អ្នក​ចូលចិត្ត​ញ៉ាំ​បង្គា​គួរ​ប្រយ័ត្ន​ផង ព្រោះ​មាន​ផ្ទុក​ជាតិ Formaline ច្រើនណាស់!!!

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់ឆ្នេរ​សមុទ្រ​កំពត ឬ​កំពង់សោម តែង​ប្រាថ្នា​បរិភោគ​បង្គា​ស្រស់​ដែល​ដាក់លក់​នៅ​ទីនោះ ដោយ​គិតថា​ជា​ប្រភេទ​បង្គា​ដែល​អ្នកនេសាទ​ស្រង់​មកថ្មីៗពី​សមុទ្រ​គ្មាន​សារធាតុ​គីមី ប៉ុន្តែ​វា​មិនមែន​ដូច្នោះ​ទាំងអស់​នោះទេ បង្គា​មួយចំនួន​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​ទៅដោយ​សារធាតុ​គីមី​ហ្វ័​រក​ម៉ុ​ល(Formaline)ទៀតផង។

កាល​ព្រឹក​ថ្ងៃទី15 ខែសីហា ឆ្នាំ2017កន្លងទៅនេះ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើតេស្ត​លើ​អាហារ​សមុទ្រ​ស្រស់(បង្គា មឹក) ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ​ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ម្ហូបអាហារ​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារលើ​ក្នុង​ក្រុងព្រះសីហនុ។

ជា​លទ្ធផល ការធ្វើ​តេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​រកឃើញ និង​ដកហូត​បង្គា​ចំនួន13គីឡូក្រាម​ដែលមាន​ដាក់​លាយ​សារ​ធាតុគីមី (Formaline) ហាមឃាត់​និង​បានឱ្យ​ម្ចាស់​បង្គា​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​នេះ​បន្តទៀត និង​ក្នុងករណី​មិន​រាងចាល​នឹង​អនុវត្តតាម​ផ្លូវច្បាប់​ជា​បន្ត។ ក្រោយពី​ធ្វើការ​ដកហូត​រួច ក្រុមការងារ​បានធ្វើកា​រ​ដុត​កម្ទេចចោល ដោយមាន​ការយល់ព្រម និង​ចូលរួម​ពី​ម្ចាស់​ទំនិញ​ផងដែរ។

គួរ​បញ្ជាក់ថា ជាទូទៅ​សារធាតុ​ហ្វ័​រក​ម៉ុ​ល ហៅ​ជា​ភាសា​អង់គ្លេស​ថា Formaline នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជាមួយ​សាកសព​ដើម្បី​រក្សា​សភាព​ទុកឱ្យ​បានយូរ​កុំឱ្យ​ធំក្លិន​សាយភាយ ប៉ុន្តែ​អាជីវករ និង​ជនខិលខូច​មួយចំនួន​បាន​យក​សារធាតុ​ហ្វ័​រក​ម៉ុ​ល​នេះ​មក​ដា​ក់លើ​ត្រី​សាច់​ដើម្បី​រក្សាទុក​បានយូរ កុំឱ្យ​ស្អុយ ហើយ​ប្រសិនបើ​អ្នក​មិនដឹង ទទួលទាន​អាហារ​ដែល​ផ្ទុក​សារធាតុ​ហ្វ័​រក​ម៉ុ​ល​នេះ​ចូលទៅ វា​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព៕

Advertisement