យ ដោយ​ការ​ញ៉ាំ​អាហារ មិនមែន​ថ្នាំ វី​តា​មិន ឬ​អាហារ​បំប៉ន​នោះទេ។

យ៉ាងណាក៏ដោយ ក្នុង​ករណីខ្លះ មូលហេតុ​មួយចំនួន​អាចធ្វើឱ្យ​ពិបាក​កែខៃ  តែ​រឿង​ហ្នឹង​ក៏មាន​មែន​ជា​បញ្ហា​ដែរ ព្រោះ​កម្ពស់​មិន​បានជា​កត្តា​កំណត់​ភាពជោគជ័យ​ក្នុង​ជីវិត​នោះទេ មនុស្ស​ខ្ពស់ស្រឡះ​ដែល​ខូចខិល​អត់​របៀប មិនចេះ​អភិវឌ្ឍ​សតិបញ្ញា និង​គុណធម៌​ក្នុង​ខួរក្បាល​ខ្លួនឯង​ក៏មាន ផ្ទុយទៅវិញ មនុស្ស​មាឌតូច​ដែលមាន​គុណធម៌ មាន​វិន័យ មានការ​អភិវឌ្ឍ​សតិបញ្ញា ក៏​អាច​ឈានមុខ មាន​ភាព​ស្ថិតស្ថេរ​គង់វង្ស​ក្នុង​ជីវិត​បានដែរ។

បង្រៀន​ឱ្យ​កូន​ជឿជាក់​លើ​ខ្លួនឯង កុំឱ្យ​កង្វល់​ខ្វល់ខ្វាយ​នឹង​រឿង​កម្ពស់​របស់​ខ្លួនឯង​ខ្លាំងពេក ស្វែងរក​ចំណុច​ល្អ​លេចធ្លោ​របស់​កូន និង​សាង​កម្លាំងចិត្ត​ដល់​គេ ធ្វើបាន​បែបនេះ​នឹង​ហុច​ផល​ល្អ​ដល់​សុខភាព​ចិត្ត ហុច​ផល​ឱ្យ​កូន​ចម្រើន​ធំធាត់​តាម​វ័យ មិនមាន​អារម្មណ៍​តានតឹង​នឹង​រឿង​ខ្ពស់ ឬ​ទាប។ នៅពេល​ធ្វើ​ចិត្ត​មិន​ខ្វល់ខ្វាយ​នឹង​រឿង​ហ្នឹង​បាន​ហើយ ពេលវេលា​កន្លងទៅ យើង​អាច​នឹង​នឹក​ចម្លែក​ចិត្ត​មិន​ខាន ពេល​ឃើញថា កូន​ចម្រើន​ធំធាត់​បានល្អ​ជាង​ឆ្នាំកន្លងៗមក​ទៅទៀត៕

Advertisement