ក្រសួង​រ៉ែ ប្រកាស​ផ្តល់​អាជ្ញា​បណ្ណ​រក​រ៉ែ​លោហៈ​ចំនួន 2កន្លែង​ថែមទៀត

បន្ទាប់ពី​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន 4 ឱ្យ​រុក​រ៉ែ​លោហៈ​នៅ4ទីតាំងខុសៗគ្នា​បានត្រឹមតែ​ជាង1ខែ ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​ផ្តល់​អាជ្ញា​បណ្ណ​ថ្មី​ចំនួន​ពីរ​ទៀត នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង។

ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​ឱ្យ​ក្រុមហ៊ុន​រុករក​រ៉ែ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ទាំងអស់​នៅ​កម្ពុជា​ឱ្យមក​ចូលរួម​ដាក់ពាក្យ​ដើម្បី​ទទួលបាន​សិទ្ធិ​សម្បទាន​រ៉ែ​នៅ​កម្ពុជា ខណៈ​ក្រសួង​នឹង​ផ្តល់ជូន​ចំនួន​ពីរ​កន្លែង​ផ្សេងទៀត បន្ទាប់ពី​ការផ្តល់​ទីតាំង​ចំនួន4សម្រាប់​ការរុករក​រ៉ែ​លោហៈ​កាលពី​ខែមិថុនា ឆ្នាំ2017។

លិខិត​ជូនដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល​ចុះ​ថ្ងៃទី03 ខែសីហា ឆ្នាំ2017 បាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​រ៉ែ​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណដើ​ម្បី​រុករក​រ៉ែ​លោហៈ រហូតដល់​ថ្ងៃទី30 ខែសីហា ឆ្នាំ2017។

តំបន់​ថ្មី​ទាំងពីរ​នោះ​រួមមាន តំបន់​ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ និង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ដែលមាន​ផ្ទៃដី​សម្រាប់​រុករក​រ៉ែ​ទំហំ30.60គីឡូម៉ែត្រ​ការ៉េ និង​ទី2 តំបន់​ឃុំ​ចម្ការលើ ឃុំ​អូរ​រៃ និង​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វាត់ ខេត្តស្ទឹងត្រែង ដែលមាន​ផ្ទៃដី​រុករក​រ៉ែ​ទំហំ114.98គីឡូម៉ែត្រ​ការ៉េ។

កាលពី​ខែមិថុនា ឆ្នាំ2017 ក្រុមហ៊ុន​ចំនួន4 ដែល​ទទួលបាន​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ រួមមាន 1.ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំបន់​ស្វាយ​ជ្រះ ស្ថិតក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី លើ​ផ្ទៃដី74.32គីឡូម៉ែត្រ​ការ៉េ 2.ក្រុមហ៊ុន Kiri Resources Co., Ltd តំបន់​អូរ​ចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ និង​ឃុំ​សុចិត្រ ព្រមទាំង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែលមាន​ទំហំ​ផ្ទៃដី​រុករក​រ៉ែ93.94គីឡូម៉ែត្រ​ការ៉េ 3.ក្រុមហ៊ុន Samnang Angkor Development Co., Ltd តំបន់​វាល​ស្រ​ង៉ា​ម ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត ដែលមាន​ផ្ទៃដី​រុករក​រ៉ែ​ទំហំ159.50គីឡូម៉ែត្រ​ការ៉េ និង 4.ក្រុមហ៊ុន Sea Resources Pty Ltd តំបន់​ព្រែក​កាំ​ពីរ ស្ថិតនៅ​ឃុំ​ថ្មី ឃុំ​ចង្ក្រង់ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ឃុំ​ស្រែ​ជិះ និង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ និង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ដែលមាន​ផ្ទៃដី​រុករក​សរុប198គីឡូម៉ែត្រ​ការ៉េ។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់ថា“ចំពោះ​ក្រុមហ៊ុន​រ៉ែ ដែល​បាននិងកំពុង​កាន់​អាជ្ញា​បណ្ណ​ធនធាន​រ៉ែ​លើស​ពីមួយ​ពុំមាន​សិទ្ធិ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​នេះ​ទេ។

នា​ព្រឹក​ថ្ងៃទី07 ខែសីហា ឆ្នាំ2017 កន្លងមក​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បាន​អនុញ្ញាតឱ្យ​តំណាង​ក្រុមហ៊ុន Mesco Gold Cambodia Limited ចូលជួប​សម្តែង​ការគួរសម និង​រាយការណ៍​អំពី​វឌ្ឍនភាព​ការសាងសង់​រោងចក្រ​អាជីវកម្ម​រ៉ែ​មាស នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនៈគិរី។

យោងតាម​ក្រសួង​រ៉ែ និង​ថាមពល មកដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​អនុវត្តតាម​ផែនការ​នៃ​គម្រោង​អាជីវកម្ម ដោយបាន​បំពេញបែបបទ និងកំពុងដំណើរការ​នាំចូល​សម្ភារ​បរិក្ខារ​សាងសង់​រោងចក្រ​បន្សុទ្ធ​មាស តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ តំណាង​ក្រុមហ៊ុន​ក៏បាន​ស្នើ​គោរព​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅធ្វើ​ទស្សនកិច្ច​ការដ្ឋាន​រ៉ែ ដែល​ស្ថិតក្រោម​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា នាពេល​វេលា​សមស្រប​ខាងមុខ។

ក្រោយ​ការផ្តល់​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន Renaissance Mineral (Cambodia) Limited ដែលជា​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ត្រាលី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ក៏បាន​ជួប​លោក Simon Lee Ao ប្រធាន​ក្រុមហ៊ុន និង​លោក Morgan Hart នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បាន​រាយការណ៍​ពី​វឌ្ឍនភាព​នៃ​គម្រោង​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ និង​អូរ​ឈូង ក្នុង​ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស៊ុយ សែម បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​រៀបចំ​ឯកសារ​ទាំង​ការសិក្សា​សមិទ្ធ​លទ្ធភាព ទាំង​ឯកសារ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម ឱ្យបាន​ឆាប់ ដើម្បី​ជំរុញ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ឱ្យបាន​លឿន​តាម​ផែនការ៕

Advertisement