SME ថៃ​កំពុងតែ​ចាប់អារម្មណ៍​លើ​ទីផ្សារ​នៅ​កម្ពុជា​យ៉ាងខ្លាំង

ភ្នំពេញ- ខណៈ​មាន​ក្រុមហ៊ុនធំៗជាច្រើន​មកពី​ប្រទេស​ថៃ​កំពុងដំណើរការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា សហគ្រាស​ខ្នាតតូច -មធ្យម (SME)នៃ​ប្រទេស​ថៃ​កំពុងតែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​ទីផ្សារ​មួយ​នេះ។

លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំ​ខេត្ដ​សៀមរាប បានបញ្ជាក់​នៅក្នុង​ឱកាស​សន្និសីទកាសែត​នា​ព្រឹក​មិញ​ថា បន្ទាប់ពី​ការធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ថៃ​ជាច្រើន​តាមរយៈ​ការនាំយក​នូវ​ផលិតផល​ថៃ​ដែលមាន​គុណភាព​មក​ចែកចាយ​នៅក្នុង​ទីផ្សារ​កម្ពុជា​ទទួលបាន​ជោគជ័យ​រហូត​មានការ​និយាយតៗគ្នា​ថា កម្ពុជា​មានការ​គាំទ្រ​ខ្លាំង​ទៅលើ​ផលិតផល​របស់​ប្រទេស​ថៃ​មក​នោះ បានធ្វើឱ្យ ​SME នៃ​ប្រទេស​ថៃ​កំពុងតែ​មានបំណង​មក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ផងដែរ។

តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ខេត្ដ​សៀមរាប​បាន​បន្តថា ទាំងអស់​នេះហើយ​ដែលជា​ដើមចម​បង្កើតឱ្យមាន​ការរៀបចំ​ធ្វើ​ពិព័រណ៍​ផលិតផល​ថៃ2017 ជា​លើក​ទី2 នៅ​ថ្ងៃ17-20 សីហា​ខាងមុខ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ឡើង  ព្រោះ​មាន​សំណូមពរ​ពី​ម្ចាស់ SME ដែលមាន​ជាង200ក្រុមហ៊ុន​ស្នើសុំ​ឱ្យ​យើងខ្ញុំ​រៀបចំ​ពិព័រណ៍​ជា​លក្ខណៈ​ឯកជន​ឡើង ដើម្បី​ផ្ដល់ឱកាស​ដល់​ពួកគាត់​ក្នុងការ​ផ្សព្វផ្សាយ​ផលិតផល​ពី​តាម​បណ្ដា​ខេត្ដ​ដែលមាន​សក្ដានុពល​មក​ពី​ប្រទេស​ថៃ។

ពិព័រណ៍​ផលិតផល​ថៃ ឬ​Thailand Products Expo 2017លើក​ទី2នេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន200 និង​មាន250ស្ដង់ ក្នុងនោះ​មាន​ទំនិញ​ដែល​ត្រូវបាន​រៀបចំ​ចំនួន100ស្ដង់​មកពី​ខេត្ដ Chanthaburi  ក្រៅពីនេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​នានា​មកពី​បណ្ដា​ខេត្ដ​ជាច្រើន​ដទៃទៀត​នៃ​ប្រទេស​ថៃ។ ផលិតផល​ទាំងនោះ​មានដូចជា សម្ភារ​គ្រឿងសំណង់  គ្រឿងបន្លាស់​ម៉ាស៊ីន អាហារ និង​ភេសជ្ជៈ សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ សុខភាព និង​សម្ផស្ស សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ និង​សម្ភារ​ផ្ទះបាយ  វត្ថុ​អនុស្សាវរីយ៍ និង​តុបតែង​ផ្ទះ និង​ទំនិញ​OTOP របស់​ថៃ​ជាច្រើន​ទៀត។

លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល បញ្ជាក់ថា៖ «បច្ចុប្បន្ន​មិនមែន​មានតែ​ខេត្ដ Chanthaburi ទេ​ដែលមាន​ការចាប់អារម្មណ៍​មក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ខេត្ដ​ដែលមាន​សក្ដានុពល​ជាច្រើន​ទៀត​នៅតាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ខេត្ដឆ្ងាយៗពី​ព្រំដែន ដូចជា​ខេត្ដ រ៉ាក់យ៉ង ត្រាត ស៊ីសាកេត ជាដើម​ពួកគាត់​សុទ្ធតែ​មានបំណង​ចង់​មក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។ ពោលគឺ​ពួកគាត់​មានការ​តាំងចិត្ដ​ខ្ពស់​រហូត​មាន​ក្រុមហ៊ុន​ខ្លះមក​ធ្វើ​ពិព័រណ៍​នៅ​កម្ពុជា5ដង​ទើប​ចាប់បាន​ដៃគូ​ពាណិជ្ជកម្ម»។

តំណាង​ពាណិជ្ជកម្ម​ថៃ ប្រចាំខេត្ត​សៀមរាប បន្ដថា បើទោះជា​ការតាំងពិព័រណ៍​នេះ​ត្រូវបាន​ធ្វើជា​លក្ខណៈ​ឯកជន​ក៏ដោយ​ប៉ុន្ដែ​ទំនិញ​ដែល​នាំ​ចូលមក​សុទ្ធតែជា​ទំនិញ​មានគុណ​ភាព និង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ថៃ​ទាំងអស់  ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​គុណភាព​មុននឹង​ឱ្យ​ដាក់តាំង​បង្ហាញ​ដើម្បី​ផ្សព្វផ្សាយ​ផងដែរ៕

Advertisement