រាជរដ្ឋាភិបាល​បញ្ចេញ​ទុន 50លាន​ដុល្លា រលើ​ការប្រមូល​ទិញស្រូវ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​នឹង​ផ្តល់ទុន​បង្វិល​ចំនួន50លាន​ដុល្លារ​ដល់​វិស័យ​ឯកជន​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយ​រដ្ឋាភិបាល​នឹង​ផ្តល់ទុន​បន្ថែមទៀត​ប្រសិនបើ​ការប្រមូល​ទិញស្រូវ​នៅតែមាន​តម្រូវការ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ទិញស្រូវ​សម្រាប់​ឆ្នាំ2017 និង​ឆ្នាំ2018 នៅ​ទីស្តីការក្រសួង​ថ្ងៃទី14 ខែសីហា ឆ្នាំ2017នេះ​ថា សម្រាប់​គោលការណ៍​នៃ​ការប្រមូល​ទិញស្រូវ ដើម្បី​ជួយ​លើកស្ទួយ​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​កម្ពុជា រាជរដ្ឋាភិបាល​នឹង​បង្កើន​តាមរយៈ​អន្តរាគមន៍​កញ្ចប់​ថវិកា​ជាច្រើន ក្នុងនោះ​សម្រាប់​គម្រោងការ​បង្កើត​ឡស​ម្ងួ​ត គឺមាន​ទំហំ​ទឹកប្រាក់​ពី15លាន ទៅ30លាន​ដុល្លារ​អាមេរិក ហើយ​មកដល់ពេលនេះ​សម្រាប់​កញ្ចប់​ថវិកា15លាន​ដុល្លារ គឺ​យើង​បាន​យកទៅ​អភិវឌ្ឍ​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ​រួចហើយ។ ជាមួយនេះដែរ រាជរដ្ឋាភិបាល​នឹង​ជំរុញ​បង្កើត​គ្រោង​ឡស​ម្ងួ​ត​ចំនួន3កន្លែង​ទៀត គឺ​នៅក្នុង​ខេត្តព្រៃវែង កំពង់ធំ និង​ខេត្តតាកែវ​ផងដែរ។

លោក​រដ្ឋលេខាធិការ​ក៏បាន​អំពាវ​ដល់​អាជ្ញាធរ​នៅតាម​បណ្តា​ខេត្ត​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ការប្រមូល​ទិញស្រូវ​ឲ្យ​មាន​តម្លាភាព ជាពិសេស​ចូលរួម​លុបបំបាត់​ឲ្យ​អស់​លើ​ករណី​ទារលុយ​ខុសច្បាប់ ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការប្រមូល​ទិញស្រូវ​នៅក្នុង​គម្រោង​ផែនការ​ឆ្នាំ2017 ឆ្នាំ2018នេះ៕

Advertisement