អគារ​ពាណិជ្ជកម្ម​លំដាប់​កម្រិត (A) EXCHANGE SQUARE ផ្តើម​ដំណើរការ​ជា​ផ្លូវការ

ភ្នំពេញៈ គម្រោង​អគារ​ពាណិជ្ជកម្ម Exchange Square ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hongkong Land បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ ដោយបាន​នាំយកមក​នូវ​គំរូ​ស្តង់ដារ​អគារ​ពាណិជ្ជកម្ម​ដែលមាន​ការិយាល័យ និង​ហាង​លក់ទំនិញ​ល្បី​កម្រិត ​A ថ្មី​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

តំណាង​ក្រុមហ៊ុន Hongkong Land លោកស្រី ដន ស៊ូ បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​អគារ​ពាណិជ្ជ​កម្មនេះ នៅ​ព្រឹក​ថ្ងៃទី16 ខែសីហា​នេះ​ថា អ៊ិ​ច​ឆេង ស​ឃ្វែរ (EXCHANGE SQUARE)គឺជា​គម្រោង​អភិវឌ្ឍន៍​ពេញ​ដោយ​កិត្យានុភាព​ថ្មី​ចុងក្រោយ​បំផុត​របស់ Hongkong Land នៅក្នុង​តំបន់​ដែលមាន​ពាណិជ្ជកម្ម​រីកលូតលាស់​របស់​អាស៊ាន ហើយ​យើង​ជឿជាក់ថា គម្រោង​នេះ​នឹង​នាំមក​នូវ​មុខមាត់​ថ្មី​ដល់​រាជធានី​ភ្នំពេញ។ លោកស្រី​បន្តថា ផលប្រយោជន៍ និង​ការប្ដេជ្ញាចិត្ត ដែល​យើង​បាន​មើលឃើញ​ពី​ការជួល​អគារ គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា EXCHANGE SQUARE កំពុង​ប្រែក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហាង​លក់ទំនិញ​នៅក្នុង​រាជធានី​យ៉ាង​ឆាប់រហ័ស ហើយ​យើង​សម្លឹង​ទៅរក​ភាព​រីកចម្រើន​រួមគ្នា ជាមួយ​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​នាពេល​អនាគត។

លោកស្រី​បន្តថា Hongkong Land ត្រូវបាន​ទទួលស្គាល់​ដោយសារ​គុណភាព​សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ និង​សេវា​បម្រើ​អតិថិជន​នៅ​ទូទាំង​តំបន់ ហើយ​គេ​រំពឹងថា EXCHANGE SQUARE នឹង​ក្លាយជា​គំរូ​ស្ដង់ដារ​នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ និង​កម្ពុជា។ ក្រុមហ៊ុន​ក៏មាន​ការិយាល័យ​កម្រិត A អចលនទ្រព្យ​សម្រាប់​ការប្រើប្រាស់​ចម្រុះ និង​ហាង​លក់ដូរ​ទំនិញ​នៅ​ហុងកុង ចិន សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​ផងដែរ។ Hongkong Land គឺជា​ក្រុម​សម្ព័ន្ធ​វិនិយោគ គ្រប់គ្រង និង​អភិវឌ្ឍ​អចលនទ្រព្យ​មាន​ចុះ​បញ្ជិកា​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ1889។ ធុរកិច្ច​របស់ Hong kong Land ត្រូវបាន​កសាងឡើង​ដោយ​ឈរលើ​ឧត្តមភាព សុចរិត​ភាព និង​ភាពជា​ដៃគូ។

អគារ​ពាណិជ្ជកម្ម​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អាជីវកម្មធំៗដែលមាន​តម្រូវ​ការជួល​អគារ​ដូចជា Hard Rock Café, Legend Premium Cinema, Lucky Premium Supermarket និង Nham Central ដែលជា​បណ្ដុំ​អាហារ​ដ្ឋា​ន​ទំនើប​ក្នុង​រយៈពេល​ត្រឹមតែ2ខែ បន្ទាប់ពី​បាន​បើក​ដំណើរការ​កាលពី​ខែមិថុនា។ អគារ​នេះ​មាន​ការិយាល័យ​កម្រិត A ចំនួន16ជាន់​ដែលមាន​ផ្ទៃក្រឡា 39,700 ម៉ែត្រការ៉េ ផ្នែក​ខាងក្រោម​ចំនួន4ជាន់​សម្រាប់​ហាង​លក់ទំនិញ និង​អាហារ​ដ្ឋា​ន​ដែល​បាន​ដំណើរការ70ភាគរយ​ហើយ៕

Advertisement