MFI ផ្តល់​ឥណទាន 1ពាន់​លាន​ដុល្លារ​ដល់​វិស័យ​កសិកម្ម

ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFI) បានផ្តល់​ឥណទាន​រហូត​ដល់1ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា។

លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ដើម្បី​លើកស្ទួយ​តម្លៃ​ស្រូវ​កាលពី​ម្សិលមិញ​ថា ក្រៅពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា​ផ្តល់​ឥណទាន​ដល់​វិស័យ​កសិកម្ម​ក្នុង​ទំហំ​ទឹកប្រាក់1ពាន់​លាន​ដុល្លារ​ហើយ​នោះ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏បានផ្តល់​ឥណទាន​ក្នុង​វិស័យនេះ​ក្នុង​ទំហំ​ទឹកប្រាក់ 1.5ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ។

ទាក់ទង​នឹង​បញ្ហា​បំណុល​របស់​កសិករ​ដែ​ល​សង​ត្រឡប់​យឺត​វិញ​នោះ លោកជំទាវ​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បង្កើតជា​ក្រុមការងារ និង​ជំរុញ​បង្កើត hotline ដើម្បី​ទទួល​ព័ត៌មាន​ពី​សាធារណជន​ក្នុងការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​បំណុល​ក្នុង​គោលដៅ​ដោះស្រាយ​បន្ថែមទៀត​ដើម្បី​ផ្តល់​ការអនុគ្រោះ​ដល់​កសិករ​ដែល​ពុំមាន​លទ្ធភាព​សង និង​ដោះស្រាយ​តាមរយៈ​សកម្មភាព​ជាក់ស្តែង និង​យោគយល់​ដោយ​មិន​បង្ខំ​ឲ្យ​លក់​ដីធ្លី ឬ​ផ្ទះសំបែង​ឡើយ។

ស្ថានភាព​វិស័យ​កសិកម្ម​កំពុងមាន​ភាពប្រសើរឡើង​ទាក់ទង​នឹង​ទិន្នផល និង​ការដាំដុះ​ដែល​កាន់តែ​ធ្វើ​ពិពិធ​កម្ម​នូវ​ផលិតកម្ម​ស្រូវ និង​ដំណាំ​ដទៃទៀត។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បាន​ថ្លែងថា ទិន្នផល​ស្រូវ​ឆ្នាំនេះ​រំពឹង​ទទួលបាន​ជាង10លាន​តោន កើនឡើង​ប្រមា ណ10ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការទទួលបាន​ផល​ស្រូវ​ក្នុង​មួយ​ហិកតា​នៅតែ​ស្ថិតក្នុង​កម្រិត​ចន្លោះ​ពី3ទៅ4តោន​ក្នុង​មួយ​ហិកតា​ដដែល។ លោក​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្រសួង​បាន និង​កំពុង​ដាក់ចេញ​នូវ​ពូជស្រូវ​ប្រភេទ​ថ្មី​មួយ​ដែលមាន​ឈ្មោះ​ខា14 ខា15 និង​ប្រភេទ​ខា16 ដែលជា​ពូជស្រូវ​មាន​សភាព​ធន់​នឹង​ជំងឺ ធន់​នឹង​អាកាសធាតុ និង​ទទួលបាន​ទិន្នផល​ច្រើន។

លោក​បន្តថា “ជាមួយនឹង​កំណើន​នៃ​ទិន្នផល​កសិកម្ម​នេះ កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ​បាន​ធ្លាក់ចុះ​ពី​ជាង80ភាគរយ​កាលពី​ទសវត្សរ៍​ទី80មក​នៅ​ជាង60ភាគរយ​ក្នុង​ទសវត្សរ៍​ទី90 និង​ថយ​ចុះមក​នៅត្រឹម41ភាគរយ​ក្នុង​ឆ្នាំ2016 ដោយសារ​ការកើនឡើង​នូវ​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​ដែល​ធ្វើ​ឲ្យ​វិស័យនេះ​ទទួលបាន​តម្លៃបន្ថែម​កាន់តែច្រើន៕

Advertisement