សេវា​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា មាន​ភាពប្រសើរ​ជាង​ប្រទេស​មួយចំនួនក្នុង​អាស៊ាន

ភ្នំពេញៈ ទន្ទឹមនឹង​ការកើនឡើង​នូវ​ភាព​ប្រកួតប្រជែង និង​ការបង្កើន​គុណភាព​អាជីវកម្ម​បានធ្វើ​ឲ្យ​សេវាកម្ម​បដិសណ្ឋារកិច្ច​នៅក្នុង​ផ្នែក​សណ្ឋាគារ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី16 សីហា​នេះ​ថា សេវា​បដិសណ្ឋារកិច្ចរ​បស់​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរឡើង និង​កំពុង​នាំមុខ​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ដោយសារ​ភាពរួស​រាយ​រាក់ទាក់ បដិសណ្ឋារកិច្ចផ្សេងៗល្អ បរិយាកាស​ជុំវិញ​ល្អ និង​ការរៀបចំ​រចនា​តុបតែង​លម្អ​សណ្ឋាគារ​កាន់តែ​មាន​ភាព​ទាក់ទាញ។ លោក​បន្តថា ទោះជា​យ៉ាងណា​វិស័យនេះ​កំពុងមាន​ភាព​ប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង និង​ជាការ​ប្រកួតប្រជែង​យ៉ាង​គ្មាន​តម្លាភាព​ដោយសារ​ម្ចាស់​សណ្ឋាគារធំៗមួយចំនួន​បាន​លក់​បញ្ចុះតម្លៃ​បន្ទប់​របស់ខ្លួន។

លោក​បន្តថា “ក្រសួងទេសចរណ៍​គួរ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​លើ​ម្ចាស់​សណ្ឋាគារ​ទាំងនោះ ពិសេស​គួរ​មានការ​ពង្រឹង​បទដ្ឋាន​ការងារ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការប្រមូល​ពន្ធ​ចូល​ថវិកាជាតិ​បាន​ច្រើនជាង​មុន។ លោក​បន្តថា “ទោះជា​កំណើន​ភ្ញៀវទេសចរ​បន្ត​កើនឡើង​ក្តី ប៉ុន្តែ​ការប្រកួតប្រជែង​ក៏​កើនឡើង​ដែរ ដោយសារ​មាន​ចំនួន​សណ្ឋាគារថ្មីៗជាច្រើន​បានដាក់​ដំណើរការ។

លោក លូ ម៉េង សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​ធ្លាប់បាន​ថ្លែងថា វិស័យ​បដិសណ្ឋារកិច្ច​នៅក្នុង​វិស័យ​សណ្ឋាគារ និង​ម្ហូបអាហារ​នានា​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​នៅ​កម្ពុជា ហើយ​គុណភាព​សេវាកម្ម និង​បដិសណ្ឋារកិច្ច​នេះ​កម្ពុជា​ពិតជា​មានការ​នាំមុខ​លើ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​មែន។ លោក​បន្តថា ប្រសិនជា​និយាយ​ពី​វិស័យ​ម្ហូបអាហារ​វិញ យើង​មាន​សេវាកម្ម​សម្បូរបែប​ដែល​ភ្ញៀវ​អាច​កុម្ម៉ង់​ម្ហូបអាហារ​ប្លែក​មុខផ្សេងៗគ្នា​ពិសា​បាន​រហូតដល់​មួយ​សប្តាហ៍​ឯណោះ៕

Advertisement