មិនមែន​តែ​អាជីវករ​តូចតាច​ទេ សូម្បី​សណ្ឋាគារ​លំដាប់​ផ្កាយ​ក៏​មិន​លើកលែង​ដែរ

ភ្នំពេញ៖ មិនមែន​តែ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ប៉ុណ្ណោះ​ទេ ងាក​មក​ខណ្ឌដូនពេញ​ឯណេះ​វិញ  ក្រុមការងារ​ជំនាញ​ខណ្ឌ​កាលពី​ម្សិលមិញ​នេះ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ ដោយបាន​វាយកម្ទេច​សំណង់​រឹង​សង់​រំលោភ​ចំណីផ្លូវ​របស់​សណ្ឋាគារ​ប៉ាស៊ីហ្វិក​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី2។

លោក ចាប ឌី​ណា នាយករង​រដ្ឋបាល​ខ​ណ្ឌ​ដូនពេញ​ដែល​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ និង​រុះរើ​សំណង់​សង់​រំលោភ​ចំណីផ្លូវ​ខាងលើ និង​បាន​ណែនាំ​ដល់​ថ្នាក់​គ្រប់គ្រង​សណ្ឋាគារ កុំឱ្យ​សង់​សំណង់​រំលោភ​ចំណី​ថ្នល់​សាធារណៈ​ដូច្នេះ​ទៀត ចៀសវាង​កុំឱ្យ​បង្ក​ផលប៉ះពាល់ផ្សេងៗដល់​សាធារណជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ។ ចំណែក​គណៈ​គ្រប់គ្រង​សណ្ឋាគារ​ក៍បាន​ឯកភាព​ចូលរួម​វាយ​សំណង់​រំលោភ​លើ​ចំណី​ថ្នល់​ខាងលើ​នោះ​ចោល​ដែរ។

គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី9 ខែសីហា ឆ្នាំ2017សាលា​រាជធានី​បាន​ណែនាំ​ឱ្យ​ខណ្ឌ​ទាំង12 ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ដែលជា​កត្តា​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ លើកកម្ពស់​កិត្តិយស​ជាតិ និង​កាត់បន្ថយ​ឱ្យបាន​នូវ​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ។ ដើម្បីឱ្យ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​ចរាចរណ៍​បានល្អ​ប្រសើរ​នេះ សាលា​រាជធានី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ គណៈបញ្ជាការ​គ្រប់​ខណ្ឌ និង​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​ខាងក្រោម​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត៕

មាន​វីដេអូ

Advertisement