ដាំ​ដំណាំ​លក់​ត្រូវ​រក​ទីផ្សារ​ទុកជាមុន បើ​ពុំ​ដូច្នោះ​ទេ​កសិករ​ប្រយ័ត្ន​ខាតបង់!

កសិករ​ក្នុងប្រទេស​កម្ពុជា ភាគច្រើន​តែង​ធ្វើ​ដំណាំ​កសិកម្ម​តាម​ទម្លាប់​ចាស់ ដោយ​ដាំ​ដំណាំ​ទៅតាម​រដូវ​កាលនីមួយៗ និង​មិនបាន​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ផលដំណាំ​ទុកជាមុន​នោះទេ ជាហេតុ​ធ្វើឱ្យ​នៅពេល​ប្រមូល​ផលម្តងៗតែង​ជួបនឹង​បញ្ហា​កង្វះ​ទីផ្សារ​លក់ ហើយ​ពេលខ្លះ​គ្មាន​ឈ្មួញ​ទិញ​ទៀតផង។ ឧទាហរណ៍​ដូចជា​កសិករ​ដាំ​ល្ហុង​នៅ​ភូមិ​ដូន​ហែម បាន​រអ៊ូរទាំ​ថា រដូវ​ទឹក​ឡើង​ឆ្នាំនេះ ផ្លែ​ល្ហុង​ធ្លាក់​ថ្លៃ​ខ្លាំង​ហៅ​លែង​ឮ ហើយ​ថែមទាំង​គ្មាន​ឈ្មួញ​ទិញ​ទៀត ដែល​ធ្វើឱ្យ​ពួកគាត់​បង្ខំចិត្ត​ទុកឱ្យ​ល្ហុង​ទុំ​ជ្រុះ​ចោល​ពេញ​ចម្ការ​តែម្តង។

អ្នកស្រី ចក់ នាង មាន​ទីលំនៅ​នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា 2ឆ្នាំ​ចុង​ក្រោយនេះ​ផ្លែ​ល្ហុង​ធ្លាក់​ថ្លៃ​ហៅ​មិនឮ និង​គ្មាន​ម៉ូយ​ចុះមក​ទិញ​ទៀតផង ជាហេតុ​ធ្វើឱ្យ​កសិករ​បង្ខំចិត្ត​កាប់​ដើម​ចោល និង​ទុក​ផ្លែ​ឱ្យ​ទុំ​ជ្រុះ​ចោល​ពេញ​ចម្ការ។

កាលពីមុន​ល្ហុង1គីឡូក្រាម​ពេល​ដើមដៃ​យ៉ាងហោចណាស់​ក៏​លក់បាន800រៀល​ដែរ លុះ​ពា​ក់ណ្តាល​ដៃ​បាន500ទៅ600រៀល ហើយ​ចុងដៃ​ក៏បាន300រៀល​ដែរ​ក្នុង1គីឡូក្រាម និង​ម៉ូយ​ថែមទាំង​មក​ទទួល​ទិញ​ដល់​មាត់កំពង់​ទៀតផង។ ប៉ុន្តែ 2ឆ្នាំ​ចុង​ក្រោយនេះ​ល្ហុង​ចុះថោក​ទាល់តែ​មែនទែន 1គីឡូក្រាម​បានត្រឹមតែ100រៀល​ហើយ​គ្មាន​ម៉ូយ​ទិញ​ទៀត ដូច្នេះ​មានតែ​បង្ខំចិត្ត​ទុកឱ្យ​ទុំ​ជ្រុះ​ចោល និង​កាប់​ចោល​ដាំ​ដំណាំ​ផ្សេង ហើយ​បើ​នៅតែ​គ្មាន​ទីផ្សារ​ដូច្នេះ​ទៀត អ្នកចម្ការ​គឺ​ចប់​ហើយ ដូច្នេះ​សូមឱ្យ​ថ្នាក់លើ​មេត្តាជួយ​រក​ទីផ្សារ​ឱ្យ និង​ទប់ស្កាត់​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​ផង។

