ទីផ្សារ​ភាគហ៊ុន «ទីកន្លែង​សម្រាប់​ស្វែងរក​ដើមទុន និង​វិនិយោគ»

ទីផ្សារ​ភាគហ៊ុន​គឺជា​ទីកន្លែង​ជួញដូរ​ភាគហ៊ុន ឬ​ប្រព័ន្ធ​ដែល​ផ្ដល់​មធ្យោបាយ​នៃ​ការ​ធ្វើសំណើ​លក់ ផ្ទេរ ទិញ-លក់​ភាគហ៊ុន ដែល​ក្រុមហ៊ុន​បោះផ្សាយ បាន​បោះផ្សាយ​លក់​ជា​សាធារណៈ។ ភាគហ៊ុន ត្រូវបាន​ជួញដូរ​ដោយ​ការដេញថ្លៃ។ តម្លៃ​របស់​ភាគហ៊ុន​ត្រូវបាន​កំណត់ដោយ​យន្តការ​ទីផ្សារ ពោលគឺ​ការផ្គត់ផ្គង់ និង​តម្រូវការ​ក្នុង​ទីផ្សារ។ ទីផ្សារ​ភាគហ៊ុន គឺជា​សមាសភាគ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដោយ​វា​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​មូលធន​បន្ថែម​ដោយ​លក់​ចំណែក​នៃ​ភាពជា​ម្ចាស់​នៅក្នុង​ក្រុមហ៊ុន​ទៅឱ្យ​វិនិយោគិន។ ទីផ្សារ​ភាគហ៊ុន​អាចធ្វើឱ្យ​ចំនួន​ទឹកប្រាក់​បន្តិចបន្តួច​ក្នុងពេល​បច្ចុប្បន្ន​កើន​ចំនួន​ក្នុង​ពេលអនាគត ពោលគឺ​អាចធ្វើឱ្យ​វិនិយោគិន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ និង​មិនចាំបាច់​ទទួលយក​ការ​ប្រឈម​ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម ដោយ​គ្រាន់តែ​ធ្វើការ​វិនិយោគ​ជាមួយ​ភាគហ៊ុន។

ទីផ្សារ​ភាគហ៊ុន​អនុញ្ញាតឱ្យ​វិនិយោគិន​ចូលរួម​ដាក់ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន តាមរយៈ​ភាគហ៊ុន​ដែល​ខ្លួន​កាន់កាប់។ នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណេញ វិនិយោគិន​នឹង​ទទួលបាន​ចំណែក​នៃ​ប្រាក់ចំណេញ តាមរយៈ​ការទទួល​ភាគលាភ​ដែល​ក្រុមហ៊ុន​បែងចែក​ជូន។ វិនិយោគិន​ក៏​អាចធ្វើ​ការលក់​ភាគហ៊ុន​នៅពេលដែល​ភាគហ៊ុន​ឡើងថ្លៃ​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ/ចំណេញ​មូលធន។ វិនិយោគិន​ក៏​អាច​ប្រឈម​នឹង​ការខាតបង់​ប្រាក់​នៅពេល​កាន់កាប់​ភាគហ៊ុន​ដែល​កំពុង​ធ្លាក់​ថ្លៃ។

ទីផ្សារ​ភាគហ៊ុន​ត្រូវបាន​ចែកចេញជា​ពីរ​ផ្នែកសំខាន់ៗគឺ​ទីផ្សារ​ដំបូង និង​ទីផ្សារ​បន្ទាប់។ ទីផ្សារ​ដំបូង គឺជា​ដំណាក់​កាលដែល​ភាគហ៊ុន​ត្រូវបាន​បោះផ្សាយ និង​លក់​ជា​លើកដំបូង​តាមរយៈ​ការធ្វើ​សំណើ​ទិញ ឬ​ដំណើរការ​ដេញថ្លៃ​ដោយមាន​ការជួយ​សម្រួល​ពី​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ។  ទីផ្សារ​បន្ទាប់ គឺជា​ដំណាក់​កាលដែល​ភាគហ៊ុន​ត្រូវបាន​ជួញដូរ​ក្នុងចំណោម​វិនិយោគិន​នៅក្នុង​ទីផ្សារ​ភាគហ៊ុន។

ភាគហ៊ុន ត្រូវបាន​ជួញដូរ​នៅក្នុង​ទីផ្សារ​ភាគហ៊ុន​ជាច្រើន។ ជាក់ស្ដែង នៅ​សហរដ្ឋអាមេរិក​មាន​ទី​ផ្សារភាគហ៊ុន​ធំ២ គឺ ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក (The New York Stock Exchange) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៧៩២ និង​ទីផ្សារ​ភាគហ៊ុន Nasdaq ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ១៩៧។ សព្វថ្ងៃនេះ ការជួញដូរ​ភាគហ៊ុន​ភាគច្រើន​ត្រូវបានធ្វើ​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​សូម្បីតែ​ការ​រក្សាទុក​ភាគហ៊ុន​ទៀតសោត គឺ​ក្នុង​ទម្រង់​អេ​ឡិច​ត្រូ​និ​ច​ស្ទើរ​ទាំងអស់ ពុំមែន​ជា​ទម្រង់​រឹង​ដោយ​ប្រើ​ក្រដាស​នោះទេ។

នៅក្នុងពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​យើង​ក៏មាន​ផ្សារភាគហ៊ុន​មួយ​ផងដែរ ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (Cambodia Securities Exchange) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដោយមាន​ការរួម​ទុន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កូរ៉េ ដែលជា​ប្រតិបត្តិ​ករ​ទីផ្សារ​មូល​ប​ត្រ​ដ៏​ល្បីល្បាញ​នៅ​សាធារណរដ្ឋ​កូរ៉េ៕

អត្ថបទ៖ ណង សេរី​វុ​ធ, មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

ប្រភព​រូបភាព៖  Ryan Lawler, www.orlandosentinel.com

Advertisement