ត្រីមាស​ទី2  ចំនួន​អ្នក​ខ្ចីប្រាក់​ធ្លាក់ចុះ តែ​ទំហំ​ទឹកប្រាក់​កម្ចី​កើនឡើង

ភ្នំពេញ៖ យោងតាម​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​ឥណទាន​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី15 ខែកក្កដា​នេះ​បានឱ្យដឹងថា ចំនួន​នៃ​ការស្នើសុំ​ប្រាក់កម្ចី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី2 ឆ្នាំ2017នេះ ប៉ុន្តែ​មាន​ទំនោរ​ធ្លាក់ចុះ​ទាប​ជាង​ជាង​ត្រីមាស​ទី2 ដូចគ្នា​ក្នុង​ឆ្នាំ2016។ យ៉ាងណា​ក៍ដោយ ទោះជា​មានការ​ធ្លាក់ចុះ​នៃ​ការស្នើសុំ​កម្ចី​ជារួម​ដូច្នេះ​ក្តី ក៏​ការផ្តល់​ប្រាក់កម្ចី​នៅតែមាន​និន្នាការ​កើនឡើង​រហូតដល់ 4.19% នៃ​គណនី​ឥណទាន​សរុប និង 6.59% ដដែល​នៃ​ទំហំ​ទឹកប្រាក់​សរុប។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) មានប្រសាសន៍ថា ទោះ​ជាមាន​ទំនោរ​ធ្លាក់ចុះ​នៃ​ការស្នើសុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល​គឺជា​លក្ខណៈ​រដូវ​កាល​ក៍ដោយ ក៏​យើង​សង្កេតឃើញថា ក្នុង​ត្រីមាស​ទី2នេះ​ចំនួន​គណនី​ឥណទាន​នៅតែមាន​ការកើនឡើង​ប្រមាណ​ជា 4.19% សមាមាត្រ​នឹង​កំណើន​ទឹកប្រាក់​កម្ចី 6.59%។ លោក​ថា ចំណែកឯ​ប្រាក់កម្ចី​មិន​ដំណើរការ​លើសពី30ថ្ងៃ​វិញ ទោះបី​ជាមាន​កំណើន​តិចតួច និង​អាច​គ្រប់គ្រង​បាន​ក្តី ប៉ុន្តែ​វាក៍​ជា​សញ្ញា​មួយ​សម្រាប់​ឱ្យ​គ្រប់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​គួរ​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គុណភាព​ឥណទាន​របស់ខ្លួន​លើ​ផលិតផល3 រួមមាន1.ការស្នើសុំ​កម្ចី​លក្ខណៈ​បុគ្គល 2.ដំណើរការ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល 3. គុណភាព​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល។

1.អំពី​ការស្នើសុំ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល៖ នៅ​ត្រីមាស​ទី2នេះ​បង្ហាញថា ការស្នើសុំ​ឥណទាន​បាន​ធ្លាក់ចុះ​គួ​ឱ្យ​កត់សម្គាល់​រហូត 15% ធៀប​នឹង​ត្រីមាស​ទី1 កើនឡើង 29% ប៉ុន្តែ​ទំនោរ​នៃ​ការធ្លាក់ចុះ​នេះ គឺ​ទាប​ជាង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ2016ដែល​ធ្លាក់ចុះ​ដល់ 25%។ ការធ្លាក់ចុះ​នៃ​ការស្នើសុំ​ឥណទាន​នេះ ដោយសារតែ​មានការ​ធ្លាក់​ចុះ​នៃ​ការស្នើសុំ​ប័ណ្ណឥណទាន 18% ការស្នើសុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន 15% និង​កម្ចី​អចលនទ្រព្យ 8%។ ការស្នើសុំ​នេះ​មានការ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​តំបន់ លើកលែងតែ​តំបន់ឆ្នេរ​សមុទ្រ​ដែល​នៅតែមាន​កំណើន​លើ​ការស្នើសុំ​ប័ណ្ណឥណទាន 100% និង​ការស្នើសុំ​កម្ចី​អចលនទ្រព្យ​កើនឡើង 3%។

2.អំពី​ដំណើរការ​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល៖ នៅ​ត្រីមាស​ទី2នេះ កំណើន​ចំនួន​គណនី​មានការ​ថមថយ​បន្តិច​ដោយមាន​កំណើន​ត្រឹម 4.19% ធៀប​នឹង​ត្រីមាស​ទី1កើនឡើង​ដល់ 10.87%។ ចំនួន​គណនី​ឥណទាន​សរុប​កើន​ដល់​ជាង785គណនី ដែល​ក្នុងនោះ 82.42% ជា​ហរិញ្ញវត្ថុ​ផ្ទាល់ខ្លួន 10.53% ជា​កម្ចី​អចលនទ្រព្យ និង 7.06% ប័ណ្ណឥណទាន។ ដូចគ្នានេះដែរ កំណើន​សមតុល្យ​ប្រាក់កម្ចី​សរុប ក៏មាន​ការ​ថមថយ​ម​ក​ត្រឹម 6.59% ក្នុង​ត្រីមាស​ទី2 ឆ្នាំ2017 ធៀប​នឹង​ត្រីមាស​ទី1 កើនឡើង 14.97%។ ករណីនេះ​ធ្វើឱ្យ​សមតុល្យ​ឥណទាន​កើនឡើង​ដល់ 3.87% ប៊ី​លាន​ដុល្លារ​ដែល​ក្នុងនោះ​វា​នៅតែ​ត្រូវបាន​បែងចែក​ស្មើគ្នា​រវាង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន50.24% ទោះបីជា​ប័ណ្ណឥណទាន​នៅតែមាន​ចំណែក​មួយ​ដ៍​តូច​ដែល​ទាប​ជាង 1% ក្តី។

3.អំពី​គុណភាព​ប្រាក់កម្ចី​លក្ខណៈ​បុគ្គល៖ ទិដ្ឋភាព​ទូទៅ​របស់​ប្រទេស​កម្ពុជា​នៅតែ​មិនមាន​ការប្រែប្រួល​ខ្លាំង​ទាក់ទង​ទៅនឹង​ប្រាក់កម្ចី​ដែល​មិនមាន​ដំណើរការ(30ថ្ងៃ)ដែលជា​ប្រាក់កម្ចី ដែល​កូនបំណុល​មិនមាន​លទ្ធភាព​ទូទាត់​តាម​ថ្ងៃ​កំណត់​ក្នុងអំឡុងពេល30ថ្ងៃនេះ វា​បាន​កើនឡើង​តិចតួច​ដល់1.70% ក្នុង​ត្រីមាស​នេះ ធៀប​នឹង1.62% ក្នុង​ត្រីមាស​ទី2 ឆ្នាំ2017។

គួរ​បញ្ជាក់ថា ស្ទើរតែ 80% នៃ​ប្រជាជន​កម្ពុជា​បន្ត​ប្រើ​សេវា​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែមួយ​ដែល​វា​បាន​កាត់បន្ថយ​ហានិភ័យ​លើ​ការទូទាត់​ប្រាក់​ដើម។ មិន​តែ​ប៉ុ​ណ្នោះ អតិថិជន​ដែលមាន​គណនី​តែមួយ​មាន​ចំនួន 70% នៃ​អតិថិជន​សរុប ចំណែក​អតិថិជន​ដែលមាន​គណនី​ចាប់ពី2ឡើងទៅ​មាន​ចំនួន​ត្រឹមតែ 30% ប៉ុណ្ណោះ៕

Advertisement