ទីក្រុង​នឹង​ស្អាត​ដូច​ប្រទេស​អភិវឌ្ឍន៍ បើ​អាជ្ញាធរ​រក្សា​សកម្ម​ភាពល្អ​ដូច​ពេលនេះ​បានយូរ

ចាប់ផ្តើម​ពី​ការកែប្រែ​វិធីសាស្ត្រ​រៀបចំ​រាជធានី​ប្រកបដោយ​ប្រសិទ្ធភាព​របស់​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ប្រជាជន​បាន​ចូលរួម​អបអរសាទរ​យ៉ាងច្រើន នៅពេលដែល​បានឃើញ​សកម្មភាព​ជាក់ស្តែង​នៅ​គ្រប់​ដងផ្លូវធំៗនានា។

ប្រជាជន​នៅក្នុង​រាជធានី​ដែល​ពោរពេញ​ទៅដោយ​ភាពអនាធិបតេយ្យ​លើ​ដងផ្លូវ​ចាប់ផ្តើម​ស្គាល់​ភាពស្រស់ស្អាត ដងផ្លូវ​ដែល​ធ្លាប់តែ​ហុយ​ដូច​នៅ​កណ្តាល​វាលស្រែ ក៏​ចាប់ផ្តើម​មាន​សម្រស់​ស្រស់ស្អាត​ដូច​ផ្លូវ​នៃ​ប្រទេស​អភិវឌ្ឍន៍ ហើយ​ភាព​រញ៉េរញ៉ៃ​នៃ​សំរាម​ក៏បាន​កាត់បន្ថយ​បើទោះបីជា​នៅមាន​បញ្ហា​ខ្លះ​ក៏ដោយ។ នាពេលថ្មីៗនេះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​កោះ​ថ្នាក់ដឹកនាំ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ប្រជុំ​ដាក់​ផែនការ​រៀបចំ​ក្រុង​នៅតាម​តំបន់​របស់ខ្លួន​ឱ្យមាន​សណ្តាប់ធ្នាប់។ ភ្លាមៗ បន្ទាប់ពី​មានការ​ប្រជុំ​នេះ អភិបាលខណ្ឌនីមួយៗ ក៏បាន​ដុតដៃដុតជើង ចាត់វិធានការ​សម្អាត​ដងផ្លូវ និង​រៀបចំ​តំបន់​របស់ខ្លួន​រហូត​ដល់​ប្រជាជន​មើលឃើញ​ពី​សោភ័ណភាព និង​ភាពខុសប្លែក​ដែល​ល្អភ្លាមៗ តែ​ក៏មាន​ប្រជាជន​មួយចំនួន​នៅ​បារម្ភ​ដែរ​ពី​រឿងនេះ។ មាន​អ្នកខ្លះ​សាទរ​ទាំង​ក្នុង​ចិត្ត​សង្ឃឹម​តែ 50% នោះទេ​ថា​តំបន់​ដែល​គាត់​រស់នៅ​អាច​ស្អាត​បានយូរ​អង្វែង ព្រោះ​កន្លងមក​គាត់​ឃើញ​រូបភាពស្អាតៗខ្លះ​ដែរ​តែ​ក្នុង​រយៈពេល​ខ្លី​ពេក។ ក្រោយ​ពេលដែល​អាជ្ញាធរ​ឈប់​ចុះមក​រៀបចំ ក៏​កើត​ឡើងជា​បញ្ហា​អនាធិបតេយ្យ​ដដែល ព្រោះ​ប្រជាជន​មួយចំនួន​ខ្វះ​ការចូលរួម។

ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​រង់ចាំ​មើល​ទាំង​ចិត្ត​រំភើប អរ និង​បារម្ភ លាយឡំ​គ្នា ព្រោះ​មិនដឹងថា​សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​គេ​ធ្វើឱ្យ​ល្អមើល ឬ​ជា​ចំណុច​ចាប់ផ្តើម​ភាពស្រស់​បំព្រង​ពិតប្រាកដ។ តែ​ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​អារម្មណ៍​ទាំងអស់នោះ ក្តីសង្ឃឹម​ក៏​នៅ​លាយឡំ​គ្នា​ផងដែរ​ក្នុង​គំនិត​ប្រជាពលរដ្ឋ ព្រោះថា​ចំណាត់ការ​របស់​អភិបាល​រាជធានី​ថ្មី ហាក់​មាន​ភាពល្អ​ប្លែក​ខុសពី​ស្ថានភាព​ដែល​គាត់​ធ្លាប់​ជួប ហើយ​នៅពេលនេះ​ប្រជាជន​មួយចំនួន​ក៏​កំពុង​តាមដាន និង​រង់ចាំ​ចូលខ្លួន​សហការ​ផងដែរ បើទោះបីជា​ប្រជាជន​មួយចំនួនទៀត​នៅមាន​មន្ទិល ឬ​មិនទាន់​ចង់​ចូលរួម​ក៏ដោយ។

បើ​ងាកមើល​សេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​វិញ យើង​ឃើញថា ចំណាត់ការ​ក្តៅ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​មិនមែន​ធ្វើភ្លាមៗឱ្យ​ល្អមើល​ទេ។ ថ្នាក់ដឹកនាំ​ក្រុង​ចាប់ផ្តើម​ធ្វើជា​តំណាក់កាលសន្សឹមៗ ដោយ​ចាប់ផ្តើម​ពី​មហាវិថីធំៗចំនួន 11 ជាមុនសិន មុននឹង​ឈានទៅដល់​វិថីសំខាន់ៗផ្សេងទៀត​នៅ​ភ្នំពេញ។ ក្នុងនោះ​មានដូចជា​មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះមុនីវង្ស មហាវិថី​កម្ពុជា​ក្រោម មហាវិថី​ម៉ៅ​សេទុង មហាវិថី​ព្រះសីហនុ និង​មហាវិថី​នេ​រុ​ហ៍ មហាវិថី​ព្រះ​នរោត្តម មហាវិថី​សម្តេច​មុនី​រ៉េត ផ្លូវ​ឧកញ៉ា​ទេព​ផន មហាវិថី​ហ្សា​ល​ដឺ​ហ្គោល មហាវិថី​យោធពលខេមរភូមិន្ទ (ផ្លូវ 271) ផ្លូវ​ឧកញ៉ា​ឃ្លាំងមឿង និង​មហាវិថី​ព្រះស៊ីសុវត្ថិ។ ក្នុង​ចំណាត់ការ​ក្តៅ​នោះ សាលា​រាជធានី​ភ្នំពេញ​បានចេញ​បទបញ្ជា ដោយ​បញ្ឈប់​មិនឱ្យ​មានការ​ចត​យានយន្ត​លើ​ទ្រូងផ្លូវ មិន​ឱ្យមាន​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ និង​ធ្វើការ​ហ៊ុមព័ទ្ធ​ការដ្ឋាន​លើ​ចិញ្ចើមផ្លូវ​លើសពី 1/3 ឬ​ប្រើប្រាស់​ទ្រូងផ្លូវ​ដើម្បី​ទុក​សម្ភារ​សំណង់​របស់ខ្លួន​ជាដើម។

សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ដាក់បទបញ្ជា​ផងដែរ​ចំពោះ​រថយន្ត​ដឹកទំនិញធំៗ ត្រូវ​ចេញចូល​គោរព​តាម​ការណែនាំ​ត្រឹមត្រូវ​ចៀសវាង​ការប្រើប្រាស់​ទ្រូងផ្លូវ​ដើម្បី​ផ្ទេរ​ទំនិញ ឬ​បាញ់​បេតុង។ ចំពោះ​ការរៀបចំ​សម្ភារ​ទំនិញ ម៉ូតូ និង​រថយន្ត​ដាក់តាំង​លក់​អាច​ប្រើប្រាស់​ចំណែក​ចិញ្ចើមផ្លូវ​ត្រឹម 1/3 ហើយ​អាច​ទុកជា​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​ដោយ​ទុក​ផ្លូវុ​ក​ផ្លូវ 2/3 សម្រាប់​អ្នក​ថ្មើរជើង។

