លោក Vitorino៖ កម្ពុជា U23 នឹង​ទទួលបាន​បទពិសោធ​កាន់តែច្រើន​ពេល​ប៉ះ​វៀតណាម​ថ្ងៃនេះ 

លោក Leonardo Vitorino ជឿជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម23ឆ្នាំ នឹង​បង្ហាញ​ពី​ទម្រង់​លេង​កាន់តែ​ល្អប្រសើរ និង​ទទួលបាន​បទពិសោធ​កាន់តែច្រើន នៅពេលដែល​ពួកគេ​ប្រកួត​ជាមួយនឹង​ក្រុម​ជើង​ខ្លាំង​វៀតណាម​អាយុ​ក្រោម23 ក្នុងការ​ប្រកួត​ជុំ​ទី2នៃ​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃនេះ។

ក្រុម​ជម្រើសជាតិ​កម្ពុជា U23 បាន​ជួប​ការខកចិត្ត​នៅ​ថ្ងៃ​ប្រកួត​បើកឆាក​នៃ​ពូ​ល B កាលពី​ថ្ងៃ​អង្គារ ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន U23 និង​បាន​បាត់បង់​ខ្សែការពារ​ម្នាក់​គឺ​ឆោម ភី​សា ដោយសារតែ​ការទទួល​ការពិន័យ​កាត​ក្រហម​នៅពេល​ជិត​បញ្ចប់​ការប្រកួត។ ប៉ុន្តែ បន្ទាប់ពី​ការប្រកួត​នេះ លោក Vitorino បាន​មើលឃើញថា ក្រុម​របស់លោក​នៅ​ខ្វះ​បទពិសោធ​ក្នុងពេល​លេង​ក្រៅ​ទឹកដី ក៏ដូចជា​បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន ពិសេស​ក្នុង​តង់​ទី2។

គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ឲ្យ​ដឹងថា៖ «យើង​បានធ្វើ​ឲ្យ​បាត់បង់​បាល់​ជាច្រើន​ក្នុង​តង់​ទី1ពិសេស​នៅ​តំបន់​បម្រើ។ ក្នុងការ​ប្រកួត​តង់​ទី2 យើង​លេង​បានល្អ​ប្រសើរ និង​បាន​បង្កើត​ឱកាស​នៅមុខ​ទី​គូប្រកួត​ជាច្រើន​ដង តែ​ធ្វើ​មិនបាន​សម្រេច។ ក្រុមយុវជន​របស់​យើង​ក៏​នៅ​ខ្វះ​បទពិសោធ​ផងដែរ»។ ដោយឡែក ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម U23 ដែលជា​គូប្រកួត​របស់​កម្ពុជា​នៅថ្ងៃនេះ បានចាប់ផ្តើម​យ៉ាង​ល្អ តាមរយៈ​ការ​ផ្តួល​ក្រុម​ជម្រើសជាតិ​ទី​ម័​រ យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 4-0 ក្នុងការ​ប្រកួត​ក្នុង​ពូ​ល​ដូចគ្នានេះ។

វៀតណាម គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស្របពេល​ដែល​លោក Vitorino ក៏​ទទួលស្គាល់​ពី​ភាពខ្លាំង​របស់​គូប្រកួត​ដែលជា​ប្រទេសជិតខាង​របស់​កម្ពុជា​មួយ​នេះ​ផងដែរ។ លោក​បាន​ឲ្យ​ដឹងថា៖ «វៀតណាម គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ​ប្រចាំ​យុទ្ធនាការ​នេះ។ ពួកគេ​មាន​កម្រិត​នៃ​ការលេង​បាល់ទាត់​យ៉ាង​ល្អ និង​ប្រជុំ​ដោយ​កីឡាករឆ្នើមៗជាច្រើន»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា ក្រុម​កម្ពុជា U23 នឹង​បង្ហាញ​ពី​ទម្រង់​លេង​បានល្អ​ប្រសើរ​ជាង​ការប្រកួត​លើក​ទី1។ លោក Vitorino បាន​និយាយថា៖ «ជាការ​រំពឹងទុក ខ្ញុំ​ជឿជាក់ថា ក្រុម​របស់ខ្ញុំ នឹង​បន្តធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន ទាំង​ទម្រង់​លេង​ជា​ក្រុម និង​ជា​បុគ្គលិក។ ជាមួយនឹង​ការ​មាន​បទពិសោធ​តិចតួច​ក្នុង​ដៃ ការប្រកួត​ថ្ងៃនេះ នឹង​ផ្តល់​ឲ្យ​ក្រុមយុវជន​កម្ពុជា​ទទួល​បាន​បទពិសោធ​កាន់តែច្រើន»។ ក្នុងការ​ប្រកួត​ក្នុង​ពូ​ល​តែមួយ​នា​ថ្ងៃនេះ​ផងដែរ ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី នឹងត្រូវ​ប៉ះ​ជាមួយនឹង​ហ្វីលីពីន ខណៈដែល​ជើង​ខ្លាំង​ថៃ ប្រកួត​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ៕

កម្មវិធី​ប្រកួត​ថ្ងៃនេះ
Vietnam U23 Vs Cambodia U23 ម៉ោង 3 រសៀល
Indonesia U23 Vs Philippines U23 ម៉ោង 7:45 យប់
Thailand U23 Vs East Timor U23 ម៉ោង 7:45 យប់

Advertisement