ក្រសួងពាណិជ្ជកម្ម​គ្រោង​បង្កើត​សហព័ន្ធ​ម្រេច ដើម្បី​ពង្រឹង​ទីផ្សារ និង​ការផ្គត់ផ្គង់

ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​រៀបចំ​បញ្ចូល​ផលិតផល​ម្រេច​ទៅជា​ផលិតផល​សក្តានុពល​មួយ​របស់​កម្ពុជា​សម្រាប់​ការនាំចេញ បន្ទាប់ពី​មាន​ការដាំដុះ​យ៉ាងច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើឱ្យ​ទិន្នផល​ម្រេច​ហក់​ឡើង​រហូតដល់​ប្រមាណ 2ម៉ឺន​តោន​ក្នុង1ឆ្នាំ។

នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ពាណិជ្ជកម្ម​ម្រេច និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​របស់​សហគមន៍​ម្រេច​អន្តរជាតិ ក្នុង​ការកសាង​ទំនុកចិត្ត​ឆ្ពោះទៅកាន់​និរន្តរភាព​នៃ​ផលិតកម្ម​ម្រេច កាលពី​ថ្ងៃទី11 ខែសីហា ឆ្នាំ2017 នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អះអាងថា ការដាំដុះ​ម្រេច​នៅ​ប្រទេស​កម្ពុជា មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​បន្ទាប់ពី​ដំណាំ​ម្រេច​មាន​ស្ថិរភាព​ថ្លៃ បើ​ធៀប​ទៅនឹង​ផលិតផលផ្សេងៗទៀត។

បច្ចុប្បន្ន​កម្ពុជា អាច​ប្រមូល​ផល​ម្រេច​បាន​បរិមាណ2ម៉ឺន​តោន ខណៈ​កាលពី​អំឡុង​ទសវត្សរ៍60 មាន​ត្រឹមតែ 2,000តោន​ប៉ុណ្ណោះ។

ឯកឧត្តម​បាន​ថ្លែងថា៖ “ការកើនឡើង​ខ្ពស់​នេះ បាន​បង្កក្តី​លំបាក​ដល់​ការរក​ទីផ្សារ។ យើង​ដឹង​ហើយ​ថា ម្រេច​តែមួយ​ក្តាប់ គេ​អាច​ប្រើ​បាន​ស្ទើរ​មួយ​ភូមិ ដូចនេះ​ការរក​ទីផ្សារ​ពិតជា​ពិបាក។

នៅ​ចំពោះមុខ​ការលំបាក​នេះ និង​ដើម្បី​ដោះស្រាយ​ស្ថានភាព​ប្រឈម​នៅពេល​ខាងមុខ ក្រសួងពាណិជ្ជកម្ម គ្រោង​នឹង​បង្កើត​សមាគម​ម្រេច​ឱ្យ​មាននៅ​គ្រប់​ខេត្ត​ទាំងអស់19 ដែលមាន​ការដាំដុះ​ម្រេច ដើម្បី​ឈានទៅ​បង្កើត​សហព័ន្ធ​ម្រេច​នៅ​ថ្ងៃ​អនាគត ខណៈ​បច្ចុប្បន្ន​មានតែ​ខេត្ត​ចំនួន5ប៉ុណ្ណោះ​ដែលមាន​សមាគម​ម្រេច។ ការប្រកប​អាជីវកម្ម​ម្រេច​ត្រូវបាន​ធ្វើឡើងដោយឡែកៗពីគ្នា​រវាង​កសិករ​ម្នាក់​ទៅ​កសិករ​ម្នាក់ទៀត ដែលជា​កត្តា​ពិបាក និង​ការចំណាយ​ខ្ពស់។

ឯកឧត្តម ម៉ៅ ថូ​រ៉ា បាន​អះអាងថា ម្រេច​ជា​ផលិតផល​សំខាន់​មួយ​ក្នុងចំណោម​ទំនិញ​ទាំង19 មុខ​របស់​កម្ពុជា​ដែលជា​អាទិភាព​សម្រាប់​ការនាំចេញ។ ផលិតផល​ម្រេច​ប្រមាណ300តោន​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក ហើយ​ទិន្នផល​សេសសល់​ត្រូវ​ពឹង​លើ​ការនាំចេញ ដោយ​វៀតណាម​នាំចូល​ច្រើន​បំផុត ក្រៅពីនោះ​មាន​ទីផ្សារ​ជប៉ុន កូរ៉េ អាមេរិក និង​កាណាដា ជាដើម។

យោងតាម​ការសិក្សា កសិករ​លក់​ម្រេចភ្លាមៗក្រោយ​ប្រមូល​ផល ដោយសារ​គ្មាន​ឃ្លាំង​ស្តុក និង​ត្រូវការ​ទុន​បង្វិល។ អ្នក​ដាំ​ដុះ​ម្រេច ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី 2-3ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិកតា សម្រាប់​ការដាំដុះ​ម្រេច​រហូតដល់​ដល់​ប្រមូល​ផល។

នៅ​ខែធ្នូ​ចុងឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​គ្រោង​នឹង​រៀបចំ​វេទិកា​ម្រេច​លើក​ទី1 ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ស្តីពី​ម្រេច​ដល់​អ្នក​ដែល​កំពុង​ធ្វើ​អាជីវកម្ម។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯកឧត្តម ម៉ៅ ថូ​រ៉ា៕

Advertisement