Everton យល់ព្រម​លើ​តម្លៃ​ខ្លួន45លាន​ផោន​ដើម្បី​ផ្ទេរ Sigurdsson ពី Swansea

ក្លិប​ទូកក្តោង Everton បាន​យល់ព្រម​លើ​ការផ្ទេរ​មួយ​ដើម្បី​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Gylfi Sigurdsson ពី​ក្លិប Swansea City ក្នុងតម្លៃ​ខ្លួន​ប្រមាណ​ជា 45លាន​ផោន (ស្មើនឹង 58លាន​ដុល្លារ​អាមេរិក)។

ខ្សែបម្រើ​អន្តរជាតិ​អ៊ី​ស្លង់​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី 9គ្រាប់ និង​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រកបាន13គ្រាប់​ផ្សេងទៀត​កាលពី​រដូវ​កាល​មុន​ដើម្បី​ជួយ​ឲ្យ​ក្រុម Swansea គេច​ផុតពី​តំបន់​កាត់ចោល។ Sigurdsson វ័យ27ឆ្នាំ នឹង​ទទួល​ការពិនិត្យ​សុខភាព​នៅ​កីឡដ្ឋាន Goodison Park នា​ថ្ងៃ​ពុធ​នេះ។

Sigurdsson នឹង​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់ Everton តាមរយៈ​ការ​បំបែក​កំណត់ត្រា​ផ្ទេរ​ក្នុង​ទឹកប្រាក់ 31.8លាន​ផោន​ដែល Everton បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Chelsea ដើម្បី​ទិញ​ខ្សែប្រយុទ្ធ Romelu Lukaku កាលពី​ឆ្នាំ2014។ ក្លិប Swansea បានស្នើ​សុំ​តម្លៃ​ខ្លួន50លាន​ផោន​សម្រាប់ Sigurdsson កាលពី​ខែកក្កដា ក្រោយពី​បាន​ច្រានចោល​សំណើ​មួយ​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់40លាន​ផោន ពី​ក្លិប Leicester។ បន្ទាប់មក ក្លិប​របស់​វេ​លស៍​មួយ​នេះ បាន​ច្រានចោល​សំណើ​ក្នុង​ទឹកប្រាក់​ដូចគ្នានេះ​ពី​ក្លិប Everton ដែល​បាន​ចាប់អារម្មណ៍​ទៅលើ​តារា​ឆ្នើម​អន្តរជាតិ​អ៊ី​ស្លង់​រូបនេះ អស់​រយៈពេល​ច្រើនជាង1ឆ្នាំ​មកហើយ។

Spurs នឹង​ទទួលបាន​ប្រាក់ចំណេញ​ចំនួន10ភាគរយ​ពី​លក្ខខណ្ឌ​នៃ​ការលក់​ចេញទៅ​ថ្ងៃ​អនាគត ក្រោយពី​បាន​លក់ Sigudsson ទៅ​ឲ្យ​ក្លិប Swansea ក្នុងការ​ព្រមព្រៀងគ្នា​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​អាច​នាំយក​ខ្សែការពារ Ben Davies និង​អ្នកចាំទី Michel Vorm ទៅកាន់​កីឡដ្ឋាន White Hart Lane៕
ប្រភពព័ត៌មាន៖ BBC

Advertisement