វិធានការ​ក្ដៅ ដើម្បី​រក្សា​សន្ដិសុខ​រាជធានី​ភ្នំពេញ​ត្រូវបាន​អនុវត្ដ​ហើយ…

ភ្នំពេញ –  ដើម្បី​ចូលរួម​រៀបចំ​សណ្ដាប់ធ្នាប់ រក្សា​សន្ដិសុខ ក៏ដូចជា​ការទប់ស្កាត់​អំពើចោរកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ដែរនោះ ថ្មីៗនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​មួយចំនួន​បានចាប់ផ្ដើម​បញ្ចេញ​សកម្មភាព ឬ​វិធានការ​ក្ដៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​កុងស៊ីបញ្ចាំ​ខុសច្បាប់​ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​កុងស៊ី​ទទួល​បញ្ចាំ​របស់​ខុសច្បាប់។

ដោយមាន​ការណែនាំ​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ និង​ទប់ស្កាត់​បទល្មើស​ចោរកម្ម បាន​តម្រូវឱ្យ​កុងស៊ីបញ្ចាំ​ខុសច្បាប់​ទាំងអស់​ត្រូវ​ផ្អាក​ដំណើរការ និង​សុំច្បាប់​ធ្វើ​អាជីវកម្ម​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​ផ្លូវច្បាប់។ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌនីមួយៗនឹង​ចាប់ផ្ដើម​បញ្ចេញ​សកម្មភាព​ក្នុង​ការចុះ​ត្រួតពិនិត្យ​ជា​បន្ដបន្ទាប់​ហើយ។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​Live ផ្ទាល់​នូវ​សកម្មភាព​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​មួយចំនួន ដូចជា​ខណ្ឌទួលគោក  និង​ខណ្ឌ​សែន​សុខ​ជាដើម ក្នុងការ​ចុះបង្ក្រាប​កុងស៊ីបញ្ចាំ​ខុសច្បាប់។

គួរ​បញ្ជាក់ថា នេះ​មិនមែនជា​វិធានការ​ក្ដៅ​លើកទីមួយ​ទេ​ដែល​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​បែបនេះ​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាមួយនឹង​សកម្មភាព​នេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សាទរ​ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ចង់ឃើញ​សកម្មភាព​ទាំងនេះ នៅតែ​បន្ដធ្វើ​ឱ្យបាន​ជាប់​រហូត​ដូច​ភ្លៀងរលឹម ខណៈពេលដែល​ឯកឧត្ដម ឃួ​ង ស្រេង ទើបតែ​ឡើងកាន់តំណែង​បានតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ៕

Advertisement