កសិករ​ម្នាក់ទៀត​គឺ​អ្នកស្រី វ៉ាន់ សៀ​ប បាន​រៀបរាប់ថា ល្ហុង​មុនពេល​ដាំ​គឺ​ត្រូវ​បណ្តុះ​កូន​ទុក​ជាមុនសិន លុះ​កូន​ល្ហុង​ដុះ​ទើប​យក​កូន​ទៅ​កាប់​រណ្តៅ​ដាក់​ដាំ ហើយ​បើ​ក្រោយពី​ដាំ5ថ្ងៃ​មិនមាន​ភ្លៀង យើង​ត្រូវ​បូមទឹក​ស្រោច។ លុះ​អាយុ​បាន​ជាង1ខែ​ទើប​គេ​ភ្ជួរ​លុប​គល់ ហើយ​ឆូត​ជា​ប្រឡាយ​ទប់​សងខាង​នឹងត្រូវ​បូមទឹក​ដាក់​ក្នុង1សប្តាហ៍​ម្តង ហើយ​ល្ហុង​គឺ​ចាប់​ដាំ​ពី​ខែតុលា រហូតដល់​ខែ​មិនា គឺអាច​បេះ​បានជាបណ្តើរៗរហូតដល់​ខែឧសភា​ទើប​អាច​បេះ​បាន​ច្រើន និង​មកទល់​ខែសីហា​ក៏​នៅតែ​បេះ​បានដែរ គឺ​កុំ​ឱ្យតែ​ទឹក​ឡើង​លិច​ចម្ការ។

ជាមួយគ្នា​នោះដែរ ឈ្មួញ​ដែល​ទទួល​ទិញ​ផ្លែ​ល្ហុង​យកទៅលក់​បន្ត​នៅឯ​ផ្សារ​នាគ​មាស​រាជធានី​ភ្នំពេញ អ្នកស្រី ម៉ឺ​ត ង៉ា និយាយថា ឆ្នាំនេះ​ល្ហុង​ពិតជា​ធ្លាក់​ថ្លៃ​មែន ពិសេស​នៅ​រដូវ​ទឹក​ដំឡើង​នេះ​តែម្តង ព្រោះ​ល្ហុង​ត្រូវបាន​គេ​នាំមក​លក់​ពី​គ្រប់ទិសទី មានដូចជា​ស្រុក​ស្អាង កោះធំ ល្វាឯម និង​ពី​ប្រទេស​វៀតណាម​ផងដែរ ហើយ​ក្នុង1ថ្ងៃ​គាត់​ទិញ​ប្រមាណ​ជាង2តោន​ប៉ុណ្ណោះ បើ​ទិញ​ច្រើន​លក់​មិន​អស់​នឹង​សល់​ចោល និង​ដោយសារ​មាន​អ្នក​យកមក​លក់​បោះ​ដុំ​ច្រើន។

លោក ប៊ុន ទួន​ស៊ី​បូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កណ្តា ល​បាន​មានប្រសាសន៍ថា ឆ្នាំ2017នេះ​នៅ​ទូទាំង​ខេត្តកណ្តាល​បាន​អនុវត្ត​ការដាំដុះ​បន្លែ​គ្រប់​ប្រភេទ​លើ​ផ្ទៃដី3,443ហិកតា ហើយ​ជាធម្មតា​ទេ​នៅ​រដូវ​ទឹក​ដំឡើង​នេះ​តម្លៃ​ល្ហុង​រមែង​មានការ​ធ្លាក់​ថ្លៃ ព្រោះ​ដោយសារ​ចម្ការ​ល្ហុង​ត្រូវ​ទឹក​លិច ហើយ​ម្ចាស់​បង្ខំ​បេះ​យកទៅលក់ ទើប​ធ្វើឱ្យ​ជន់​នៅលើ​ទីផ្សារ និង​បាន​តម្លៃថោក។ ដូច្នេះ​បងប្អូន​ត្រូវតែ​ចេះ​ពិនិត្យមើល​អំពី​តម្រូវការ​នៅលើ​ទីផ្សារ​ថា តើ​កំពុងមាន​តម្រូវការ​អ្វី យើង​ដាំ​ដំណាំ​នោះ​ទៅ វា​នឹង​បាន​ថ្លៃ ហើយ​យក​ល្អ​កុំ​ចេះតែ​ដាំ​ដុះ​តាម​គ្នា និង​គួរ​បង្កើតឱ្យមាន​តំបន់​មួយ​ផលិតផល​មួយ ពិសេស​ការដាំដុះ​គួរ​រក​ទីផ្សារ​ទុកជាមុន​ទើប​ជាការ​ប្រសើរ ដើម្បី​កុំឱ្យ​ខាតបង់​ដូច្នេះ៕

Advertisement