ធនាគារ​អភិវឌ្ឍន៍ជនបទ​រំពឹង​ថា ឆ្នាំនេះ​នឹង​គ្មាន​ហានិភ័យ​លើ​បញ្ហា​ស្រូវ អង្ករ

ភ្នំពេញ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នា​រដូវ​ប្រមូល​ផល​ស្រូវ​ក្នុងឆ្នាំនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ​គ្រោង​នឹង​ស្នើសុំ​កញ្ចប់​ឥណទាន​ពិសេស​ក្នុង​រង្វង់​ទឹកប្រាក់23លាន​ដុល្លារ​បន្ថែមទៀត​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ប្រតិ​ប​ត្ដិ​ការ​ការងារ​នេះ ខណៈ​គេ​មើលឃើញថា កំណើន​នៃ​ក្រុមហ៊ុន​ស្នើសុំ​កម្ចី​ឥណទាន​នឹងមាន​ការកើតឡើង​ក្នុងឆ្នាំនេះ។

ឯកឧត្ដម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បញ្ជា​ក់ថា ក្នុងឆ្នាំនេះ​យើង​រំពឹងថា មាន​ក្រុមហ៊ុន​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​អាច​នឹង​ប្រើប្រាស់​ឥណទាន​ពិសេស​នេះ​កើនឡើង​ច្រើនជាង​ឆ្នាំមុន ដូច្នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​នឹងធ្វើ​ការស្នើសុំ​កញ្ចប់​ឥណទាន​ពិសេស​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​រៀបចំ និង​ទប់ស្កាត់​ជាមុន​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង។ ឯកឧត្ដម​បន្ដថា៖ «បច្ចុប្បន្ន​យើង​បាន​ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡស​ម្ងួ​ត​ជាបណ្ដើរៗហើយ  ដែល​ឡស​ម្ងួ​ត​អាច​នឹង​ហើយ​រួចរាល់​នៅ​ដំណាច់​ខែសីហា និង​អាចមាន​សមត្ថភាព​ស​ម្ងួ​ត​បាន​ក្នុង​រង្វង់3ពាន់​តោន​ក្នុង​មួយថ្ងៃ ដូច្នេះ​យើង​សង្ឃឹមថា ឆ្នាំនេះ​វា​នឹង​មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ​ពាក់ព័ន្ធ​នឹង​ស្រូវ​អង្ករ។ ពិសេស​បញ្ហា​ធំ​យើង​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ខ្សែបណ្ដាញ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឈ្មួញកណ្ដាល​ចុះទៅ​ក្រឡុក​ទីផ្សារ»។

អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បន្ថែមថា ក្រៅពី​ការងារ​ទាំងនេះ យើង​ក៏បាន​ធ្វើ​ការងារ​ជាមួយ​អភិបាលស្រុក និង​ឃុំ​មួយចំនួន​ដែល​បាន​ចូលរួម​បម្រើ​ប្រជាពលរដ្ឋ​ក្នុងការ​កំណត់​ទីតាំង និង​តម្លៃ​ស្រូវ​សម្រាប់​លក់​នៅ​ទីតាំង​នោះ​តែម្ដង។ ករណី​ដល់​ពេលយប់​ដែល​គ្មាន​ឈ្មួញ​ចុះ​ទិញ​បន្ដទៀត​ធនាគារ​ស្រូវ​នឹង​ប្រមូល​ទិញ​យកមក​ដាក់​ក្នុង​ឡស​ម្ងួ​ត​ភ្លាម។

កន្លងមក​មានការ​លើក​ឡើង​ថា មានការ​រើសអើង​ចំពោះ​ការផ្ដល់​ឥណទាន​ពិសេស​នេះ ប៉ុន្ដែ​រឿងនេះ​ត្រូវបាន​ឯកឧត្ដម​អ​គ្ក​នាយក​បញ្ជាក់ថា យើង​បានប្រកាស​ហើយ​ថា ការផ្ដល់​ឥណទាន​នេះ​ត្រូវធ្វើឡើង​ដោយ​មិន​រើសមុខ​ទេ គឺ​ឥណទាន​ត្រូវបាន​ផ្ដល់ទៅឱ្យ​អ្នក​ដែល​បាន​បំពេញ​តាម​គុណ​វ​ឌ្ឍិ​គោលនយោបាយ​ឥណទាន និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ពោលគឺ​យើង​ចង់​ផ្ដល់​ឥណទាន​ពិសេស​នេះ​ទៅដល់​កសិករ​ដែល​ធ្វើ​ការងារ​ប្រមូល​ផ្ដុំគ្នា​ជា​សហគមន៍ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ ថ្នាំ និង​ជី ព្រមទាំង​រោង​ម៉ាស៊ីន​ទិញស្រូវ​អង្ករ​ពី​កសិករ និង​អ្នក​ទិញស្រូវ​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​វិញ​ផងដែរ។

ជាមួយគ្នានេះ​ឯកឧត្ដម​ក៏បាន​ប្រកាស​ដែរ​ថា អ្នក​ដែល​មិនទាន់​ទទួលបាន​ឥណទាន​ពិសេស​នេះ ក៏​គួរតែ​មក​សាកល្បង ព្រោះ​មាន​លក្ខខណ្ឌងាយៗក្នុងការ​ទទួលបាន ឬក៏​អាច​ទូរស័ព្ទ​ទំនាក់ទំនង​មក​ធនាគារ​ផ្ទាល់ នឹងមាន​មន្ដ្រី​ឥណទាន​ចុះទៅ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​របស់លោក​អ្នក​ដើម្បី​បំពេញ​ពាក្យស្នើសុំ​កម្ចី​ឥណទាន​ពិសេស​នោះ​នៅនឹងកន្លែង​តែម្ដង។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ2016មាន​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​រង្វង់7ក្រុមហ៊ុន បានមក​ដាក់ពាក្យ  ស្នើសុំ​លើក​ម្ចី​ឥណទាន​ពិសេស ដោយ​គ្រាន់​តែមាន​ស្រូវ​ជាវ​ត្ថុ​ធានា​បញ្ចាំ​តែប៉ុណ្ណោះ៕

Advertisement