ផ្សារ​ទំនើប Parkson Mall នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ

ភ្នំពេញៈ នៅ​ទីបំផុត​មាន​ដំណឹង​ល្អ​មួយ​ទៀតហើយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ​ដោយ​ផ្សារ​ទំនើប Parkson Mall ដែលមាន​កម្ពស់9ជាន់ និង​រៀបចំ​តាម​ស្តង់ដា​អន្តរជាតិ​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ ឬ​ដើមឆ្នាំ​ក្រោយ​នេះហើយ។

លោក ROFY OTHSMAN នាយក​គ្រប់គ្រង​ផ្សារ​ទំនើប Parkson Mall នៅ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក​កាលពី​ម្សិលមិញ​នេះ​ថា ផ្សារ​ទំនើប​នេះ​បាន​បើក​ដំណើរការ​សាងសង់​កាល​ពី​ចុងឆ្នាំ2012 ដែលមាន​គោលដៅ​មិន​ត្រឹមតែ​ធ្វើជា​កន្លែង​កម្សាន្ត និង​ដើរ​ទិញ​ទំនិញ​របស់​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​វា​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ពិសេស​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាជាង4,000នាក់​ក្នុង​មួយថ្ងៃ ព្រោះ​អគារ​ផ្សារ​ទំនើប​នេះ​មាន​ទំហំ165,000ម៉ែត្រការ៉េ បូក​ទាំង​សណ្ឋាគារ​ជាង50,000ម៉ែត្រការ៉េ និង​មាន​បន្ទប់​ជាង400បន្ទប់ ស្មើនឹង22ម៉ឺន​ម៉ែត្រការ៉េ​ទៀតផង។

លោក​បន្តថា ទេសចរ​ដែល​មក​កម្ពុ​ជា ពួកគេ​មិន​ត្រឹមតែ​អាចមក​កម្សាន្ត​និង​អាច​ដើរ​ទិញ​ទំនិញ​ប៉ុណ្ណោះ​ទេ តែ​ផ្សារ​ទំនើប​នេះ​ថែមទាំង​ជា​ផលិតផល​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​រដ្ឋាភិបាល​ក៏​ទទួលបាន​ចំណូល​ពន្ធ​ច្រើន​ផងដែរ។

ផ្សារ​នេះ​នឹង​បើក​ចាប់ពី​ម៉ោង9ព្រឹក​ដល់​ម៉ោង10យប់ និង​កន្លែង​កម្សាន្ត​បើក​រហូតដល់​ម៉ោង2ទៀបភ្លឺ ដោយសារ​ផ្សារ​នេះ​មាន​រោងភាពយន្ត​ចំនួន9 មាន​កន្លែង​ហាត់ប្រាណ​លេង​បូ​វ៍​លីង​ដល់​ទៅ30លេន និង​មាន​សេវា​កម្សាន្ត​ជាច្រើន​ទៀត ពិសេស​ការរៀបចំ​តុបតែង​ធ្វើឡើង​តាម​ស្តង់ដារ​អន្តរជាតិ​ទាំងអស់។ ផ្សារ​នេះ​អាច​ចត​រថយន្ត​បាន​ប្រមាណ1,500គ្រឿង និង​ម៉ូតូ3,000គ្រឿង។

លោក ROFY OTHSMAN បាន​បន្ត​ឲ្យ​ដឹងថា ជាន់​ក្រោម​នៃ​ផ្សារ​ទំនើប​នេះ​ជា​Super Market ជាន់​ទី1ជា​កន្លែង​លក់​គ្រឿងក្រអូប​ទូទៅ ជាន់​ទី2ជា​កន្លែង​លក់​គ្រឿងក្រអូប​សម្រាប់​នារី ជាន់​ទី3ជា​កន្លែង​លក់​សម្លៀកបំពាក់ ជាន់​ទី4ជា​កន្លែង​លក់​សម្លៀកបំពាក់​បុរស និង​គ្រឿង​ប្រើប្រាស់ផ្សេងៗទៀត ជាន់​ទី5ជា​កន្លែង​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ ជាន់​ទី6ជា​កន្លែង​លក់​គ្រឿង​អេឡិចត្រូនិក ជាន់​ទី៧ជា​កន្លែង​លក់​សម្ភារ​ព័ត៌មានវិទ្យា មានដូចជា​ទូរស័ព្ទ ជាដើម ជាន់​ទី8ជា​កន្លែង​លក់​គ្រឿងសង្ហារិមផ្សេងៗសម្រាប់​លំនៅដ្ឋាន និង​ជាន់​ទី9ជា​រោងភាពយន្ត និង​កន្លែង​លេង​បូ​វ៍​លីង ជាដើម។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី1ឆ្នាំនេះ អត្រា​ប្រើប្រាស់​ផ្សារ​ទំនើប​បាន​កើនឡើង​ចន្លោះ​ពី20ទៅ30ភាគរយ​ក្នុង​ឆមាស​ទី1ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​តម្លៃ​ជួល​មានការ​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ដោយ​តម្លៃ​ជួល​ផ្សារ​កម្រិត​Aមានតម្លៃ​ចន្លោះ35ទៅ40ដុល្លារ កម្រិត​Bមានតម្លៃ​ចន្លោះ​ពី25ទៅ30ដុល្លារ និង​កម្រិត​Cមានតម្លៃ​ចន្លោះ​ពី12ទៅ25ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ៕

Advertisement