ចំពោះ​ខណ្ឌ​វិញ សាលា​រាជធានី​បាន​ណែនាំ​ឱ្យធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ឱ្យចូល​រួមការ​អនុវត្ត​តាម​សេចក្តីណែនាំ​នានា​ដែល​ក្រុង​បានដាក់​ចេញ ហើយ​ប្រសិនបើ​មិន​ព្រម​អនុវត្ត អាជ្ញាធរ​ខណ្ឌ​ត្រូវធ្វើ​កំណត់ហេតុ និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវធ្វើ​ការផាកពិន័យ​តាមច្បាប់ ឬ​អាច​ឈានដល់​វិធានការ​តាមច្បាប់​ជា​ធរមាន។ ចំណែកឯបញ្ហាសំខាន់ៗផ្សេងទៀត​ត្រូវ​តាមដាន និង​ឃ្លាំមើល​ឱ្យបាន​ទៀងទាត់​ដើម្បី​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា។

ចំណាត់ការ​ដូចដែល​បានលើកឡើង​ខាងលើ​ជា​ចំណាត់​ការដែល​សុទ្ធតែ​អាចអនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​នាពេល​បច្ចុប្បន្ននេះ​ប្រជាជន​គ្រប់គ្នា​ក៏​សុទ្ធតែ​បានឃើញ​ច្បាស់លាស់​ហើយ​ថា អាជ្ញាធរ​គ្រប់​ខណ្ឌ​កំពុង​ធ្វើបាន​ស្ទើរតែ 100%។ សកម្មភាព​នេះ បាន​បង្កើន​សម្រស់​ទីក្រុង​ភ្នំពេញ​ឱ្យ​មើលទៅ​ពោរពេញ​ទៅដោយ​សោភ័ណភាព តែ​កន្លងមក​យើង​ឃើញថា ចំណាត់ការ​របស់​សាលា​រាជធានី​គឺ​សុទ្ធតែ​ល្អ ហើយ​អនុវត្ត​ក៏​ល្អ តែ​ទាស់​ត្រង់​អនុវត្ត​សកម្មភាព​ទាំងអស់នោះ​ក្នុងពេល​ខ្លី​ពេក ហើយក៏​បង្កឱ្យមាន​ភាព​អនាធិបតេយ្យ​ដដែល​ជា​ដដែល ព្រោះ​ខាង​ថ្នាក់ក្រោម​មិន​ព្រម​អនុវត្ត​បន្ត​ឱ្យមាន​ប្រសិទ្ធភាព។ ប្រជាជន​នៅ​រាជធានី សុទ្ធតែ​ឃ្លាំមើលគ្រប់ៗគ្នា ហើយ​រំពឹងថា សកម្មភាព​ទាំងអស់នោះ ប្រសិនបើ​អាចអនុវត្ត​បានយូរ​អង្វែង ប្រជាជន​នឹង​ស្គាល់​ច្បាស់​ពី​ជីវភាព​រស់នៅ​ប្រកបដោយ​ភាពស្រស់ស្អាត និង​សណ្តាប់ធ្នាប់ ហើយ​នៅពេលនោះ គាត់​នឹង​ពិបាក​មក​រស់នៅក្នុង​ស្ថានភាព​អ​នា​ធិ​ប​តយ្យ​វិញ​ណាស់ ព្រោះ​គាត់​លែង​ស៊ាំ​ជាមួយនឹង​ភាព​រញ៉េរញ៉ៃ​ដូច​មុន​ទៀតហើយ៕

Advertisement